en     km
en     km

កម្ពុជាកំពុងពិនិត្យនីតិវិធីចំពោះការស្នើសុំបើកការិយាល័យតំណាងវិទ្យុVOAនិងអាស៊ីសេរី

Share

ភ្នំពេញ៖​នៅថ្ងៃទី ២៥ មករានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានផ្ញើលិខិត១ច្បាប់ជូន រដ្ឋមន្រ្តីក្រសួងការបរទេស អំពីនីតិវិធីមួយចំនួន ដែលជាលទ្ធភាពនាំឱ្យវិទ្យុVOAនិងអាស៊ីសេរីអាចបើកការិយាល័យតំណាងរបស់ខ្លួនឡើងវិញនៅកម្ពុជា បើបានគោរពកាតព្វកិច្ចសារពើពន្ធជាមុននោះ។

លិខិតមួយច្បាប់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានផ្ញើជូនលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅថ្ងៃនេះ ស្តីពីនីតិវិធីចំពោះការស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នៅក្នុងប្រទេសកម្ពុជាឡើងវិញ ជាអ្វីដែលរដ្ឋាភិបាលក្រុងភ្នំពេញធ្លាប់បើភ្លើងខៀវពីមុនមក។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានសរសេរថា៖«ចំពោះករណីស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) អគ្គនាយកដ្ឋានពន្ធដារ បានស្នើមកក្រសួងព័ត៌មាន មុនផ្តល់អាជ្ញាប័ណ្ណ ឬផ្តល់ការអនុញ្ញាតឲ្យចុះបញ្ជីស្របច្បាប់ដល់ការិយាល័យវិទ្យុទាំងពីរនេះ គួរភ្ជាប់នូវលក្ខខណ្ឌនៃការគោរពកាតព្វកិច្ចសារពើពន្ធជាមុន»។

ក្នុងលិខិតដដែលលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យអាស៊ីសេរី (RFA) កន្លងមក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាយូរឆ្នាំដោយពុំបានចុះបញ្ជីនៅក្រសួងព័ត៌មាន។ ជានេះវិទ្យុទាំងពីរក៏ពុំបានយកចិត្តទុកដាក់នូវការអនុវត្តកាតព្វកិច្ចចុះបញ្ជីពន្ធដារស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារនោះដែរ។ ក្រោយមក វិទ្យុទាំងពីរនេះ បានសម្រេចបិទការិយាល័យតំណាងរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយខ្លួនឯងហើយពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចទៀតផង។

លិខិតមួយច្បាប់នេះក៏បានស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដែលថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន។ សេចក្តីថ្លែងការណ៍បញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង។ ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជាឡើងវិញបានផងដែរ។

ជាការកត់សម្គាល់ ក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០១៨កន្លងទៅ គឺនាជំនួបរវាងលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោករដ្ឋមន្រ្តីបានបង្ហាញចេតនាដោយថ្លែងថា កម្ពុជាចង់ឲ្យមានការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងការិយាល័យវិទ្យុអាស៊ីសេរី RFA នៅកម្ពុជាឡើងវិញ ដើម្បីងាយស្រួលប្រាស្រ័យទាក់ទងគ្នា។

ដោយឡែកកាលពីដើមខែធ្នូឆ្នាំ២០១៨ដដែល សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងផងដែរថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកក៏អាចមានសេរីភាពបើកការិយាល័យនៅកម្ពុជាឡើងវិញបានដែរ ព្រោះរាជរដ្ឋាភិបាលមិនបានដាក់សម្ពាធ និងបិទការិយាល័យវិទ្យុទាំង ២ ឡើយ។លោកបន្តថាគឺវិទ្យុទាំង ២ បានសម្រេចបិទដោយខ្លួនឯង ប៉ុន្តែកាសែតឌឹខេមបូឌាដេលី (The Cambodia Daily) ត្រូវដោះស្រាយបំណុលពន្ធដារជាមុនសិន។

សូមរំលឹកជូនថា ​ស្ថានីយ​វិទ្យុ​ជាង​ ៣០ ដែល​ជួល​រលក​ធាតុអាកាស​ RFA និង​ VOA ​ត្រូវ​បាន​បិទ​។ វិទ្យុអាស៊ីសេរី ​ធ្លាប់​អះអាង​ថា ការបិទសំឡេងរបស់ខ្លួននៅកម្ពុជា ការបង្ក្រាប​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើឲ្យ​ខ្លួន​មិន​អាច​បន្ត​ប្រតិបត្តិការ​បាន​។

បន្ទាប់ពី​ការបិទ​វិទ្យុ​នេះ អ្នក​យក​ព័ត៌មាន​ ២ ​រូប​របស់​វិទ្យុអាស៊ីសេរី​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ពី​បទ​ «​ប្រមូល​ព័ត៌មាន​ខុសច្បាប់​សម្រាប់​ប្រភព​បរទេស​» ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​អាសនៈ​សភា​ទាំងអស់​។

វិទ្យុ​អាស៊ីសេរី​បាន​សម្រេច​បិទ​ការិយាល័យ​ដោយ​ខ្លួនឯង​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៧​។ កាសែត ឌឹខេមបូឌាដេលី បាន​ឈប់​ដំណើរការ​នៅ​ថ្ងៃទី​ ៤ កញ្ញា ឆ្នាំ​ ២០១៧ ក្រោយពី​មិន​មាន​ដំណោះស្រាយ​ជាមួយ​រាជរដ្ឋាភិបាល​ស្ដីពី​រឿង​ពន្ធ​ដែល​មាន​តម្លៃ​ជាង ៦ ​លាន​ដុល្លារ​៕

Share

Image
Image
Image