en     km
en     km

កុមារគឺជាធនធានមនុស្សមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ(មានសំឡេង)

Share

ថ្ងៃទី ១ មិថុនានេះ គឺជាទិវាសិទ្ធិកុមារអន្តរជាតិលើកទី ៦៩ ដែលពិភពលោកនាំគ្នាប្រារព្ធឡើង។ គោលបំណងនេះ ដើម្បីលើកកម្ពស់កុមារអោយក្លាយជាមនុស្សល្អក្នុងសង្គម។ ប៉ុន្តែទិវានេះ ក៏ត្រូវ​បានលើកឡើងដែរអំពីអនាគតរបស់កុមារ ជាមនុស្សជំនាន់ក្រោយនៃការជួយអភិវឌ្ឍប្រទេស។ ដោយ ឡែកសម្រាប់កម្ពុជា ក៏ចូលរួមអបអរសាទរផងដែរ។ នៅថ្ងៃមួយមិថុនានេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ញើសារ​ជូនពរ និងជំរុញអោយស្ថាប័នរដ្ឋត្រូវចាត់ទុកកុមារជាអាទិភាពនៃកត្តា អភិវឌ្ឍប្រទេសដែលមិនអាចខ្វះបាន។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កុមារគឺជាធនធានមនុស្សមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ចំណាប់អារម្មណ៍របស់សម្ដេចហ៊ុនសែនតាមរយៈលិខិតចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «រួមគ្នាការពារកុមារ ដើម្បីគ្រួសារ និងសង្គម»ដែលត្រូវបានមើលឃើញជាសាធារណៈ។

សម្ដេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ទិវាកុមារអន្តរជាតិ បានជម្រុញឱ្យរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការអនុវត្តឱ្យមានប្រសឹទ្ធភាពនូវសិទ្ធិចម្បងរបស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបានការពារ និងសិទ្ធិចូលរួម។

សម្ដេចបន្តថា ដើម្បីឱ្យធនធានមនុស្សប្រកបដោយសក្ដានុពល ច្បាស់ណាស់គឺការយកចិត្តទុកដាក់លើកុមារជាប្រការសំខាន់។ ជាងនេះទៅទៀត រដ្ឋគឺត្រូវអនុវត្តនូវសកម្មភាពអាទិភាពមួយចំនួនដូចជា៖  ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត កែលម្អរយន្តការពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍសមត្ថភាព ការពង្រឹងសេវាអប់រំ ការការពារ និងថែទាំសុខភាពដល់កុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ កុមារងាយរងគ្រោះ និងកុមារដែលមានជីវភាពក្រីក្រ។ ប្រការដែលសំខាន់ជាងនេះទៅទៀតនោះ រដ្ឋត្រូវការពារកុមារឲ្យរួចផុតពីហានិភ័យផ្សេងៗ ដូចជាការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនយកចិត្តទុកដាក់ចំពោះកុមារដែលគ្មានទីពឹង និងកុមារចំណាកស្រុកជាដើម។  

ជាការពិត អ្វីដែលកុមារត្រូវការជាចាំបាច់នោះ គឺការយកចិត្តទុកដាក់ពីគ្រួសារ សង្គម និងលើកកម្ពស់ការសិក្សាអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់មានសមត្តភាព ការកសាងគ្រួសារ និងសង្គមជាតិឱ្យបានរីកចម្រើននាពេលអនាគត។

ជាងនេះទៀត សម្ដេចក៏បានសង្កត់ធ្ងន់ថា «ការវិនិយោគជាមួយកុមារ គឺជាការងារអាទិភាពមួយ ពោលគឺការវិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានជាធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្តានុពលនាពេលអនាគត។

ដើម្បីធានាឱ្យបានថាកុមារត្រូវបានការពារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៧ចំណុចឲ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាអនុវត្តន៍ដូចតទៅ៖

១. ភាគីដែលពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា អនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារកុមារឱ្យមានប្រសិទ្ធភាព ព្រមទាំងកសាងនូវលិខិតបទដ្ឋានគតិយុត្តបន្ថែម ដើម្បីឲ្យប្រព័ន្ធកិច្ចការពារកុមារលក្ខណៈគ្រប់ជ្រុងជ្រោយ។

២. ស្ថាប័នរដ្ឋ ឯកជននិងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង និងពន្យល់ឲ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរនិងអ្នកដែលអាចការពារពួកគាត់បាន។

៣. ភាគីដែលពាក់ព័ន្ធត្រូវផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារលើគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងជួយសង្គ្រោះកុមារពីពលកម្មទាំងនោះ។

៤. ភាគីដែលពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជំរុញកុមារដែលមិនបានសិក្សារៀនសូត្រឲ្យមានឱកាសទទួលបានការអប់រំតាមគ្រប់រូបភាព ពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់កុមារ ដែលជាជនពិការឲ្យទទួលបានលទ្ធភាពក្នុងការសិក្សានេះ។

៥.បង្កើនការយល់ដឹងដល់ពលរដ្ឋឱ្យស្គាល់ពីរូបភាពនៃអំពើរំលោភបំពានលើកុមារ ការយល់ដឹងចំពោះផលប៉ះពាល់អវិជ្ជមាននៃអំពើរំលោភបំពានលើកុមារ និងផ្តល់ភាពក្លាហានដល់កុមារ និងគ្រួសារក្នុងការរាយការណ៍អំពីការរំលោភបំពាននានា។

៦. គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ឯកជន និងប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការយកចិត្តទុកដាក់លើកស្ទួយវិស័យសុខុមាលភាពកុមារនៅកម្ពុជា ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ។

៧. បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីលើកកម្ពស់សេវានានា របស់កុមារដោយបន្តបង្កើនការវិនិយោគលើកុមារ ដែលជាតម្រូវការចាំបាច់បំផុតរបស់មនុស្ស៕

Share

Image
Image
Image