en     km
en     km

ក្រុម​ស្ត្រី ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ដកោះកុង ​ប្ដេជ្ញា​មិន​ត្រលប់​ទៅ​ផ្ទះ ​បើ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​

Share

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ប្រមាណ​ ៣០០​គ្រួសារ​ រស់នៅ​ក្នុងស្រុក​ពីរ​ នៃ​ខេត្ដកោះកុង​ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ លី​យ៉ុ​ង​ ផាត​ ហើយ​ភាគច្រើន​ពួក​គេ​ ជា​ស្ត្រី​ បាន​នាំ​គ្នា​ឡើង​មក​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែឧសភា​ ដើម្បី​ដាក់​លិខិត​ទៅ​ក្រសួង​ដែន​ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ដ្រី​ដើម្បី​សុំ​អន្ដរាគមន៍​។​ ពួក​គេ​ប្ដេជ្ញា​ថា​ មិន​ចាក​ចេញពី​ភ្នំពេញ​ឡើយ​ បើ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​។​ ករណី​នេះ​ មន្ដ្រី​នាំពាក្យ​ នៃ​ក្រសួង​ដែនដី​បញ្ជាក់​ថា​ ក្រសួង​ស្នើ​ឲ្យ​ពួក​គាត់​វិល​ទៅ​វិញ​ដោយ​រង់ចាំ​ដោះស្រាយ​ជាមួយ​មន្ទីរ​ដែនដី​ខេត្ដ​ ។​ តែ​អ្វី​គួរ​អោយ​ចាប់អារម្មណ៍​ឃើញ​ថា​ស្ត្រី​ នាំមុខ​បុរស​ ក្នុង​ការ​តវ៉ា​នេះ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ខណៈ​ កំពុង​ប្រឈម​មុខ​ តានតឹង​ជាមួយ​អាជ្ញាធរ​ ឃើញ​ថា​ស្ត្រី​ ដែល​អះអាង​ថា​ មក​ពី​ខេត្តកោះកុង​ មក​រក​អន្តរាគមន៍​ដល់​រាជធានី​ភ្នំពេញ​នេះ​ ពួក​គាត់​ មាន​សកម្មភាព​ យ៉ាង​សកម្ម​ ជាង​បុរស​ទៅ​ទៀត​ ដោយ​ បញ្ចេញមតិ​ ករណី​របស់​ពួក​គេ​ សឹង​គ្រប់ៗ​គ្នា​ ដែល​មើលទៅ​ ហាក់​មិន​ខ្លាច​សមត្ថកិច្ច​ឡើយ​។​ ស្ត្រី​ទាំងនោះ​ បាន​បង្ហាញ​ ជំហរ​រឹង​មាំ​ ថា​ ដីស្រែ​របស់​ពួក​គេ​ ពិតជា​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ ហើយ​មិន​អាច​ ធ្វើស្រែ​ចម្ការ​បាន​ឡើយ​។​ ទាន់​ទិន​រឿង​នេះ​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាន​ផុស​ព្រោងព្រាត​ពី​រូបភាព​ ស្ត្រី​ទាំងនោះ​ តស៊ូ​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ខណៈ​ដែល​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ចេញពី​វត្ត​សាមគ្គីរ​ង្ស៊ី​។​ មិនតែប៉ុណ្ណោះ​ក្រុម​ស្ត្រី​ដែល​មាន​ទឹកមុខ​ ក្លាហាន​ជាង​បុរស​នេះ​ បាន​ប្ដេជ្ញា​ចិត្ដ​មិន​ត្រលប់​ទៅ​ផ្ទះ​ទេ​ បើ​រដ្ឋាភិបាល​មិន​រក​ដំណោះស្រាយ​ទាន់​ពេលវេលា​ និង​អាច​ទទួលយក​បាន​។​

​ទំនាស់​ដីធ្លី​នៅ​ខេត្ដកោះកុង​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​បញ្ជាក់​ថា​ គឺ​កើតឡើង​តាំងពី​ឆ្នាំ​២០០៦​ មក​ម្លេះ​ ដោយសារ​បាន​បាត់បង់​ដី​ ទៅ​លើ​ក្រុមហ៊ុន​ លី​យ៉ុ​ង​ផាត់​ ដែល​បាន​យក​ទៅ​ដាំ​អំពៅ​ ហើយ​គ្មាន​សំណង​ ឬ​ការ​ដោះ​ដូរ​ដីធ្លី​សម្រាប់​ពួក​គាត់​នោះ​ទេ​។​

