en     km
en     km

គ​.​ជ​.​ប​ ព្រមាន​អ្នក​រារាំង​ដំណើរការ​បោះ​ឆ្នោត​ ប្រឈម​ការ​ផាកពិន័យ​ និង​ជាប់​ពន្ធនាគារ​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​របស់​ គ​.​ជ​.​ប​ ព្រមាន​ពី​ការ​ផាកពិន័យ​ជា​ប្រាក់​ និង​ត្រូវ​ជាប់​ពន្ធនាគារ​ ចំពោះ​ជន​ណា​ដែល​បង្ក​ការ​រារាំង​ដល់​ដំណើរការ​បោះ​ឆ្នោត​។​ អ្នក​ទាំងនោះ​នឹង​ត្រូវ​ផាកពិន័យ​ចន្លោះ​ពី​ ៥​លាន​រៀល​ ទៅ​ដល់​ ២០​លាន​រៀល​ តែ​ក្នុង​ករណី​ដែល​ជន​នោះ​បង្ក​របួស​ស្នាម​ ពួក​គេ​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​។​ ជុំវិញ​រឿង​នេះ​ មន្ត្រី​អង្គការ​សង្កេត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ទទូច​ឲ្យ​អនុវត្ដន៍​ច្បាប់​ស្មើគ្នា​រវាង​មន្ដ្រី​ ពលរដ្ឋ​ និង​អ្នក​ធ្វើ​នយោបាយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ទន្ទឹម​នឹង​ដំណើរការ​បោះ​ឆ្នោត​ ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​ ០៦​ នៅ​សល់​តែ​ ២​ខែ​ទៀត​នោះ​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​ប្រកាស​យ៉ាង​ច្បាស់ៗ​ថា​ ខ្លួន​នឹង​ចែក​ខិត្ដប័ណ្ណ​ប្រាប់​ទៅ​ពលរដ្ឋ​កុំទៅ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នា​ខែកក្កដា​ ឆ្នាំ​២០១៨​ បើ​គ្មាន​វត្ដមាន​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​។​

​ការ​ប្រកាស​របស់​លោក​ សម​ រ​ង្ស៊ី​ ដូចនេះ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្កោល​យ៉ាង​ខ្លាំង​ ហើយ​ក្រសួងមហាផ្ទៃ​បាន​ចាត់​ទុក​ថា​ ការ​អំពាវនាវ​នេះ​ គឺជា​ការ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវ​ក្នុង​សង្គម​។​ លើស​ពី​នេះ​ ក្រសួងមហាផ្ទៃ​បាន​អះអាង​ទៀត​ថា​ ខ្លួន​នឹង​សហការ​ជាមួយ​ គ​.​ជ​.​ប​ បង្ក្រាប​ទៅ​លើ​អ្នក​ចែក​ខិត្ដប័ណ្ណ​នេះ​ បើ​ទោះជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​

​ពាក់ព័ន្ធ​ករណី​នេះ​ លោក​ ឌឹ​ម​ សុវណ្ណ​រ៉ុ​ម​ មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គ​.​ជ​.​ប​ គ្មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ នៃ​ការ​រំខាន​ដល់​ការ​បោះ​ឆ្នោត​ ដោយ​បុគ្គល​ណា​នោះ​ទេ​ ព្រោះ​ច្បាប់​បាន​ចែង​យ៉ាង​ច្បាស់​ហើយពី​ទោសទណ្ឌ​សម្រាប់​ជន​ទាំង​អស់នោះ​។​ មន្ដ្រី​នាំពាក្យ​បាន​បញ្ជាក់​ថា​ ជន​ទាំងនោះ​នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​ ៥​លាន​រៀល​ ទៅ​ដល់​ ២០​លាន​រៀល​ ដោយ​មិន​ទាន់​បូក​ជាមួយនឹង​ទោស​ព្រហ្មទណ្ឌ​ឡើយ​។​

​លោក​ ឌឹ​ម​ សុវណ្ណ​រ៉ុ​ម​ ៖«​មាត្រា​ ១៤២​ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ចែង​យ៉ាង​ច្បាស់​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ០៥​លាន​រៀល​ ទៅ​ដល់​ ២០​លាន​រៀល​ ដោយ​មិន​បូក​ជាមួយ​និង​ទោស​ព្រហ្មទណ្ឌ​»​។​

​លោក​ ឌឹ​ម​ សុវណ្ណ​រ៉ុ​ម​ បញ្ជាក់​បន្ថែម​ថា​ គ​.​ជ​.​ប​ នឹង​ធ្វើ​ការងារ​របស់​ខ្លួន​ប្រកបដោយ​ស្ដង់ដា​ តម្លាភាព​ វិជ្ជាជីវៈ​ រួម​ផ្សំ​និង​សច្ចភាព​ការងារ​។​

