loader

តើប្រទេសណាខ្លះនៅអាស៊ីអាចទទួលបានផលប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់លោកដូណាល់ត្រាំ?

លោកប្រធានាធិបតីអាមេរិកដូណាត្រាំចាប់ផ្ដើមធ្វើទស្សនកិច្ចរយៈពេលមួយសប្ដាហ៍នៅតំបន់អាស៊ីដែលទស្សនកិច្ចនេះចាប់ផ្ដើមពីថ្ងៃទី៥ដល់ថ្ងៃទី១៤វិច្ឆិកា។

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកត្រាំនៅអាស៊ីដែលទើបជាប់ឆ្នោតជាមេដឹកនាំអាមេរិកតាម​រយៈការបោះឆ្នោតកាល​ពីចុងឆ្នាំ​២០១៦​នាំអោយមានការចោទសួរពីសារៈប្រយោជន៍នៃទស្សនកិច្ចរបស់មេដឹកនាំមហាអំណាចរូបនេះថាតើប្រទេសនៅអាស៊ីណាខ្លះដែលទទួលបានផលប្រយោជន៍ពីអាមេរិកនិងប្រទេសណាខ្លះដែលមិនអាចទទួលបានផលប្រយោជន៍ពីអាមេរិក។

សូមស្ដាប់ការវិភាគរបស់លោកនួនបូរិនដែលមានខ្លឹមសារដូចតទៅ៖

លោកដូណាត្រាំបានកំណត់ប្រទេសដែលលោកមកធ្វើទស្សនកិច្ចគឺមាន៥ប្រទេសតែប៉ុណ្ណោះគឺប្រទេសជប៉ុនកូរ៉េខាងត្បូងចិនវៀតណាមនិងហ្វីលីពីន។ប៉ុន្ដែប្រទេសមួយចំនួនទៀតក៏អាចបានផល​ប្រយោជន៍​​ពីទស្សនកិច្ចរបស់លោកត្រាំផងដែរ។

ប្រទេសនៅអាស៊ីខាងកើតនិងអាស៊ីខាងត្បូងដែលអាច​​ទទួលបានផលប្រយោជន៍ដោយសារទស្សនកិច្ច​​របស់លោកត្រាំ

ជាដំបូងគេអាចនិយាយយោងលើប្រទេសជប៉ុនកូរ៉េខាងត្បូងនិងឥណ្ឌាដែលអាចទទួលបានផលប្រយោជន៍ពីទស្សន​កិច្ចរបស់លោកត្រាំ។

ប្រទេសទាំង៣នេះស្ថិត​ក្នុងចក្ខុ​វិស័យរបស់សហរដ្ឋអាមេរិកតាំងពីក្រោយសង្គ្រាមលោកលើកទីពីរដែលប្រទេសទាំង៣នេះហើយអាមេរិកមិនអាចអត់បានឡើយ។

មានប្រទេសទាំង៣នេះនាំអោយអាមេរិកមានឥទ្ធិពលនៅអាស៊ី។ជប៉ុន-កូរ៉េខាងត្បូងទោះបីចំនួនប្រជាជនតិចជាងចិនក៏ដោយប៉ុន្ដែប្រទេស២នេះគឺជាសម្ព័ន្ធមិត្តស្លាប់រស់ជាមួយអាមេរិកជាប្រវត្តិសាស្ដ្រទៅហើយតាំងពីសង្គ្រាមលោកលើកទីពីរ។លោកដូណាត្រាំដែលបានជួបនាយករដ្ឋមន្ដ្រីជប៉ុ​នហ្ស៊ីនសូអាបេក្នុងដំណើរទស្សនកិច្ចរបស់លោកនៅក្រុងតូក្យូនោះលោកបានហៅជប៉ុនជាសម្ព័ន្ធភាពស្លាប់រស់ជាមួយគ្នា។

U.S. President Donald Trump meets with South Korean president Moon Jae-in during the U.N. General Assembly in New York, U.S., September 21, 2017. REUTERS/Kevin Lamarque

តើជប៉ុនត្រូវការអាមេរិកដើម្បីអ្វីហើយអាមេរិកត្រូវការជប៉ុនដើម្បីអ្វី?

