en     km
en     km

ជប៉ុន​ ត្រៀម​ជ្រើសរើស​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការ​សិក្សា​ នៅ​ដើមឆ្នាំ​ ២០១៨

Share

​ភ្នំពេញ​ ៖​ សមាគម​មិត្ដភាព​អាស៊ី​-​អ៊ី​នុ​យ៉ា​ម៉ា​ នៃ​ប្រទេស​ជប៉ុន​ ត្រៀម​ជ្រើសរើស​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ថ្នាក់ឧត្ដម​សិក្សា​លើ​ជំនាញ​ផ្សេងៗ​ ចាប់ពី​ដើមឆ្នាំ​២០១៨​តទៅ​។​ ជុំវិញ​រឿង​នេះ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​សាទរ​ ដោយ​បញ្ជាក់​ថា​ នេះ​ជា​ ឱកាស​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ពិសេស​យុវជន​ យុវនារី​ ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ និង​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

លោកបណ្ឌិត អ៊ិត​ សំហេង រដ្ឋមន្រ្ដីក្រសួងការងារ

 

គម្រោង​របស់​ប្រទេស​ជប៉ុន​ ស្ដី​ពី​ការ​ជ្រើសរើស​និស្សិត​កម្ពុជា​ ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នេះ​ គឺ​ត្រូវ​បាន​ភាគី​ជប៉ុន​ លើកយក​មក​ពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ លោក​ អ៊ិ​ត​ សំ​ហេង​ នៅ​ទីស្ដីការក្រសួង​ការងារ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៧​។​

​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​ការងារ​លោក​ Hibino​ Ryotaro​ ប្រធាន​សមាគម​មិត្ដភាព​អាស៊ី​-​អ៊ី​នុ​យ៉ា​ម៉ា​ បាន​ផ្ដល់​បទ​សម្ភាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ មូលហេតុ​ដែល​លោក​រៀបចំ​ឲ្យ​មានការ​ជ្រើសរើស​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដូចនេះ​ ពីព្រោះ​តែ​លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ទទួល​បាន​ចំណេះដឹង​ដែល​ល្អ​ពី​ប្រទេស​ជប៉ុន​ ហើយ​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​សព្វថ្ងៃ​។​

​លោក​ Hibino​ Ryotaro​ ៖«​ត្រង់​ហ្នឹង​វា​ជា​ហេតុផល​មួយ​ដែរ​ ដោយសារ​តែ​ប្រាក់​ឈ្នួល​នៅ​ស្រុក​ខ្មែរ​ទាប​ មួយទៀត​គាត់​ចង់​ឲ្យ​និស្សិត​ស្រុក​ខ្មែរ​យើង​គាត់​ទទួល​បាន​ទាំង​ចំណេះដឹង​ គាត់​ទទួល​បាន​ទាំង​ប្រាក់​កម្រៃ​ខ្ពស់​»​។​

​បន្ថែម​ពី​នេះ​ ប្រធាន​សមាគម​មិត្ដភាព​អាស៊ី​-​អ៊ី​នុ​យ៉ា​ម៉ា​ បាន​បញ្ជាក់​ថា​ និស្សិត​ខ្មែរ​ដែល​អាច​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​បាន​ គឺ​ត្រូវ​មាន​កម្រិតវប្បធម៌​ចប់​បាក់​ឌុ​ប​ បាន​ឆ្លងកាត់​ការ​សិក្សា​ភាសារ​ជប៉ុន​ ៦​ខែ​ឡើង​ទៅ​ ហើយ​បាន​ប្រឡង​ចប់​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។​ លោក​ Hibino​ Ryotaro​ បាន​ឲ្យ​ដឹង​ទៀត​ថា​ និស្សិត​ខ្មែរ​ដែល​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​នេះ​ គឺ​ត្រូវ​ចំណាយ​ថ្លៃ​សិក្សា​ប្រមាណ​ ៧០​ម៉ឺន​យ៉េន​លុយ​ជប៉ុន​ ក៏​ប៉ុន្ដែ​សិស្ស​ដែល​ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ពួក​គេ​អាច​មាន​ពេល​ដើម្បី​ធ្វើការ​ និង​ទទួល​បាន​ប្រាក់​កម្រៃ​បាន​ផង​ដែរ​។​

​ភាគី​ជប៉ុន​ នឹង​ចាប់ផ្ដើម​ជ្រើសរើស​និស្សិត​ខ្មែរ​ ទៅ​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ដោយ​បែងចែក​ជា​ពីរ​លើក​ លើក​ទី​១​ គឺ​ចាប់ផ្ដើម​ពី​ខែមេសា​ ឆ្នាំ​២០១៨​ ចំនួន​ ៣០​នាក់​ និង​លើក​ទី​២​ នៅ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ចំនួន​ ៣០​នាក់​ទៀត​។​

​ជុំវិញ​រឿង​នេះ​ រដ្ឋមន្ដ្រីក្រសួង​កា​ងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា​ លោក​មាន​សេចក្ដី​រីករាយ​ដែល​កម្ពុជា​ និង​ប្រទេស​ជប៉ុន​បង្កើន​ការ​សហការ​ជាមួយ​គ្នា​កាន់តែ​ល្អ​ដូចនេះ​។​ លោក​បន្ដ​ថា​ នេះ​គឺជា​ឱកាសល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ យុវជន​ យុវនារី​ អាច​ទទួល​បានការ​សិក្សា​ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​ជឿនលឿន​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​។​

​លោក​ អ៊ិ​ត​ សំ​ហេង​៖«​អ​ញ្ចឹ​ង​ទេ​ ខ្ញុំ​គិត​ថា​ នេះ​គឺជា​ការ​ពិភាក្សា​ដ៏​ល្អ​មួយ​ ហើយ​ជា​ឱកាស​ថ្មី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​យើង​ យុវជន​ យុវនារី​យើង​ ក្នុង​ការ​សំឡឹង​មើល​ឱកាស​ការងារ​ និង​ការ​សិក្សា​នៅ​ឯ​ទីក្រុង​ អ៊ី​នុ​យ៉ា​ម៉ា​ នៃ​ប្រទេស​ជប៉ុន​»​។​

​ប្រទេស​ជប៉ុន​ បាន​សម្រេច​ជួយ​អភិវឌ្ឍ​ប្រទេស​កម​ន្ពុ​ជា​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​១៩៩១​។​ វិស័យ​ជា​ច្រើន​ ដែល​ជប៉ុន​ បាន​ជួយ​កម្ពុជា​ មាន​ដូច​ជា​វិស័យ​ អប់រំ​ វិស័យ​សំណង់​ស្ពាន​ថ្នល់​ និង​សោ​ភ័​ណភាព​ទីក្រុង​។​ ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ ជប៉ុន​បាន​ជួយ​ស្ថាបនា​សាលារៀន​ បឋម​សិក្សា​ អនុ​វិទ្យាល័យ​ និង​ស្ថានីយ​ទឹក​ស្អាត​ បាន​ ១៤៩​ ខ្នង​នៅ​ទូ​ទាំ​ប្រទេស​កម្ពុជា​៕​

Share

Image
Image
Image