​ជុំវិញ​ករណី​នេះ​លោក​ កន​ សាវ៉ា​ង្ស​ មន្ដ្រី​ នៃ​អង្គការ​ ខុមហ្វ្រែល​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​បើសិនជា​មាន​ន​ណា​ម្នាក់​ទៅ​ធ្វើ​សកម្មភាព​រារាំង​ ឬ​ក៏​រំខាន​ដល់​ដំណើរការ​បោះ​ឆ្នោត​ ពួក​គេ​នឹង​ប្រឈម​ទោសទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​ តែ​យ៉ាងណា​លោក​សំណូមពរ​ឲ្យ​មានការ​ចាត់វិធានការ​ច្បាប់​ដោយ​ស្មើភាព​រវាង​ មន្ដ្រី​ ពលរដ្ឋ​ និង​អ្នកនយោបាយ​។​

​លោក​ កន​ សាវ៉ា​ង្ស​ ៖«​អ​ញ្ចឹ​ង​បើ​ក្រសួងមហាផ្ទៃ​ធ្វើ​កិច្ចការ​រឿង​អស់នេះ​ជាមួយ​និង​គ​.​ជ​.​ប​ គឺ​ធ្វើ​ឲ្យ​បាន​ស្មើភាព​គ្នា​ ជា​គោលការណ៍​គឺ​ស្មើភាព​គ្នា​»​។​

​សូម​ជម្រាប​ថា​ មាត្រា​ ១៤២​ នៃ​ច្បាប់​ស្ដី​ពី​បទបញ្ជា​ និង​នីតិវិធី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​ ០៦​ បាន​ចែង​ថា​ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​ ៥​លាន​រៀល​ ទៅ​ ២០​លាន​រៀល​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហើយ​ទណ្ឌកម្ម​នេះ​ ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ ចំពោះ​ជន​ណា​បាន​ប្រព្រឹត្ដ​នូវ​គ្រប់​មធ្យោបាយ​ទុច្ចរិត​ ដែល​មាន​ដូច​ជា​ រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ បង្ក​ការ​អុកឡុក​ ឬ​រារាំង​សកម្មភាព​ជា​ប្រក្រតី​ ក្នុង​ទីកន្លែង​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ក្នុងអំឡុងពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ឲ្យ​អ្នកគាំទ្រ​ ឬ​អ្នកបោះឆ្នោត​ប្រព្រឹត្ដ​អំពើ​រំលោភ​បំពាន​ អំពើ​គំរាមកំហែង​ អំពើ​ហិង្សា​ទៅ​លើ​បេក្ខជន​ ឬ​ទៅ​លើ​គណបក្ស​នយោបាយ​ដទៃ​។​ រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​។​ រារាំង​បេក្ខជន​ ឬ​អ្នកគាំទ្រ​គណបក្ស​នយោបាយ​មិន​ឲ្យ​ឃោសនាបោះឆ្នោត​ តាម​ការ​កំណត់​។​ ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ដ​លើ​ការ​សម្ងាត់​នៃ​ការ​បោះ​ឆ្នោត​។​ ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ដ​លើ​ការ​បោះ​ឆ្នោត​។​ បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​បាន​។​ បង្ក​ការ​រំខាន​មិន​ឲ្យ​រាប់​សន្លឹក​ឆ្នោត​បាន​។​ ធ្វើ​ឲ្យ​ខូច​របៀបរៀបរយ​ក្នុង​ពេល​បោះ​ឆ្នោត​។​ ទិញ​សន្លឹក​ឆ្នោត​ដោយ​សម្ភារ​ ឬ​ដោយ​ប្រាក់​កាស​។​

​តាម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នេះ​ ជន​ដែល​បាន​ប្រព្រឹត្ដ​ដូច​អ្វី​ដែល​រៀបរាប់​ខាងលើ​ ពួក​គេ​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​ ឬ​លុប​បេក្ខភាព​របស់​សា​ម៉ី​ខ្លួន​ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បន្ថែម​ពីលើ​ទណ្ឌកម្ម​ដែល​បាន​ចែង​ក្នុង​កថាខណ្ឌ​ទី​១​។​ ប្រទេស​កម្ពុជា​ នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ សភា​នីតិកាល​ទី​៦​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ រំពឹង​ថា​ គណបក្ស​នយោបាយ​ នឹង​ចូលរួម​បោះ​ឆ្នោត​ច្រើន​ជាង​ការ​បោះ​ឆ្នោត​សភា​ នីតិកាល​ទី​ ០៥​ ឆ្នាំ​២០១៣​ បើ​ទោះជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក៏​ដោយ​៕​

Share

Image
Image
Image