​អ្នកស្រី​ ភាព​ សុ​គ​ន្ធា​ តំណាង​ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​នេះ​ថា​ អ្នកស្រី​ និង​ពលរដ្ឋ​សហគមន៍​របស់​អ្នក​ស្ត្រី​បាន​ជួប​ការ​លំបាក​ជា​ខ្លាំង​ ក្រោយ​ពេល​ដែល​ដី​បង្កបង្កើន​ផល​ ត្រូវ​បាន​បាត់បង់​។​ អ្នកស្រី​បន្ដ​ថា​ ពលរដ្ឋ​មួយ​ចំនួន​បាន​ចំណាកស្រុក​ ព្រោះតែ​ពួក​គេ​ជាប់បំណុល​ធនាគារ​ច្រើន​ និង​គ្មាន​របប​ប្រកប​ចិញ្ចឹមជីវិត​។​ លើស​ពី​នេះ​ គោ​-​ក្របី​របស់​ពលរដ្ឋ​ដែល​បាន​ដាច់​ចំណង​ចូល​ទៅ​ស៊ី​អំពៅ​ របស់​ក្រុមហ៊ុន​ ត្រូវ​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​ បាញ់​សម្លាប់​ជា​ញឹកញាប់​ ៖«​ពួក​ខ្ញុំ​ដល់​ពេល​គេ​យក​ដី​ គ្មាន​អី​ឃ្វាលគោ​ ឃ្វាលក្របី​ គាត់​ចេះ​តែ​ថា​ ដូច​ខ្លះទៅ​ក៏​ដាច់​ចំណង​ ដាច់​អី​ចូល​ទៅ​គេ​មែន​ ហើយ​ក៏​មានការ​បាញ់​សម្លាប់​មែន​។​ មានការ​បាញ់​សម្លាប់​គោក្របី​ ដូច​ថា​ ប្រជាពលរដ្ឋ​គាត់​មានការ​ខ្វះខាត​ដូច​ជា​ស្រែ​ គាត់​មានការ​ចំណាកស្រុក​ ។​ ចំណាកស្រុក​ចេញ​ទៅ​ក្រៅប្រទេស​ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ហើយ​អ្នក​នៅ​ក្រោយ​ហ្នឹង​គាត់​ក៏​មានទុក្ខ​លំបាក​ ដោយសារ​គាត់​ អត់​ គាត់​ទៅ​ជា​ចងការ​អង្គការ​ ធនាគារ​ ដល់​អ​ញ្ចឹ​ង​ទៅ​គាត់​ចេះ​តែ​កើន​ (​បំណុល​)»​។​

​តាម​តំណាង​ពលរដ្ឋ​រូប​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ មុន​ពេល​សម្រេចចិត្ដ​ឡើង​មក​ភ្នំពេញ​លើក​នេះ​ អ្នកស្រី​ ក៏​ដូច​ជា​អ្នក​ភូមិ​ បាន​រង់ចាំ​ដំណោះស្រាយ​យ៉ាង​យូរ​ពី​អាជ្ញាធរ​ខេត្ដកោះកុង​ ក៏​ប៉ុន្ដែ​គ្មាន​លទ្ធផល​អ្វី​នោះ​ទេ​។​ អ្នកស្រី​ សុ​គ​ន្ធា​ បន្ដ​ទៀត​ថា​ ក្រុម​ពលរដ្ឋ​បាន​មក​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៧​ ឧសភា​ ម្សិលមិញ​ ហើយ​ពួក​គេ​បាន​ទៅ​ដាក់​លិខិត​នៅ​ក្រសួង​ដែនដី​ ក៏​ប៉ុន្ដែ​ក្រសួង​ស្នើ​ឲ្យ​ពួក​គាត់​ ត្រលប់​ទៅ​ដោះស្រាយ​ជាមួយ​ខេត្ដ​វិញ​ ។​ យ៉ាងណា​សំណើ​របស់​ក្រសួង​ដែនដី​នេះ​ ពលរដ្ឋ​មិន​ព្រម​នោះ​ទេ​ ៖«​ខ្ញុំ​ទៅ​ជួប​ម្សិលមិញ​ហើយ​ គេ​ឲ្យ​ខ្ញុំ​ទៅ​ដោះស្រាយ​នៅ​ខេត្ដ​វិញ​ ហើយ​ខេត្ដ​គេ​បាន​មក​ជួប​ខ្ញុំ​ ហើយ​ឲ្យ​ពួក​ខ្ញុំ​ត្រឡប់​ទៅ​ខេត្ដ​វិញ​ ដើម្បី​ធ្វើ​ឯកសារ​សារ​ជា​ថ្មី​ឡើង​វិញ​។​ តែ​ពួក​ប្រជាពលរដ្ឋ​ខ្ញុំ​ថា​ មិន​អាច​ធ្វើ​ជា​ថ្មី​ឡើង​វិញ​ទេ​ ព្រោះ​បាន​ធ្វើ​រួច​អស់ហើយ​ សារ​ចុះ​សារ​ឡើងជា​ពីរ​ បី​ដង​ រួច​ហើយ​»​។​

