en     km
en     km

ក្រសួងសុខាភិបាលប្រាប់ឱ្យពលរដ្ឋខ្មែរប្រុងប្រយ័ត្នការឆ្លងជំងឺបក្សីពីប្រទេសចិន

Share

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាព្រួយបារម្ភពីជំងឺផ្តាសាយបក្សី H7N9 ដែលបានកើតនៅក្នុងប្រទេសចិន រួចបន្តរីករាលដាលដល់បណ្តាប្រទេសមួយចំនួនទៀតជាប់នឹងប្រទេសកម្ពុជា។ ការណ៍នេះនាំឱ្យមានការអំពាវនាវឱ្យពលរដ្ឋកម្ពុជាត្រូវប្រុងប្រយ័ត្នការឆ្លងជំងឺប្រ ភេទនេះ។នេះបើតាមអ្នកនំាពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយដល់ប្រព័ន្ធសារព័ត៌មាន ព្រឹកថ្ងៃទី ២៤ កក្កដា ឆ្នំា២០១៧ នៅរាជធានីភ្នំពេញ។

 

ក្រសួងសុខាភិបាល

តាមព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ប្រទេសចិន ជាពិសេស ខេត្តជាប់ប្រទេសវៀតណាម កំពុង ផ្ទុះជំងឺ ផ្ដាសាយបក្សី H5N1ដែលវាអាចឆ្លងមកមនុស្ស យ៉ាងងាយបំផុត។ នៅប្រទេសវៀតណាម អាជ្ញាធរប្រទេសនេះ បានអំពាវនាវឱ្យពលរដ្ឋដែលជាម្ចាស់កសិដ្ឋាន និងអ្នកទទួលទានត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។

តាមរបាយការណ៍របស់ ក្រសួងសុខាភិបាល វីរុសផ្ដាសាយបក្សី H7N9 បានសម្លាប់មនុស្សយ៉ាងតិច៥៩២នាក់នៅលើពិភពលោកដែលគិតមកដល់ត្រឹមខែមិថុនា ឆ្នាំ២០១៧នេះ ។

ករណីនេះក្រសួងសុខាភិបាលកម្ពុជា សម្តែងការព្រួយបារម្ភពីការឆ្លងកាត់ជំងឺនេះចូលមកទឹកដីកម្ពុជា។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនំាពាក្យនៃក្រសួងសុខាភិបាល លោក លី សុវណ្ណ បានថ្លែងថាកម្ពុជាធ្លាប់បានឆ្លងជំងឺផ្តាសាយបក្សីមួយដែលមានឈ្មោះថា H5N1ម្តងរួចមកហើយដោយឆ្លងពីប្រទេសមួយចំនួននៅលើពិភពលោក។

ការណ៍នេះលោកថាក្រសួងសុខាភិបាលក៏មានការព្រួយបារម្ភពីការឆ្លងជំងឺមេរោគថ្មីទៀតដែលមានឈ្មោះថា H7N9 មកទឹកដីកម្ពុជាផងដែរ។

លោក លី សុវណ្ណ បន្តថា «បច្ចុប្បន្នកំពុងព្រួយបារម្ភមួយទៀតអំពីផ្តាសាយមួយទៀត H7N9 ដែលកំពុងតែបន្តមានការរាតត្បាតហ្នឹងនៅឯប្រទេសចិនហើយករណីខ្លះបានរីកដាលចូលដល់ប្រទេសទ្បាវ ហើយនិងប្រទេសវៀតណាមនៅតាមព្រំដែនជាមួយចិនហ្នឹងក៏ប៉ុន្តែគ្រាន់តែថាជំងឺនេះអត់ទាន់បានឆ្លងចូលមកដល់ប្រទេសថៃ ឬប្រទេសកម្ពុជានៅទ្បើយទេ»។

ទាក់ទងមេរោគថ្មីនេះ លោក លី សុវណ្ណ សង្កត់ធ្ងន់ថាក្រសួងសុខាភិបាលកំពុងមានការប្រុងប្រយ័ត្ន ហើយតាមដានចាត់វិធានការទប់ស្កាត់ការរីករាលដាលនេះឱ្យបានទាន់ពេលវេលា។ វិធានការទំាងនោះគឺក្រសួងសុខាភិបាលសហការជាមួយខាងមន្រ្តីបសុពេទ្យដើម្បីផ្តល់ព័ត៌មានករណីសង្ស័យថាមានមេរោគសញ្ញាថ្មីឆ្លងដល់បក្សី ហើយបន្តឆ្លងដល់មនុស្ស។

