en     km
en     km

ជនសង្ស័យ៤ នាក់ពាក់ព័ន្ធករណីសម្លាប់មួយគ្រួសារមិនទាន់បញ្ជូនទៅតុលាការទេ – Update

Share

ក្រចេះ៖ ករណីបុរស ៤នាក់ បាញ់សម្លាប់ និងដុតផ្ទះមួយក្រុមគ្រួសារដ៏កក្រើកនៅខេត្តក្រចេះកាលពីរំលងអធ្រាតឈានពីថ្ងៃទី ១០ សីហា កំពុងតែនៅក្នុងតំណាក់កាលសាកសួរបន្ត។ នេះបើតាមការឱ្យពីលោក អ៊ំ ភី ស្នងការរងខេត្តក្រចេះទទួលបន្ទុកផ្នែកព្រហ្មទណ្ឌដែលបានប្រាប់វិទ្យុស្ត្រីនៅថ្ងៃអង្គារទី១៤សីហានេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ំ ភី ស្នងការរងខេត្តក្រចេះបានឱ្យបន្ដដឹងថា សមត្តកិច្ចបានកំណត់មុខសញ្ញាទៅលើបុរសបួននាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធការសម្លាប់នេះ។ យ៉ាងណាមិញ សមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងបួននាក់នោះ ដើម្បីសាកសួរចម្លើយ។

មកដល់ពេលនេះ​ សំណុំរឿងនេះមិនទាន់បញ្ជូនទៅដល់ដៃតុលាការទេ ខណសមត្តកិច្ចកំពុងតែបន្តការសាកសួរបន្ថែម។

សូមបញ្ជាក់ដែរថា អ្នកទាំងបួននាក់ដែលសមត្តកិច្ចសង្ស័យនោះ ជាអ្នកដែលរស់នៅលើកោះក្បែរកន្លែងកើតហេតុចម្ងាយប្រមាណជា ២០០ទៅ ៣០០ម៉ែត្រ តែប៉ុណ្ណោះ។

លោក ហង្ស ចាន់ឌី អភិបាលស្រុក ចិត្របុរីបានឱ្យដឹងថា សមត្តកិច្ចសន្និដ្ឋានថាករណីនេះ ជាការបាញ់សម្លាប់ ហើយយកសពទៅដុតដើម្បីបំបាត់ភស្តុតាង និងការសង្ស័យ។ ជាងនេះ សមត្តកិច្ចចាត់ទុកករណីនេះថា ជាឃាតកម្មគិតទុកជាមុន ដោយសារគំនុំ។

ករណីនេះកើតឡើងនៅកោះប្រឹម ដែលជាកោះដាច់ស្រយ៉ាល ក្នុងភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនរងគ្រោះស្លាប់មួយគ្រួសារមានឪពុកម្តាយ និងកូនចំនួនពីរនាក់៕

Share

Image
Image
Image