​អ្នកស្រី​ ភាព​ សុ​គ​ន្ធា​ អះអាង​ថា​ ពលរដ្ឋ​ទាំងអស់​បាន​ប្ដេជ្ញា​ថា​ នឹង​មិន​ព្រមទៅ​វិញ​ឡើយ​ បើសិនជា​ គ្មាន​ដំណោះស្រាយ​ពិតប្រាកដ​។​ អ្នកស្រី​ សំណូមព​រដ្ឋ​ប្រមុខ​ដឹកនាំ​ រដ្ឋាភិបាល​ សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​គាត់​ ៖«​ចា​ សុខចិត្ដ​នៅ​ត្រង់​ណា​ក៏​ដោយ​ ដើរទៅ​យប់​ត្រង់​ណា​នៅ​ត្រង់​ហ្នឹង​ ឲ្យ​តែ​គេ​ឲ្យ​នៅ​ ពួក​គាត់​សុខចិត្ដ​ អង្គុយ​ក៏​អង្គុយ​ដែរ​ កុំ​ឲ្យ​ដេញ​។​ ខ្ញុំ​គ្មាន​សំណូមពរ​អ្វី​ទេ​ ព្រោះ​ខ្ញុំ​បាន​លើក​ម្រាម​ ១០​ សុំ​ដល់​សម្ដេច​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ សុំ​ឲ្យ​គាត់​ជួយ​ រក​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ ៣០២​គ្រួសារ​ ឲ្យ​បាន​ឆាប់​ ព្រោះ​ពួក​ខ្ញុំ​កំពុង​តែ​មានការ​អត់ឃ្លាន​យ៉ាង​ខ្លាំង​ទុក្ខ​លំបាក​»​។​

​សំណើ​របស់​ក្រុម​ពលរដ្ឋ​ទាំង​ ៣០២​គ្រួសារ​នេះ​ គឺ​ពួក​គេ​ចង់បាន​ចំណង​ជា​ដី​ចំនួន​ ២​ហិច​តា​ និង​ប្រាក់​ចំនួន​ ៣​ពាន់​ដុល្លារ​ សម្រាប់​មួយ​គ្រួសារ​ ដើម្បី​ទូទាត​ការ​ខូ​ត​ខាត​ ដែល​មិន​បាន​បង្កបង្កើន​ផល​រយៈពេល​កន្លង​មក​។​

​វិទ្យុ​ស្ត្រី​ មិន​អាច​រក​ប្រភព​ដើម្បី​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ ក្រុមហ៊ុន​ លី​យ៉ុ​ង​ផាត់​ ដែល​ត្រូវ​បាន​ពលរដ្ឋ​ចោទប្រកាន់​នោះ​ទេ​។​

​យ៉ាងណា​ង​ជុំវិញ​ករណី​នេះ​ លោក​ សេង​ ឡូត​ មន្ដ្រី​នាំពាក្យ​ នៃ​ក្រសួង​ដី​ដែន​ នគរូបនីយកម្ម​ និង​សំណង់​ មាន​ប្រសាសន៍​ថា​ ក្រុម​ពលរដ្ឋ​ពិតជា​បាន​ទៅ​ដល់​ក្រសួង​ដែនដី​ កាលពី​ថ្ងៃ​ម្សិលមិញ​ពិតមែន​ ក៏​ប៉ុន្ដែ​ករណី​របស់​ពួក​គាត់​ គឺ​ត្រូវ​ទៅ​ដោះស្រាយ​ជាមួយ​សាលាខេត្ដ​កោះកុង​ ៖«​ពី​ម្សិល​គាត់​មក​សុំ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​ឲ្យ​បាន​លឿន​ ហើយ​ក្រសួង​បាន​ជម្រាប​ជួន​គាត់​ហើយ​ ថា​ ឲ្យ​ទៅ​សហការ​ជាមួយ​សាលាខេត្ដ​កោះកុង​»​។​

