loader

អ្នកវិភាគ៖ កម្ពុជាអាចនឹងខាតបង់ធំជាងគេ​ ករណីអាមេរិកដាក់ទណ្ឌកម្ម(មានសំឡេង)

ខណៈកម្ដៅនយោបាយរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែបន្ត ទាក់ទិននឹងការចាប់ខ្លួនអ្នកនយោបាយ និងការបិទ ស្ថាប័នព័ត៌មាន និងអង្គការអាមេរិកគឺកម្ពុជាអាចនឹងទទួលរងការខាតបង់ផ្នែកសេដ្ឋកិច្ចនៅពេលអនាគតប្រសិនបើការប្រឈមនេះកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគកម្ពុជា។

កញ្ញា ឈុំ ច័ន្ទរចនា រាយការណ៍៖

 

ក្រោយពីមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងការបិទស្ថាប័ន ព័ត៌មានឯករាជ្យ អង្គការក្រៅរដ្ឋាភិបាលអាមេរិក NDI និងបណ្ដេញបុគ្គលិកទាំងនោះចេញពីកម្ពុជាមក អាមេរិកបានចេញសារអំពាវនាវឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យខ្លួនឡើងវិញ។

យ៉ាងណាមិញ អាមេរិកបានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ក្រោយមានការលើកឡើងពី សំណាក់មន្ត្រីរដ្ឋាភិបាលមួយចំនួនថា អាមេរិកគាំទ្រលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋា ភិបាល។

កាលពីថ្ងៃទី១២ កញ្ញា លោកឯកអគ្គរដ្ឋទូត William Heidt បានបើកអង្គវេទិកាតុមូលជាមួយអ្នកសារព័ត៌មាន ដោយលើកឡើងថា កម្ពុជាបានប្រមាថដល់អាមេរិកយ៉ាងខ្លាំង​ ក្រោមបទ ចោទប្រកាន់ថាអាមេរិកនៅពីក្រោយបដិវត្តន៍ពណ៌ ដែលករណីនេះនាំអោយអាមេរិកព្រមានដាក់វិធានការជា ជំហានៗ។

ដូចការគ្រោងទុក​អាមេរិក សម្រេចបិទទិដ្ឋាការទូតលើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។ ដោយសាររឿងនេះ ក្រសួងការបរទេសកម្ពុជាបានទាមទារឱ្យអាមេរិកពិចារណាលើចំណាត់ការរបស់ខ្លួនឡើងវិញ។ ករណីនេះ ក្រសួងការបរទេសកម្ពុជា សម្តែងការសោកស្ដាយដែលរដ្ឋាភិបាលអាមេរិក សម្រេចផ្អាកលែងចេញទិដ្ឋាការដល់មន្ដ្រីក្រសួងការបរទេសកម្ពុជា ដោយថា នេះជាការបំពានស្មារតីកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីមាតុភូមិនិវត្តរវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបង្ហោះលើបណ្ដាញសង្គមរបស់លោក ដោយនៅតែប្រកាន់គោលជំហររបស់លោកថា អាមេរិកកំពុង ជ្រៀតជ្រែកលទ្ធិប្រជាធិបតេយ្យកម្ពុជា ហើយការគម្រាមរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានោះ គឺមិនពិតឡើយ។ លោកថា កម្ពុជានឹងមិនខាតបង់អ្វីទេ ដោយហេតុថា អ្នកទេសចរណ៍ និងពាណិជ្ជករគេមិនទាក់ទងនឹងបញ្ហានយោបាយឡើយ។

មិនដូច្នេះទេ សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា។ លោកសាស្ត្រាចារ្យ យល់ថា ប្រសិនបើគោលជំហរកម្ពុជា និងសហគមន៍អន្តរជាតិ ឬអាមេរិក នៅតែមិនស្របគ្នានឹងកម្ពុជា នោះអាមេរិកមិនខាតបង់អ្វីឡើយ តែកម្ពុជាទៅវិញទេដែលខាតបង់ធំ។

​អាមេរិកជាទីផ្សារធំទីពីរ បន្ទាប់ពីទីផ្សារសហភាពអ៊ឺរ៉ុបដែលនាំចូលផលិតផលវាយនភ័ណ្ឌពីកម្ពុជា ហើយបើអាមេរិកដាក់ការរឹតត្បឹត ឬបិទការនាំចូលពីកម្ពុជាទៅទីផ្សារខ្លួន លោកឯម សុវណ្ណារ៉ា ថាកម្ពុជាអាចនឹងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។

