en     km
en     km

៤ខែឆ្នាំ២០១៩៖ ប.ស.ស ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូនជាង ២,៥ លានដុល្លារ

Share

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្នុងរយៈពេល ៤ខែចាប់ពីខែមករា ដល់ខែមេសាឆ្នាំ២០១៩នេះ សរុបអស់ចំនួនទឹកប្រាក់ជាង ១ម៉ឺនលានរៀល(១០ ០២៨ ៤០០ ០០០រៀល) ស្មើប្រមាណ ២,៥លានដុល្លារអាមេរិក ដល់កម្មការិនីសរុបចំនួន ២៤ ៩១២នាក់។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយបេឡាជាតិរបបសន្តិសុខសង្គមនៅថ្ងៃទី០២ ឧសភា នេះ។

យោងតាម ប.ស.ស រយៈពេល ៤ខែ ក្នុងឆ្នាំ២០១៩នេះ មានស្រ្តីជាកម្មការិនីទៅទទួលសេវាសម្រាលកូនមានចំនួន ២៤ ៩១២នាក់។ ក្នុងនោះបង្កើតកូនបានចំនួន២៥ ០៧១នាក់។

                                                                          គ្រូពេទ្យនៅមន្ទីរពេទ្យក្រុងសំរោង ខេត្តបាត់ដំបូង។

 

ដោយឡែកក្នុងឆ្នាំ ២០១៨ វិញ ប.ស.ស បានផ្តល់ថវិកាសរុបជាង​ ២,៦ម៉ឺនលានរៀល(២៦ ២១៣ ៦០០ ០០០រៀល)ស្មើប្រមាណ ៦,៥ លានដុល្លារអាមេរិក ដល់កម្មការិនីសម្រាលកូនចំនួន ៦៥ ០៥៤នាក់។ ក្នុងឆ្នាំ ២០១៨ ដដែលនេះកម្មការិនីសម្រាលកូនបានចំនួន ៦៥ ៥៣៤នាក់។

សូមបញ្ជាក់ថា បើស្រ្តីកម្មការិនីសម្រាលកូនបានមួយនាក់នឹងទទួលបាន ៤០ម៉ឺនរៀល។ សម្រាលបានកូនភ្លោះពីរ ទទួលបាន៨០ម៉ឺនរៀល កូនភ្លោះបីទទួលបាន ១លាន ២សែនរៀល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចេញផ្សាយកាលពីចុងខែមេសានេះបានបញ្ជាក់ថា ក្រសួងកំពុងដំណើរការបង្កើតកម្មវិធីមួយឈ្មោះថា «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលជាជនមានជីវភាពក្រីក្រ​។ កម្មវិធីនេះនឹងការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់តែស្រ្តីមានផ្ទៃពោះនៃគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ និងប័ណ្ណ Post-ID របស់ក្រសួងសុខាភិបាល ទោះបីជាស្រ្តីទាំងនោះជាកម្មករនិយោជិតក៏ដោយ។ ជាងនេះទៀតសម្រាប់កុមារក្រីក្រក្រោមអាយុពីរឆ្នាំនៃគ្រួសារក្រីក្រក៏ទទួលបានប្រាក់ឧបត្ថម្ភនេះដូចគ្នា៕

 

Share

Image
Image
Image