ត្រង់នេះគេអាចនិយាយបានថាអាមេរិកត្រូវការប្រទេសជប៉ុនគឺអាមេរិកចាំបាច់ត្រូវតែរក្សាឥទ្ធិពលរបស់ខ្លួននៅអាស៊ីខាងកើតគឺទាំងយោធាសេដ្ឋកិច្ចនិងនយោបាយ។បើរាប់ក្រោយពីសង្គ្រាមលោកលើកទីពីរភ្លាមនោះអាមេរិកចាត់ទុកជប៉ុនដូចជារដ្ឋរបស់ខ្លួនមួយរួចទៅហើយគឺគ្មានប្រទេសណាអាចប៉ះជប៉ុនបានឡើយសូម្បីតែមហាយក្សចិនឬក៏រុស្ស៊ីក៏មិនអាចប៉ះជប៉ុនបានដែរ។

នៅពេលដែលជប៉ុនមានជំលោះដែនកោះជាមួយចិនគឺអាមេរិកនៅពីក្រោយជប៉ុនជាប់ជានិច្ចដែលធ្វើអោយចិនមិនអាចបំពារបំពានជប៉ុនបានឡើយទោះបីប្រទេសនេះមានសក្ដានុពលកងទ័ពកំលាំងសេដ្ឋកិច្ចចំនួនប្រជាជនជាង១ពាន់៣រយលាននាក់ក៏ដោយនោះ។

ជំលោះដែនកោះមួយចំនួននៅសមុទ្រចិនខាងកើតដែលជប៉ុនរឹបអូសបានក្នុងសង្គ្រាមលោកលើកទីពីរគឺមកដល់ពេលនេះនៅតែជារបស់ជប៉ុនគឺចិនមិនអាចចូលកាន់កាប់បានឡើយព្រោះអ្វីគឺខ្លាចសហរដ្ឋអាមេរិក។ជារួមទៅទាំងអាមេរិកនិងជប៉ុនមិនអាចខ្វះគ្នាបានឡើយ។ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះមានតុល្យភាពនិងគ្នាខ្លាំងណាស់។ជប៉ុនមានសក្ដានុពលផ្នែកសេដ្ឋកិច្ចទៅលើអាមេរិក។ចំណែកអាមេរិកក៏មានសក្ដានុពលទាំងយោធានិងសេដ្ឋកិច្ចទៅលើជប៉ុនផងដែរ។

ករណីការគំរាមកំហែងរបស់កូរ៉េខាងជើង

តាមរយៈទស្សនកិច្ចរបសលោកត្រាំគេអាចវាយតំលៃបានថាជប៉ុនត្រូវការអាមេរិកយ៉ាងខ្លាំងទៀតនោះគឺករណីកូរ៉េខាងជើងដែលកំពុងគំរាមកំហែងលើដែនដីជប៉ុនយ៉ាងខ្លាំង។នៅក្នុងដំណើរទស្សនកិច្ចសួរសុខទុក្ខកងទ័ពអាមេរិកនិងជប៉ុននៅលើទឹកដីជប៉ុនលោកដូណាត្រាំបានប្រាប់ជប៉ុនអោយបាញ់ទំលាក់កាំជ្រួចកូរ៉េខាងជើងបើវាបន្ដហោះហើរលើដែនអាកាសរបស់ជប៉ុនទៀតនោះ។

លោកត្រាំបានបញ្ជាក់ទៀតថាទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនគឺចំពេលដែលភាពតានតឹងរវាងអាមេរិកនិងកូរ៉េខាងជើងកាន់តែខ្លាំងនោះគឺជាការបញ្ជាក់យ៉ាងច្បាស់ថាសម្ព័ន្ធមិត្តរបស់អាមេរិកគឺជប៉ុនមិនអាចសត្រូវណាឈ្លានពានបានឡើយ។មានន័យថាលោកដូណាត្រាំបានគំរាមទាំងកូរ៉េខាងជើងនិងប្រទេសចិនដែលប្រទេសមហាយក្សមួយនេះតែងតែចង់ដណ្ដើមយកដែនកោះពីជប៉ុនមកគ្រប់គ្រងវិញ។

តើកូរ៉េខាងត្បូងបានផលប្រយោជនជ៍អ្វីខ្លះពីទស្សនកិច្ចរបស់លោកត្រាំ?

