en     km
en     km

ទស្សនកិច្ច​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ខាង​មុខ​នេះ​ គឺជា​ការ​រំពឹង​ពី​ ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ តាម​សេចក្ដីថ្លែងការណ៍​ របស់​ក្រសួងការបរទេស​កម្ពុជា​ លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ជប៉ុន​ តា​រ៉ូ​កូ​ណូ​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅ​ដើមខែ​មេ​ខាង​មុខ​។​ ទស្សនកិច្ច​នេះ​សំដៅ​ ពង្រឹង​ចំណងទាក់ទង​ការទូត​ រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ជា​ការ​ប្រារព្ធ​ខួប​ ៦៥​ឆ្នាំ​។​ ប៉ុន្ដែ​ទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ទីប្រឹក្សា​ នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ បាន​មក​កាន់​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា​ ដោយ​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​ និង​គណបក្សប្រឆាំង​ជួប​ចរចា​គ្នា​ឡើង​វិញ​ ។​ តែ​សំណើ​នេះ​ហាក់​មិន​ទទួល​បានការ​សាទរ​ឡើយ​ ពី​បក្ស​កាន់​អំណាច​។​ តាម​រយៈ​ទស្សនកិច្ច​របស់​លោក​ តា​រ៉ូ​កូ​ណូ​ នាំ​ឲ្យ​អ្នក​សង្កេតការណ៍​ផ្ដល់​អនុសាសន៍​ថា​ កម្ពុជា​ត្រូវ​ទទួលយក​សំណើ​ជប៉ុន​ជា​ជាង​ ធ្វើ​ឲ្យ​ជប៉ុន​ខកចិត្ដ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែមីនា​នេះ​ បាន​បង្ហាញ​ជា​ច្រើន​អំពី​តម្លៃ​ និង​គុណសម្បត្ដិ​ នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​ជប៉ុន​នាំ​ឲ្យ​ កម្ពុជា​សរសើរ​ជប៉ុន​ជា​ខ្លាំង​ ថា​ ជា​ប្រទេស​មួយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ។​ បន្ថែម​លើ​នេះ​ កម្ពុជា​ទទួលស្គាល់​ជំនួយ​របស់​ជប៉ុន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ របស់​កម្ពុជា​ទៀត​ផង​។​ ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ ភាគី​កម្ពុជា​ បាន​ពន្យល់​ភាគី​ជប៉ុន​ ពី​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​ ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អះអាង​ថា​ គឺជា​ សេចក្ដីសម្រេច​របស់​តុលាការ​។​

​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ ២៣​ ខែមីនា​ ទីប្រឹក្សា​ជប៉ុន​លើក​ឡើង​ពី​ការ​ចរចា​មួយ​ នាំ​ឲ្យ​មានការ​ធានា​បាន​ឡើង​វិញ​ នៅ​ការ​បោះ​ឆ្នោត​ខែកក្កដា​ ខាង​មុខ​ គឺ​ស្រប​តាម​ច្បាប់​អន្ដរជាតិ​ ហើយ​សហគមន៍​អន្ដរជាតិ​ក៏​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នេះ​ដែរ​ បើ​បក្ស​ប្រឆាំង​មួយ​នេះ​ ត្រូវ​បាន​អនុញ្ញាតិ​ ឲ្យ​ចូលរួម​ការ​បោះ​ឆ្នោត​នោះ​។​ ចម្លើយ​ពី​កម្ពុជា​ ស្ថិត​ក្នុង​ស្ថានភាព​ស្ទាក់ស្ទើរ​។​

​ដោយ​មើលឃើញ​ដូចនេះ​ អ្នកសង្កេតការ​ម្នាក់​ដែល​ជំនាញ​កិច្ចការ​បោះ​ឆ្នោត​ លោក​ កន​ សាវ៉ា​ង្ស​ ជាម​ន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ខុមហ្វ្រែល​ មើលឃើញ​ថា​ ជប៉ុន​ ពេល​នេះ​ សម្រេចចិត្ដ​ដើរតួ​នាទី​ជា​អាជ្ញាកណ្ដាល​សម្រាប់​កម្ពុជា​ហើយ​។​ លោក​ទទូច​ថា​ បើ​កម្ពុជា​ បដិសេធន៍​តួនាទី​របស់​ជប៉ុន​នាំ​ឲ្យ​ជប៉ុន​ ខកចិត្ដ​ ហើយ​អាច​ងាកខ្លួន​ចេញពី​កម្ពុជា​ដូចនឹង​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ដែរ​។​ លោក​ថា​ យក​ល្អ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ គួរតែ​ពិចារណា​រឿង​នេះ​។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ ព្រាប​ កុ​ល​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ថា​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ជប៉ុន​ប្រែប្រួល​ចិត្ដ​ ហើយ​អាច​ប្ដូរ​ឥរិយាបថ​ បើ​ស្ថានភាព​មិនល្អ​មុន​ការ​បោះ​ឆ្នោត​។​ យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ហាក់​ទទួលស្គាល់​ តួនាទី​របស់​ជប៉ុន​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ លោក​ ផៃ​ ស៊ី​ផា​ន​ ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ កន្លង​មក​ ក៏​ដូច​ជា​ ជំនួប​មន្ដ្រី​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា​ ជាមួយ​និង​មន្ដ្រី​កម្ពុជា​ គឺ​ជប៉ុន​នៅ​តែ​ប្រកាន់​ជំ​ហរ​ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ​។​

​ជប៉ុន​គឺជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ទី​២​ ដែល​ផ្ដល់​ជំនួយ​មក​កម្ពុជា​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​។​ ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​៣​ នៅ​លើ​ពិភពលោក​នេះ​ មិន​បាន​ប្រកាន់​ជំហរ​ មិន​ដកខ្លួន​ពី​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​ ករណី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ទេ​ បើ​ទោះជា​អា​មេ​រិ​ក​ និង​សហភាព​អឺរ៉ុប​ ដែល​ជា​សម្ព័ន្ធមិត្ដ​របស់​ខ្លួន​ បាន​ព្យួរ​ជំនួយ​របស់​ពួក​គេ​ក៏​ដោយ​។​ តាម​រយៈ​នេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ ជប៉ុន​មាន​ចំណុចខ្លាំង​ ទើប​ជប៉ុន​ប្រកាន់​ជំហរ​ ដាក់​ភាគី​កម្ពុជា​ដូចនេះ​៕

Share

Image
Image
Image