en     km
en     km

ទស្សនៈ​អ្នកវិភាគ​សេដ្ឋកិច្ច​ ពី​កំណើន​នៃ​ការ​នាំ​អង្ករ​ចេញ​ក្រៅប្រទេស​

Share

cover-Rice-Product
​យោង​តាម​របាយការណ៍​ផ្លូវការ​របស់​ក្រុមហ៊ុន​ អេ​ម​រុ​ រ៉ា​យស៍​ ខេ​ម​បូ​ឌា​ បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​ អង្ករ​ពី​កម្ពុជា​ ទៅ​ក្រៅប្រទេស​គឺ​មាន​ កំណើន​កើន​ ៤០%​ ដែល​ស្មើ​ប្រមាណ​ ៥០​ ម៉ឺន​តោន​ សម្រាប់​ឆ្នាំ​២០១៥​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤​។​ ក៏​ប៉ុន្ដែ​កំណើន​នេះ​ អ្នកវិភាគ​សេដ្ឋកិច្ច​ យល់​ថា​ គឺ​មាន​ផល​ចំណេញ​ខ្ពស់​គាប់​ពពក​សម្រាប់​ក្រុម​ឈ្មួញ​ ជា​ជាង​ប្រជា​កសិករ​។

​លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​ បាន​មាន​ប្រសាសន៍​ ប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័​ត៍​មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​ ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ បើ​មើលទៅ​លើ​កំណើន​នៃ​ការ​នាំ​អង្ករ​ចេញ​នេះ​ គឺ​ពិតជា​ល្អ​ ដែល​អាច​ចាត់ទុកជា​ កំណើនសេដ្ឋកិច្ច​របស់​ជាតិ​បាន​។​ ប៉ុន្ដែ​លោក​ថា​ ប្រយោជន៍​ពី​កំណើន​នេះ​ត្រូវ​បាន​បែងចែក​ រវាង​កសិករ​ និង​ឈ្មួញ​ ជា​ទូទៅ​ឈ្មួញ​តែង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​កសិករ​ ដោយសារ​ កសិករ​គាត់​លក់​ស្រូវ​នៅ​នឹង​ស្រែ​ផ្ទាល់​ ដោយ​ពុំ​បាន​យក​ទៅ​កែ​ច្នៃ​ជា​អង្ករ​ ទើប​ជា​ហេតុ​បណ្ដាល​ឱ្យ​គាត់​ បាន​ផល​ចំណេញ​តិច​ដាច់​ឆ្ងាយ​ជាង​ឈ្មួញ​។​

លោក​ គី​ សេរី​វឌ្ឍន៍​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ប្រសិនជា​កសិករ​ចង់បាន​ផល​ចំណេញ​ច្រើន​ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​គាត់​ កសិករ​គួរ​បង្កើត​ជា​សហគមន៍​ ដើម្បី​គាំទ្រ​ពី​តម្លៃ​អង្ករ​ និង​កាត់​បន្ថយ​ចំនាយ​លើ​ការ​ដឹង​ជញ្ជូន​ ជា​ពិសេស​កសិករ​ត្រូវ​ព្យាយាម​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ជី​ ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ចៀសវាង​ការ​ចំណាយ​ប្រាក់​ច្រើន​ឥ​ប្រយោជន៍​ ហើយ​បាន​ផល​មក​វិញ​តិចតួច​។​

លោក​បន្ថែម​ថា​៖​ «​ជា​ទូទៅ​កសិករ​ទទួល​បាន​ផលប្រយោជន៍​តិច​ ។​ មូលហេតុ​ដែល​ខ្ញុំ​ថា​តិច​ ព្រោះ​កសិករ​គាត់​លក់​ស្រូវ​នៅ​នឹង​ស្រែ​ គាត់​មិន​បាន​ដឹក​ជញ្ជូន​ គាត់​មិន​បាន​កែ​ច្នៃ​អ្វី​ទេ​ ។​ អ​ញ្ចឹ​ង​អ្នក​ដែល​បាន​ផល​ច្រើន​គឺ​ ឈ្មូ​ញ​ដែល​ទិញ​ហើយ​យក​ទៅ​កែ​ច្នៃ​ដើម្បី​នាំ​ចេញ​»​។​