​ទាក់ទិន​ទំនាស់​ដីធ្លី​នេះ​ លោក​ អំ​ សំអាត​ មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ មាន​ប្រសាសន៍​ថា​ ករណី​ដីធ្លី​នៅ​ខេត្ដកោះកុង​នេះ​ មិនមែន​ជា​រឿង​ថ្មី​ទេ​ គឺជា​ករណី​ដ៏​រ៉ាំរ៉ៃ​យូរ​មក​ហើយ​ ដែល​មន្ដ្រី​ដោះស្រាយ​វិវាទ​ ហាក់​មាន​សកម្មភាព​តិច​តូច​ ក្នុង​ការ​រក​ដំណោះស្រាយ​។​ លោក​បន្ដ​ថា​ តាំងពី​រឿង​ចាប់ផ្ដើម​ដំបូង​ ក្នុង​នាម​អង្គការក្រៅរដ្ឋាភិបាល​ ធ្លាប់​បាន​សំណូមពរ​ឲ្យ​មន្ដ្រី​ពាក់ព័ន្ធ​ រួត​រាស់​ដោះស្រាយ​ ដើម្បី​កុំ​ឲ្យ​រឿង​អូស​បន្លាយ​លំបាកទៅ​ថ្ងៃក្រោយ​ ក៏​ប៉ុន្ដែ​សំណូមពរ​នេះ​ គឺ​មិន​មានការ​អើពើ​នោះ​ទេ​ ទើប​បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​តវ៉ា​ដូចនេះ​ ៖«​ដូច​ជា​ករណី​នេះ​អ​ញ្ចឹ​ង​ គឺ​វា​ ចង់​ទុំ​ជោរ​ ហើយ​អ​ញ្ចឹ​ង​ទៅ​ ប្រជាពលរដ្ឋ​លោក​ធ្វើការ​តវ៉ា​ ធ្វើការ​ទាមទារ​ ហើយ​ឡើង​មក​ទីក្រុង​ភ្នំពេញ​ ហើយ​យើង​ឃើញ​ហើយ​វា​ជា​លទ្ធផល​ ដែល​មិនល្អ​ទៀត​ ដូច​ជា​ព្រឹក​មិ​ញ​ មានការ​រុញច្រាន​ មានការ​បិទ​មិន​ឲ្យ​ចេញ​ មិន​ឲ្យ​អី​ ហ្នឹង​វា​ទៅ​ជា​ ត្រូវ​គេ​រិះគន់​ទៅ​រឿង​មួយ​ថា​ បំបិទ​សិទ្ធិ​សេរីភាព​របស់​គាត់​ ក្នុង​ការ​ទាមទារ​ដោយ​សន្ដិវិធី​អី​វិញ​»​។​

​មន្ដ្រី​ របស់​អង្គការ​ លី​កាដូ​ រូប​នេះ​ សំណូមពរ​ ឲ្យ​មាន​ដំណោះស្រាយ​សម​ស្រប​សម្រាប់​ពលរដ្ឋ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​។​ តាម​ការ​កត់សម្គាល់​ គឺ​អោយ​មាន​តែ​មាន​ទំនាស់​ដីធ្លី​កើតឡើង​ គេ​ឃើញ​មាន​ស្ត្រី​ ឡើង​មក​តវ៉ា​ដល់​ភ្នំពេញ​ ឬ​ តវ៉ា​នៅ​កន្លែង​ មាន​ចំនួន​ច្រើន​ជាង​បុរស​ ។​ ស្ត្រី​ដែល​ឡើង​មក​តវ៉ា​នេះ​ បាន​មក​តវ៉ា​ ទាំង​កូន​តូច​ នឹង​ខ្លួន​ផង​ដែរ​។​ ស្ត្រី​ទាំងនោះ​ហាក់​ គិត​ច្រើន​ពី​ជិ​វិត​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​។​ តែ​ជា​រឿយៗ​ ស្ត្រី​ទាំងនោះ​ ក៏​រង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ដែរ​ ដោយសារ​ពួក​គេ​មិន​គោរព​ការ​ណែនាំ​ របស់​សមត្ថកិច្ច​៕​

Share

Image
Image
Image