«ចំពោះH5N1 តែវាឆ្លងទៅសត្វបក្សីទា ឬក៏មាន់ឃើញវាងាប់ភ្លាមៗយើងនំាគ្នាទប់ស្កាត់ ដល់អា H7N9 ទៅជាមាន់ ទា វាអត់ងាប់ វានៅផ្ទុកនៅវាប៉ុន្តែវាឆ្លងមកមនុស្សអាហ្នឹងដែលពិបាកអីចឹងហើយបានជាកំពុងព្រួយបារម្ភអីចឹងបានរាល់ថ្ងៃយើងមានប្រព័ន្ធតាមដានជានិច្ចយើងមានប្រព័ន្ធតាមដានផ្តាសាយ និងប្រព័ន្ធជំងឺរលាកសួតដែលយើងជ្រើសរើសមន្ទីរពេទ្យឃ្លាំមើល»។

តាមក្រសួងសុខាភិបាល H7N9 គឺជាវីរុសផ្តាសាយបក្សីមួយហើយជាធម្មតាកើតលើសត្វស្លាបក្រោយមកទៀតវាឆ្លង មកមនុស្ស។

ចំពោះរោគសញ្ញាផ្តាសាយបក្សីនេះជាទូទៅបង្កឱ្យមនុស្សមានអាការៈគ្រុនក្តៅ ក្អក និងដកដង្ហើមខ្លី ហើយអ្នកជំងឺភាគច្រើនមានជំងឺរលាក សួតធ្ងន់ធ្ងរ។ ចំណែកមួយចំនួនទៀតមានរោគសញ្ញាដូចផ្តាសាយ ហើយក៏ជាវិញដោយគ្មានការព្យាបាល។ ជំងឺនេះគ្មានវ៉ាក់សំាងចាក់ការ ពារនោះទេ ប៉ុន្តែថ្នំាប្រឆំាងវីរុសគ្រុនផ្តាសាយបក្សីគឺមានប្រសិទ្ធភាព។

បើតាមរបាយការណ៍ក្រសួងសុខាភិបាលបង្ហាញថាករណីលើកដំបូងជំងឺផ្តាសាយបក្សី H7N9 ត្រូវបានគេរាយការណ៍ថាជាការឆ្លងមកមនុស្សនៅក្នុងខែមីនា ឆ្នំា២០១៣ នៅក្នុងប្រទេសចិន។

គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០១៧ បង្ហាញថាមានករណី វីរុស H7N9 កើតនៅលើពិភពលោកសរុបចំនួន ១៥៣៣ ដែលបានអះអាងពីមន្ទីរពិសោធន៍ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៩២នាក់។ លើសពីនេះទៀតនោះអ្នកវិទ្យាសាស្រ្តរំពឹងថាករណីមេរោគ H7N9 នឹងបន្តមានទៀតពីព្រោះវីរុសនៅតែបន្តរកឃើញនៅលើសត្វ និងបរិស្ថាន។

យោងតាមអង្គការសុខភាពសត្វពិភពលោកបង្ហាញថាសំណាកវិជ្ជមាននៅតែបន្តរកឃើញលើបសុបក្សីពីទីផ្សារបក្សីរស់ កសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹមនៅតាមផ្ទះ។ ភាគច្រើននៃករណីដែលឆ្លងពីសត្វមកមនុស្សដោយសារការប៉ះពាល់ទៅនឹងវីរុស H7N9 តាមរយៈការប៉ះពាល់ជាមួយបក្សីដែលមានផ្ទុកវីរុស ឬបរិស្ថានកង្វក់រួមទំាងទីផ្សារបក្សីរស់។

ថ្វីត្បិតតែកម្ពុជាមិនទាន់មានការរីករាលដាលមេរោគថ្មី H7N9 យ៉ាងណាក៏ដោយ តែចន្លោះពីឆ្នាំ ២០០៣-២០១៤ កម្ពុជាធ្លាប់បានឆ្លងជំងឺផ្តាសាយបក្សី H5N1 ចំនួន៥៦ករណី ហើយក្នុងចំណោម៥៦ករណីនេះ មាន៤៤នាក់ជាកុមារ។ ក្នុងចំណោម៥៦ករណីនេះ ពលរដ្ឋកម្ពុជាចំនួន៣៧នាក់បានស្លាប់។ តែគួរបញ្ជក់ដែរថាចន្លោះពីឆ្នំា២០១៥-២០១៧នេះកម្ពុជាពុំមានករណីឆ្លងជំងឺៗផ្តាសាយបក្សី H5N1នោះទេ។

ដោយសាររឿងនេះ ក្រសួងសុខាភិបាលក៏អំពាវនាវទៅដល់ប្រជាពលរដ្ឋទំាងអស់ថាបើមានការសង្ស័យករណីកើតជំងឺនេះគឺត្រូវទូរស័ព្ទទៅកាន់លេខ១១៥ដែលការហៅចូលមិនត្រូវបានកាត់ទឹកប្រាក់នោះទេ៕

Share

Image
Image
Image