ចំណែក​ លោក​ សម​ វិទូ​ នាយក​ប្រតិបត្ដិ​នៃ​អង្គការ​ សេ​ដាក​ បាន​មាន​ប្រសាសន៍​ដែរ​ថា​ បើ​ទោះបី​កំណើន​នៃ​សេដ្ឋកិច្ច​ តិច​ឬ​ក៏​ច្រើន​ក៏​វា​មាន​ផលប្រយោជន៍​ដល់​កសិករ​ដែរ​ ព្រោះ​វា​បាន​បង្កើត​ការងារ​ដល់​កសិករ​ ហើយ​កសិករ​មាន​ចំណូល​ ក៏​ប៉ុន្ដែ​កសិករ​នៅ​តែ​ទទួលផល​តិចតួច​ជាង​ ឈ្មួញ​ដែល​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​នៅឡើយ​ទេ​។​

លោក​ក៏​បាន​បន្ថែម​ថា​ កត្ដា​ដែល​បណ្ដាល​ឱ្យ​កសិករ​បាន​ផល​ចំណេញ​ពី​កំណើនសេដ្ឋកិច្ច​ទាប​ដូចនេះ​ ដោយសារ​កង្វះខាត​ទឹក​ ទំនិញ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​គាត់​លំបាក​ក្នុង​ការ​ផលិត​ទិន្នផល​កសិកម្ម​។​

លោក​ សម​ វិទូ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ រដ្ឋាភិបាល​គួរតែ​បញ្ចុះតម្លៃ​ប្រេង​ តម្លៃ​ជី​ និង​ចុះ​ផ្សព្វផ្សាយ​ បច្ចេកទេស​កសិកម្ម​ ដល់​កសិករ​ ឱ្យ​បាន​យល់​ពី​វិធី​ដែល​អាច​ទទួល​បាន​ទិន្នផល​ច្រើន​ និង​ងាយ​ជាង​ ការ​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​។​

លោក​បន្ថែម​ថា​៖​ «​បើសិនជា​រដ្ឋាភិបាល​ចង់​ជួយ​កសិករ​ មាន​ន័យ​ថា​គាត់​ត្រូវ​ទៅ​ផ្សព្វផ្សាយ​ បច្ចេកទេស​កសិកម្ម​ ដល់​កសិករ​ឱ្យ​គាត់​អាច​ផលិត​ ហើយ​តម្លៃ​ថោក​ ទាក់ទង​ទៅ​នឹង​តម្លៃ​ប្រេង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ នោះ​ការ​ផលិត​របស់​គាត់​បាន​ច្រើន​ ហើយ​ទទួល​បាន​ទិន្នផល​ច្រើន​ជាង​មុន​»​។​

​សូម​ជម្រាប​ថា​ សម្ដេច​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​ថា​កម្ពុជា​ នឹង​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​ឱ្យ​បាន​ ១​លាន​តោន​ ក្នុង​ឆ្នាំ​២០១៥​ តែ​ការ​រំពឹង​ទុក​របស់​រាជរដ្ឋាភិបាល​ ពុំ​បាន​ដូច​បំណង​ឡើយ​ ដោយ​ការ​នាំ​អង្ករ​ចេញ​បាន​កើន​ជាង​ឆ្នាំ​២០១៤​ ត្រឹម​ ៤០%​ ដែល​ស្មើ​ប្រមាណ​​ ៥០​ ម៉ឺន​តោន​ ពាក់កណ្ដាល​ពី​ការ​ប្រកាស​ប៉ុណ្ណោះ​ នេះ​បើ​យោង​ទៅ​តាម​ការ​ចេញផ្សាយ​ របាយការណ៍​ប្រចាំឆ្នាំ​ ដែល​ចេញ​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​សុក្រ​ ស​ប្ដា​ហ៍​មុន​របស់​ក្រុមហ៊ុន​ អេ​ម​រុ​ រ៉ា​យស៍​ ខាម​បូ​ឌា​៕

Share

Image
Image
Image