en     km
en     km

ចិន​សន្យាជួយកម្ពុជាមានតួនាទីសំខានលើឆាកអន្ដរជាតិតែអ្នកវិភាគថាមិនអាចទៅរូចទេ

Share

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសាធារណៈប្រជាមានិតចិនថ្មីប្រចាំនៅកម្ពុជា គឺលោកវ៉ាង វិនធៀន (Wang wentian) បានបញ្ជាក់ប្រាប់ថា រដ្ឋាភិបាល ចិនតែងតែធ្វើការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ គឺយ៉ាងណាដើម្បីអោយកម្ពុជាមានតួនាទីសំខាន់នៅលើឆាកអន្ដរជាតិ។ តែសម្រាប់អ្នកវិភាគមិនសុទិដ្ឋិនយមទេព្រោះចិនខ្លួនក៏ពុំសូវមានមុខមាត់លើអន្តរជាតិផងហើយសម្រាប់កម្ពុជា រឹតតែមិនអាចទៅរួច។

កញ្ញា ហេង ​នីទី ជូនសេចក្ដីរាយការណ៍៖

តាមគេហទំព័ររបស់រដ្ឋសភាគឺ ការថ្លែងរបស់ឯកអគ្គរដ្ឋទូតសាធារណៈប្រជាមានិតចិនថ្មីប្រចាំនៅកម្ពុជាបានធ្វើឡើង នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨នេះក្នុងឱកាសដែលចូលសម្តែងការគួរសមជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានៅវិមានរដ្ឋសភា។​​

ក្រោយពីការបញ្ចប់ជំនួប​រវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណៈប្រជាមានិតចិនថ្មីប្រចាំនៅកម្ពុជារួចមក លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបនោះ លោក វ៉ាង វិនធៀន (Wang wentian) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិនតែងតែគាំទ្រកម្ពុជា តាមមាគ៌ាសមស្រប នៃស្ថានភាពនយោបាយពេលបច្ចុប្បន្ន ហើយប្រទេសចិនក៏គាំទ្រឯករាជភាព អធិបតេយ្យភាពរបស់កម្ពុជា ហើយនិងគាំទ្រការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាពិសេសជាងនេះទៅទៀតនោះចិន ក៏នឹងគាំទ្រកម្ពុជា ដើម្បីឱ្យមានតួនាទីសំខាន់លើឆាកអន្តរជាតិ »

កម្ពុជានិងចិន បានក្លាយជាមិត្តយ៉ាងជិតស្និទ្ធឡើងវិញ បន្ទាប់ពីកម្ពុជា មានរបបរាជានិយម ថ្មី តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ។

ក្រុងប៉េកាំងក៏ធ្លាប់ជាមិត្តជិតស្និទ្ធនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមផងដែរ។ ភាពស្និទ្ធស្នាលរវាងរាជាណាចក្រ និងចិនប្រជាមានិតមានខ្លាំងនៅរយៈកាលចុងក្រោយនៅពេលកម្ពុជាមានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សំណង់ស្ពាន បានមកពីប្រាក់កម្ចីច្រើនពាន់លានដុល្លារពីប្រទេសចិន។ ខណៈសហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាករណីរំលាយគណបក្សប្រឆាំង គេសង្កេតឃើញចិននៅបន្តការគាំទ្ររដ្ឋាភិបាល សព្វថ្ងៃយ៉ាងខ្លាំង។

កញ្ញា លី ស្រីស្រស់ អ្នកវិភាគវ័យក្មេង មិនបានមើលឃើញថា ចិនអាចធ្វើបក្សកាន់អំណាច មានមុខខ្លាំងឡើយ។ កញ្ញា ថាសូម្បីចិនខ្លួនឯងក៏ពុំសូវមានមុខមាត់លើឆាកអន្តរជាតិផង ដោយប្រទេសកុម្មុនិស្តនេះ មានការរំលោភសិទ្ធិធ្ងន់ធ្ងរដែរ។

ទាំងរាជរដ្ឋាភិបាល និងក្រសួងការបរទេសកម្ពុជា តែងតែ សន្យានៅចំពោះមុខអន្តរជាតិថា នៅតែបើកចំហសេរីភាព របស់ក្រុមប្រឆាំង អោយក្រុមនេះ គោរពនីតិរដ្ឋហើយសម្រាប់កម្ពុជា ក៏សន្យាពង្រីកទំនាក់ទំនងជាមួយស្ថានប័នអន្តរជាតិប្រទេសផ្សេងៗដោយ ឈរលើគោលកាលណ៍ ស្មើភាព។

ក្នុងឱកាសនោះ សម្តេច ហេង​សំរិន បានបញ្ជាក់ថា បេសកកម្មថ្មីរបស់លោក វ៉ាង វិនធៀន គឺពិតជាមានសារសំខាន់ណាស់ ដើម្បីជាស្ពានក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការម្ពុជា-ចិន​ ដែលមានស្រាប់នេះ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្តទៀត។​

គួរជម្រាបផងដែរថាទំនាក់ទំនងមិត្តភាពជាប្រពៃរវាងកម្ពុជា-ចិន គឺបានចាប់ផ្ដើមឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុអតីតព្រះមហាវីរក្សត្រខ្មែរជាមួយអតីតប្រមុខដឹកនាំចិន ហើយរហូតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល ៦០ឆ្នាំ មកហើយ៕

អត្ថបទ៖កញ្ញា​ ហេង នីទី

Share

Image
Image
Image