លោកត្រាំកំណត់ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេល២ថ្ងៃគឺពីថ្ងៃទី៧ដល់ថ្ងៃទី៨វិច្ឆិកា។ទស្សនកិច្ចនេះនាំអោយលោកត្រាំត្រូវទៅសួរសុខទុក្ខកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងហើយជួបជាមួយនិងសមភាគីរបស់លោកគឺលោកប្រធានាធិបតីមូនចៅអ៊ីន។ក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងត្បូងបាននាំអោយមានការសន្និដ្ឋានថាលោកត្រាំបង្ហាញពីភក្ដីភាពរបស់អាមេរិកលើកូរ៉េខាងត្បូងយ៉ាងខ្លាំងហើយទស្សនៈកិច្ចនៅពេលនេះគឺប្រៀបបានលោកត្រាំកំពុងតែជាន់ទឹកដីសមរភូមិលើឧបទ្វីបកូរ៉េរួចទៅហើយ។លោកត្រាំដែលជាអ្នកជំនួញមានប្រាក់ស្ដុកស្ដម្ភហើយបានក្លាយជាប្រធានាធិបតីរបស់អាមេរិកដែលហ៊ានធ្វើទស្សនកិច្ចលើទឹកដីសមរភូមិមួយនៅកូរ៉េមើលទៅមិនធម្មតាឡើយ។លោកត្រាំបានប្រាប់ថាគ្មានប្រទេសណាមួយអាចឈ្លានពានសម្ព័ន្ធមិត្តរបស់ខ្លួនបានទេ។ការព្រមានរបស់លោកត្រាំនេះនាំអោយមានភាពកក់ក្ដៅយ៉ាងខ្លាំងចំពោះកូរ៉េខាងត្បូងដែលកំពុងប្រឈមមុខការវាយប្រហារនិងឈ្លានពានពីសំណាក់កូរ៉េខាងជើងដែលជាមហាមិត្តរបស់ចិន។លោកត្រាំបានព្រមានទៀតថាគ្មានមេដឹកនាំផ្ដាច់ការឬមេដឹកនាំផ្ដាច់ការណាមួយអាចបំផ្លាញផលប្រយោជន៍អាមេរិកនិងសម្ព័ន្ធមិត្តអាមេរិកបានឡើយ។ការប្ដេជ្ញារបស់លោកត្រាំកាន់តែនាំអោយខាងត្បូងនិងជប៉ុនកក់ក្ដៅយ៉ាងខ្លាំងដែលស្របពេលនេះទៀតមេបញ្ជាការកងទ័ពអាមេរិកក៏បានព្រមានដែលថាមិនអោយរបបក្រុងព្យុងយ៉ាងឈ្លានពានកូរ៉េខាងត្បូងបានដា​ច់ខាត។

ចុះកូរ៉េខាងជើងបានផលប្រយោជនជ៍អ្វីដែរចំពោះទស្សនកិច្ចរបស់លោកត្រាំ?

គឺគ្មានទេមានតែហិនហោចឈឺចាប់ខ្លោចផ្សាទៅវិញទេព្រោះលោកត្រាំមកកាន់តំបន់អាស៊ីនេះគឺជាការបន្ថែមគំនាបកាន់តែខ្លាំងទៅវិញទេចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកុម្មុយនីសផ្ដាច់ការមួយនេះ។គ្រាន់តែជាន់ដីប្រទេសជប៉ុនភ្លាមលោកត្រាំបានព្រមានថាមិនទុកអោយរបបក្រុងព្យុងយ៉ាងរស់បានស្រួលឡើយ។តែផ្ទុយទៅវិញកូរ៉េខាងត្បូងពិតជាបានផលប្រយោជន៍ពីសហរដ្ឋអាមេរិកគឺតាមរយៈទស្សនកិច្ចរបស់លោកត្រាំ។

ផលប្រយោជន៍នោះគឺប្រាប់ទៅកូរ៉េខាងជើងថាក្រុងសេអ៊ូលពិតជាមានប្រទេសមហាអំណាចយោធានៅពីក្រោយយ៉ាងពិតប្រាកដមែន។ចំណែកចិនក៏មិនបានផល​ប្រយោជន៍អ្វីដែរក្រៅពីសន្យាបង្កើនការគាបសង្កត់មហាមិត្តរបស់ខ្លួនតែប៉ុណ្ណោះក្រោយពីខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារដោយសារបិទសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងហើយនោះ។

ចុះប្រទេសឥណ្ឌាអាចបានផលប្រយោជន៍អ្វីខ្លះពីទស្សនកិច្ចរបស់លោកត្រាំ?