លោក ឯម សុវណ្ណារ៉ា៖ “កន្លងមកថ្នាក់ដឹកនាំតែងតែថា មិនងាប់ទេពលរដ្ឋកម្ពុជាទេ មិនងាប់ទេតែថ្នាក់ដឹកនាំដែលមានថវិកាចាយគ្រប់គ្រាន់ តែសម្រាប់ប្រជាពលរដ្ឋគឺថាពិបាកហើយ កម្មករ ៧០ម៉ឺននាក់ទៅណា?​ នេះជាបញ្ហាចោត។ កាលណាគាត់អត់ការងារធ្វើ វិបត្តិសេដ្ឋកិច្ចកើនឡើង ធ្វើឲ្យពលរដ្ឋកម្ពុជាអត់ការងារកើនឡើង”។

កាលពីថ្ងៃទី១៣ កញ្ញានេះ ស្ថានទូតអាមេរិកក៏បានជូនដំណឹងដល់ប្រជាជនរបស់ខ្លួនដែលរស់ នៅកម្ពុជា ឲ្យប្រុងប្រយ័ត្នពីស្ថានភាពនយោបាយតឹងតែង ក្រោយមានការចាប់ខ្លួនអ្នក នយោបាយ និងការបិទបណ្ដាអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលគាំទ្រដោយអាមេរិក។

ក្នុងសេចក្ដីប្រកាសនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបង្ហាញពីការព្រួយបារម្ភពីការផ្ទុះឡើងនូវអំពើហិង្សា ហើយប្រាប់ឲ្យពលរដ្ឋខ្លួនជៀសវាងហ្វូងមនុស្សច្រើន ឬកន្លែងដែលហ្វូងមនុស្សកំពុងប្រមូលផ្ដុំ។

ទាក់ទិននឹងរឿងនេះ លោក ឯម សុវណ្ណារ៉ា យល់ថា សេចក្ដីប្រកាសនេះ អាចនឹងប៉ះពាល់ យ៉ាងខ្លាំង ទាំងវិស័យទេសចរណ៍ និងការវិនិយោគទុននៅកម្ពុជា។

លោក ឯម សុវណ្ណារ៉ា៖ “សារព្រមានលើពលរដ្ឋអាមេរិកពាក់ព័ន្ធសុវត្តិភាពនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ មានការពិចារណាលើការដើរហើរ ឬមកទស្សនា ឬមកលេង ហើយជាតំបន់មួយដែលធ្វើឲ្យអ្នកវិនិយោគិនគិតពិចារណា ព្រោះវាលែងមានសុវត្ថិភាព”។

ចំពោះការលើកឡើងរបស់មន្ត្រីកម្ពុជាមួយចំនួនថា អាមេរិកចង់បានទំនិញថោកពីអាមេរិកនោះ លោកឯម សុវណ្ណារ៉ា ថាជាការយល់ខុស។

លោក ឯម សុវណ្ណារ៉ា៖ “ទំនិញផលិតចេញពីចិន និងប្រទេសផ្សេងៗថោកជាងឆ្ងាយណាស់ ហើយគេអាចទទួលយកទំនិញពីបណ្ដាប្រទេសទាំងនោះ ហើយកម្ពុជានឹងបាត់បង់ទីផ្សារ នឹងបាត់បង់ចំណូលហើយ” ។

ប្រទេសកម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិកគិតតាំងពីឆ្នាំ ១៩៩៧ មក ដោយនៅក្នុងនោះ ៩០% ជាសំលៀកបំពាក់ និងស្បែកជើង ដែលនេះជាឧស្សាហកម្មនាំចេញទីមួយ របស់កម្ពុជា ដែលផ្ដល់ការងារដល់កម្មករប្រមាណជាង៧០ម៉ឺននាក់៕(អត្ថបទ កញ្ញា ឈុំ ច័ន្ទរចនា​)

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ស្លាកអក្សរក្លោងទ្វារបូកគោ«រមណីយដ្ឋានសុខាឋានសួគ៌»ដកចេញហើយតាមបញ្ជារបស់សម្ដេចហ៊ុនសែន

ក្រុងភ្នំពេញ៖ អាជ្ញាធរខេត្តកំពតរូតរាន់ភ្លាមៗន[...]

តុលាការកោះហៅគណៈកម្មការបុណ្យបណ្ឌិតកែមឡីតាមបណ្ដឹងរបស់ប្រធានបក្សយុវជនកម្ពុជា(មានសំឡេង)

ភ្នំពេញ៖ លោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាល[...]

គ.ជ.ប ថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានតិចនៅឡើយ

  គិតមកត្រឹមថ្ងៃទី ២២ ខែកញ្ញា នេះ  អ្នកទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត