en     km
en     km

ច្បាប់​ការពារ​សហគមន៍​អេកូ​ទេសចរណ៍​នឹង​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៧​ នេះ​🔊

Share

 ភ្នំពេញ​៖​ ក្នុង​វេទិកា​ស្ដី​ពី​ “​ភាព​រស់​រវើក​របស់​ប្រជាជន​ បេតិកភណ្ឌ​វប្បធម៌​ជា​អត្ដសញ្ញាណ​របស់​យើង​ បរិស្ថាន​ជា​អនាគត​របស់​យើង​”​ ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គា​រ៍​ ទី​២១​ មីនា​នេះ​ នៅ​ទីស្ដីការ​ក្រសួង បរិស្ថាន​ ដែល​ក្នុង​វេទិកា​នេះ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា​ ច្បាប់​ស្ដី​ពី​ការ​ការពារ​សហគមន៍​អេកូ​ទេសចរណ៍​នឹង​ចេញ​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៧​នេះ​ ហើយ​ច្បាប់​នេះ​ ក៏​ជា​ការ​រួម ចំណែក​ការពារ​ផល ប្រយោជន៍​ប្រជា​សហគមន៍​ និង​ធនធានធម្មជាតិ​ផង​ដែរ​។​ 

say-th

​ក្រសួងបរិស្ថាន​ និង​ក្រសួងទេសចរណ៍​ បាន​សហការ​គ្នា​រៀបចំ​សេចក្ដីព្រាងច្បាប់​មួយ​ស្ដី​ពី​ការ​ការពារ​សហគមន៍​អេកូ​ទេសចរណ៍​ ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ បង្កើន​ចំណូល​សេដ្ឋកិច្ច​តាម​រយៈ​ទេសចរណ៍​ ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ ជំនួស​ការ​បាន​ប្រាក់​ចំណូល​មក​ពី​ការ​កាប់​ព្រៃឈើ​ ឬ​ការ​បរបាញ់​សត្វព្រៃ​ជាដើម​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​សេចក្ដីព្រាងច្បាប់​ការពារ​សហគមន៍​អេកូ​ទេសចរណ៍​នេះ​ នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ ឲ្យ​មាន​ជី​វិភាព​ធូរធារ​ពី​ចំណូល​របស់​ទេសចរណ៍​ ។​ ការណ៍​នេះ​លោក​ ថោ​ង​ ខុន​ បង្ហាញ​ជំនឿ​ចិត្ដ​ថា​ កាលណា​ការ​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​បាន​ល្អ​នឹង​ត្រឹមត្រូវ​ លំនឹង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នឹង​កើត​មាន​។​  ​លោក​ ថោ​ង​ ខុន​៖«​បើ​យើង​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​បាន​ល្អ​នឹង​ត្រឹមត្រូវ​ ជី​វិភាព​ប្រជាពលរដ្ឋ​ទាំងមូល​នឹង​ត្រូវ​បាន​លើកកម្ពស់​ អត់​មាន​ចំណាកស្រុក​ទៀត​ទេ​ គឺថា​ ផ្លាស់​ប្ដូរ​មុខ​របប​របស់​គាត់​ពី​ការ​ ដែល​ធ្លាប់​កាប់​ព្រៃ​ បាញ់​សត្វ​ ធ្លាប់​ប៉ះពាល់​ធម្មជាតិ​ មក​បំរើ​ទេសចរណ៍​វិញ​»​។

thor
លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​

​យ៉ាងណា​លោក​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ បញ្ជាក់​ថា​ ដើម្បី​ឲ្យ​សហគមន៍​អេកូ​ទេសចរណ៍​ដំណើរការ​ទៅ​បាន​ដោយ​រលូន​ ក៏​ត្រូវ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ផង​ដែរ​។​

​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​នេះ​ថា​ កន្លង​មក​ពលរដ្ឋ​ដុត​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​ បរបាញ់​សត្វព្រៃ​ ពីព្រោះ​តែ​ពួក​គេ​គ្មាន​វិធី​ណា​ផ្សេង​ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត​។​ លោក​បន្ដ​ថា​ ប្រសិនបើ​ពលរដ្ឋ​ ជួប​ការ​លំបាក​ គឺ​គេ​មិន​អាច​ទៅ​បញ្ឈប់​ពួក​គាត់​ដោយ​គ្មាន​វិធានការ​សម​ស្រប​នោះ​ទេ​។​ លោក​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បន្ថែម​ថា​ មាន​តែ​ការ​បង្កើត​ឲ្យ​មាន​សហគមន៍​អេកូ​ទេសចរណ៍​នេះ​ តែ​ប៉ុណ្ណោះ​ទើប​អាច​ការពារ​ធនធានធម្មជាតិ​ សត្វព្រៃ​ និង​ជួយ​លើកកម្ពស់​ដល់​សេដ្ឋកិច្ច​ប្រជា ពលរដ្ឋ​ពលរដ្ឋ​បាន​។​  លោក​ សាយ​ សំ​អាល់​៖«​យើង​មិន​អាច​ទៅ​បញ្ឈប់​មនុស្ស​ដែល​កំពុង​ឃ្លាន​ មិន​ធ្វើ​អ្វី​ដែល​គាត់​ត្រូវធ្វើ​បាន​ទេ​ ក៏​ប៉ុន្ដែ​បើ​យើង​ផ្ដល់​ជម្រើស​របៀប​ហ្នឹង​ក៏​ជា​រឿង​ល្អ​ដែរ​ ហើយ​ខ្ញុំ​ឃើញ​ថា​ អេកូ​ទេសចរណ៍​ហ្នឹង​ជា​រឿង​សំខាន់​ ហើយ​យើង​មាន​កន្លែង​ច្រើន​ណាស់​»​។

say
លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន

​ប្រទេស​កម្ពុជា​ ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ ក្រសួងបរិស្ថាន​ អង្គការ​អន្ដរជាតិ​មួយ​ចំនួន​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ប្រជា​សហគមន៍​ បាន​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ បាន​ចំនួន​ជាង​ ៥០​។​ ទេសចរណ៍​ត្រូវ​បាន​ចាត់ទុកជា​ “​មាស​ប៉ៃ​តង​”​ ដោយសារ​តែ​តួនាទី​របស់​វិស័យ​នេះ​ បាន​ចូលរួម​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​ តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ​ ការ​រក​ប្រាក់​ចំណូល​ ការ​លើកកម្ពស់​ជីវភាព​រស់នៅ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការ​អភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ​ វប្បធម៌​ និង​ប្រវត្ដិសាស្ដ្រ​ និង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ក​ពិភពលោក​។​ សូម​ជម្រាប​ថា​ ការ​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​ការពារ​សហគមន៍​អេកូ​ទេសចរណ៍​នេះ​ គឺ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ និង​អភិរក្ស​ធនធានធម្មជាតិ​៕

Share

Image
Image
Image