ផលប្រយោជន៍ពិតជាមានយ៉ាងពិតប្រាកដ។អាមេរិកកំពុងតែស្រវ៉ាអោបក្រសោបឥណ្ឌាយ៉ាងខ្លាំងព្រោះឥណ្ឌាមានសក្ដានុពលទាំងសេដ្ឋកិច្ចនយោបាយនិងយោធា។ប្រទេសដែលមានចំនួនប្រជាជនជាង១ពាន់២រយលាននាក់នេះកំពុងតែស្រូបយកផលប្រយោជន៍យ៉ាងខ្លាំងពីអាមេរិកជាពិសេសកំលាំងសេដ្ឋកិច្ច។លោកត្រាំកំណត់ជួបនាយករដ្ឋមន្ដ្រីឥណ្ឌានៅឯទីក្រុងម៉ានីលនិងនៅប្រទេសវៀតណាមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាននិងកិច្ចប្រជុំប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីភិចហៅកាត់ថាAPEC។ជំនួបកំពូលរវាងលោកត្រាំនិងនាយករដ្ឋមន្ដ្រីឥណ្ឌាត្រូវបានកំណត់ទៅលើសហប្រតិបត្តិការសេដ្ឋកិច្ចយោធានិងនយោបាយ។ផលប្រយោជន៍ឥណ្ឌាបានពីអាមេរិកគឺឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ច។រីឯអាមេរិកបានផលប្រយោជន៍ពីឥណ្ឌាវិញគឺត្រូវការកំលាំងប្រទេសធំមួយនេះដើម្បីទប់ទល់ឥទ្ធិពលប្រទេសចិន។

ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលអាចទទួលបានផលប្រយោជន៍ពីទស្សនកិច្ចរបស់លោកត្រាំ

បើនិយាយពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលអាចទទួលបានផលប្រយោជន៍ពីទស្សនកិច្ចរបស់លោកត្រាំទំនងមានតិចតួច។តែគេអាចរាប់ពីប្រទេសហ្វីលីពីនវៀតណាមឥណ្ឌូនេស៊ីសិង្ហបុរីឬប្រទេសថៃផងដែរ។លោកដូណាល់ត្រាំកំណត់ធ្វើទស្សនកិច្ចនៅវៀតណាមនៅថ្ងៃ១០វិច្ឆិកា។

លោកត្រាំត្រូវទៅចូលរួមកិច្ចប្រជុំនៃមេដឹកនាំសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិចនៅខេត្តដាណាងហើយក្រោយមកលោកត្រូវធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ។

ក្នុងពេលនេះហើយដែលលោកត្រាំត្រូវជួបមេដឹកនាំកំពូលៗរបស់វៀតណាមក្នុងនោះមានប្រធានាធិបតីនិងនាយករដ្ឋមន្ត្រី។

ទស្សនកិច្ចរបស់មេដឹកនាំអាមេរិកនាំឱ្យវៀតណាមទទួលបានវិនិយោគទុនពីអាមេរិកកាន់តែខ្លាំងថែមទៀតហើយកាន់តែធ្វើឱ្យវិនិយោគទុនបរទេសនៅវៀតណាមមានទំនុកចិត្តកាន់តែខ្លាំងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

នេះបើនិយាយពីសក្ដានុពលសេដ្ឋកិច្ច។បើនិយាយពីផ្នែកទំនាក់ទំនងការពារជាតិវិញគឺវៀតណាមកាន់តែចង់បានផលប្រយោជន៍ពីអាមេរិកយ៉ាងខ្លាំងដោយសារតែមានជម្លោះនៅប្រជុំប៉ារ៉ាសែលនិង

ស្ព្រាតលីនៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន។

ទីក្រុងហាណូយគឺចាប់តាំងពីមានជម្លោះដែនទឹកជាមួយចិនមកគឺប្រទេសសង្គមនិយមមួយនេះបានសម្រេចទិញអាវុធយុទ្ធភ័ណ្ឌជាច្រើនពីសហរដ្ឋអាមេរិក។

ឥទ្ធិពលនិងចំណងមិត្តភាពរបស់អាមេរិកមកលើវៀតណាមគឺបន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យកងទ័ពជើងទឹកអាមេរិកនៅលើដែនសមុទ្រ​របស់ខ្លួនរួចទៅហើយ។អាមេរិកក៏បានផលប្រយោជន៍ពីវៀតណាមផងដែរគឺមិនថាឡើយសេដ្ឋកិច្ចមួយមុខនោះទេគឺវិស័យយោធានិងនយោបាយទៀតផង។ចំណែកឯហ្វីលីពីនវិញក៏បានផលប្រយោជន៍ពីទស្សនកិច្ចរបស់លោកត្រាំដែរ។

លោកប្រធានាធិបតីឌូទើតេបានប្រកាសថាលោកគាំទ្រអាមេរិកទាំងស្រុងដែលដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងហើយតាមរយៈការអះអាងនេះនាំឱ្យលោកឌូទ័រតេបានទៅធ្វើទស្សនកិច្ចនៅសេតវិមានដោយបានជួបនឹងលោកត្រាំម្ដងរួចមកហើយ។

តាមរយៈនេះហ្វីលីពីនបានទទួលទាំងជំនួយយោធានិងជំនួយសេដ្ឋកិច្ចពីអាមេរិក។លោកឌូទ័រតេបានប្រកាសស្វាគមន៍លោកត្រាំជាភ្ងៀវកិត្តិយសដ៏អស្ចារ្យជាងគេនៅពេលដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំអាស៊ាននិងអាមេរិកនៅថ្ងៃ១៣វិច្ឆិកានេះ។ក្នុងនោះហើយដែលលោកត្រាំត្រូវឆក់ឱកាសឱ្យហ្វីលីពីនពង្រឹងជំហររបស់ខ្លួនដើម្បីទប់ទល់មហិច្ឆតាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

គេនៅអាចគិតបានទៀតថាប្រទេសថៃឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងសិង្ហបុរីក៏បានផលប្រយោជន៍ពីទស្សនកិច្ចរបស់លោកត្រាំផងដែរព្រោះប្រទេសទាំង៤នេះមិនដែលមានភាពល្អក់កករជាមួយអាមេរិកម្ដងណាទេ។មិនតែប៉ុណ្ណោះថែមទាំងជួយផលប្រយោជន៍អាមេរិកនៅអាស៊ីទៀតផង។

ប្រទេសដែលមិនអាចទទួលបានផលប្រយោជន៍ពីអាមេរិក

ប្រទេសដែលមិនអាចទទួលបានផលប្រយោជន៍ពីអាមេរិកគឺគ្មានអ្វីក្រៅពីប្រទេសមានជម្លោះជាមួយអាមេរិកនោះទេ។ប្រទេសទាំងនេះគេអាចរាប់កូរ៉េខាងជើងនិងកម្ពុជា។

កូរ៉េខាងជើងកំពុងមានជម្លោះជាមួយអាមេរិកយ៉ាងក្ដៅគគុក។ដោយសារជម្លោះនេះកូរ៉េខាងជើងរងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា។ជម្លោះដែលទៅរកសង្គ្រាមនេះគឺផ្ដើមចេញពីកូរ៉េខាងជើងគម្រាមកំហែងវាយប្រហារអាមេរិកដោយអាវុធនុយក្លេអ៊ែរ។ដោយសារជម្លោះជាមួយអាមេរិកប្រទេសផ្ដាច់ការមួយនេះជួបគ្រោះទុរ្ភិក្សយ៉ាងខ្លាំងប្រជាជនរស់នៅក្រោមបន្ទាត់ក្រីក្ររហូតដល់៥០ភាគរយ។

ចំណែកឯកម្ពុជាបានផ្ទះសង្គ្រាមពាក្យសម្ដីម្ដងម្កាលពិតមែនតែផ្ដើមជាសញ្ញាមួយមិនអាចទាញផលប្រយោជន៍ពីអាមេរិកបានឡើយ។ដើមចមនៃជម្លោះគឺកម្ពុជា-បក្សកាន់អំណាចចង់បំបាត់សម្លេងគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាដែលអាមេរិកនៅពីក្រោយ។គេមិនអាចរំពឹងថាទស្សនកិច្ចរបស់លោកត្រាំនៅអាស៊ីនេះនាំឱ្យកម្ពុជាបានផលប្រយោជន៍អ្វីនោះទេ។តែផ្ទុយទៅវិញជំនួបមេដឹកនាំអាស៊ាននិងអាមេរិកនៅប្រទេសហ្វីលីពីនទំនងមានតែទទួលការព្រមានពីអាមេរិកទៅវិញទេ។ហេតុផលដោយសារតែសមាជិកសភានិងព្រឹទ្ធិសភាអាមេរិកជាច្រើនរូបកំពុងដាក់គំនាបយ៉ាងខ្លាំងលើរដ្ឋាភិបាលរបស់ខ្លួន

ឱ្យដាក់គំនាបទាំងសេដ្ឋកិច្ចនិងការទូតលើប្រទេសកម្ពុជា។ករណីកម្ពុជាងាកទៅរកចិនដែលកំពុងមានជំលោះជាមួយប្រទេសអាស៊ានលើដែនទឹក​សមុទ្រ​ចិនខាង​ត្បូង​ក៏មិនអាចទទួលបានផលប្រយោជន៍ពីអាមេរិកនោះដែរ។

ដោយសារហេតុផលនេះ​មិនអាចធ្វើអោយអាមេរិកបន្តសន្យាជួយកម្ពុជា​ច្រើនទេ។ក្រៅពីកម្ពុជា​នៅមានប្រទេស​ជាច្រើនទៀត​រួមមានប្រទេសឡាវ​ក៏មិនរំពឹងថាបានទទូលផលប្រយោជន៍ពី​ទស្សនកិច្ច​របស់អាមេរិកដែរ។ឡាវក៏ស្ថិតនៅក្រោមឥទ្ធិពលប្រទេសចិនផងដែរ។ឡាវជាប្រទេសក្រីក្រមួយដែលមិនមានការគោរពសិទ្ធិមនុស្សច្រើនឡើយ។ប្រទេសដែល មានសេដ្ឋកិច្ចទន់​ខ្សោយ​ផងហើយ​មិនមាន​ការគោរពសិទិ្ធមនុស្សទៀតនោះគឺមិនអាចទទួលបានផលប្រយោជន៍ពីអាមេរិកឡើយ។

ជារួមទៅទស្សនកិច្ចរបស់លោកត្រាំដែលមកកាន់តំបន់អាស៊ីជាលើកដំបូងរបស់លោកនេះទំនងធ្វើឱ្យឥទ្ធិពលរបស់អាមេរិកនៅអាស៊ីកាន់តែខ្លាំងហើយប្រទេសដែលចង់បានផលប្រយោជន៍ពីអាមេរិកក៏កាន់តែតាំងខ្លួនធ្វើមិត្តជិតស្និទ្ធអាមេរិកកាន់តែខ្លាំងដែរ។វៀតណាមនិងជប៉ុនគឺជាប្រទេសដែលអាមេរិកចង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនខ្លាំងជាងគេដើម្បីគម្រាមកូរ៉េខាងជើងនិងប្រទេសចិន។តាមរយៈទស្សនកិច្ចនេះបង្ហាញថាលោកត្រាំជាមេដឹកនាំក្លាហានម្នាក់របស់អាមេរិកដែលហ៊ានជាន់ទឹកដីកូរ៉េខាងត្បូងចំពេលដែលស្ថានការណ៍ឆ្ពោះទៅរកសង្គ្រាមរវាងអាមេរិកនិងកូរ៉េខាងជើងកាន់តែកៀកចូលមកដល់នោះ។នេះក៏នាំឱ្យមានការសនិ្នដ្ឋានថាអាមេរិកអាចការពារសម្ព័ន្ធមិត្តរបស់ខ្លួនទប់ទល់នឹងកូរ៉េខាងជើងបានគ្រប់កាលៈទេសៈទាំងអស់ហើយបង្ហាញពីឥទ្ធិពលអាមេរិកប្រឆាំងនឹងប្រទេសចិនកាន់តែខ្លាំងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ហ្ស៊ីមបាវេ៖ អ្នកនយោបាយបក្សប្រឆំាងត្រទ្បប់ចូលប្រទេសវិញខណៈមេដឹកនំាមូហ្កាបេត្រូវបានឃុំខ្លួន

មេដឹកនំាគណបក្សប្រឆំាងធំជាងគេនៅប្រទេសហ្ស៊ីមបាវ[...]

មេដឹកនាំហ្សិមបាវេអាយុ៩៣ឆ្នាំនិងភរិយាត្រូវបានពួកយោធាឃុំខ្លួន

នៅទីបំផុតពួកយោធាបានឡើងកាន់អំណាចទាំងស្រុងបានហើ[...]

ស្ថានទូតបរទេសនៅហ្សិមបាវ៉េបា្រប់ពលរដ្ឋរបស់ខ្លួនអោយប្រុងប្រយ័ត្នចំពោះរដ្ឋប្រហារ

ហ្សិមបាវ៉េ៖ ស្ថានទូតប្រទេសអាមេរិក និងអង់គ្លេស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត