en     km
en     km

អ្នកជំនាញ​ព័ត៌មាន​៖​ ក្រុម​ពិធី​ការិនី​វិទ្យុ​ ABC​ មិន​ប៉ះពាល់​វិជ្ជាជីវៈ​ទេ​តែ​ជា​ការ​ជាន់ពន្លិច​ខ្លួនឯង​

Share

ភ្នំពេញ​៖​ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បញ្ជា​ឱ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ ឈប់​ជួល​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​ក្នុងស្រុក​មួយ​ គឺ​វិទ្យុ​ABC​ របស់​លោក​អាចារ្យ​អេ​ មាន​អង្គភាព​សារព័ត៌មាន​ជា​ច្រើន​ បាន​ចេញ​មុខ​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​។​ ​ពួក​គេ​លើក​ឡើង​ថា​ សកម្មភាព​ទាំងនេះ​បាន​ប៉ះពាល់​អ្នក​សារព័ត៌មាន​ និង​ពិធីករ​ពិធី​ការិនី​ដែល​បំពេញ​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​ តែ​យ៉ាងណាមិញ​ អ្នកជំនាញ​ក្នុង​វិស័យ​ព័ត៌មាន​យល់​ថា​ សកម្មភាព​មិន​បាន​ជះ​ឥ​ទិ្ធ​ពល​ទៅ​លើ​អ្នក​គោរព​វិជ្ជាជីវៈ​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ទ​ង្វើ​នេះ​គឺជា​ការ​ជាន់ពន្លិច​ខ្លួនឯង​ទៅ​វិញ​ទេ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

abc-kh
​បើ​អ្នក​ចូល​មើល​បណ្ដាញ​សង្គម​  អ្នក​នឹង​ឃើញ​Page​ ហ្វេ​ស​ប៊ុ​ក​ ជា​ច្រើន​ ចែករំលែក​ គ្នា​មើល​ អំពី​ ការ​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សម្ដី​ រវាង​អ្នកគ្រប់គ្រង​ វិទ្យុ​ABC​ លោក​អាចារ្យ​ អេ​ វាយប្រហារ​ លើ​ ក្រសួង​ព័ត៌មាន​ ដែល​បង្គាប់​ឱ្យ​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ឈប់​ជួល​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​ ABC​ ក្នុង​កម្មវិធី​ ABC​ ៣​ Springs​។​

​ក្នុង​កម្មវិធី​នេះ​ហើយ​ ដែល​ក្រុម​ពិធី​ការិនី​ របស់​វិទ្យុ​ABC​ និយាយ​និង​លេងសើច​ ក្អះ​ក្អា​យ​ តែ​ពេល​នោះ​ពិធី​ការិនី​ ឡើង​លើក​តុ​ ហើយ​ស្ទុះ​កាន់​ក្បាល​មេក្រូ​ និយាយ​។​ ឈុត​ឆាក​នេះ​ នាំ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ ដល់​ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ ដែល​ចុង​ក្រោយ​នេះ​ គេ​បញ្ចេញមតិ​ថា​ មិន​សម​មាន​កាយវិការ​ ពាក្យ​សម្ដី​មិន​សមរម្យ​សោះ​ ក្នុង​នាម​ជា​ស្ត្រី​។​

​រឿង​នេះ​ក៏​គួប​ផ្សំ​មួយទៀត​ គឺ​ក្រុម​ពិធី​ការិនី​ របស់​វិទ្យុ​ បាន​ធ្វើ​សកម្ម​តាម​ផ្លូវ​ វាយប្រហារ​វិទ្យុ​អាស៊ី​សេរី​ ថា​ គាំទ្រ​ អា​មេ​រិ​ក​ មិន​ឱ្យ​លុប​បំណុល​ របស់​ប្រទេស​កម្ពុជា​ ដែល​ជា​បំណុល​សល់​ពី​ របប​សាធារណរដ្ឋ​ខ្មែរ​ របស់​លោក​សេនាប្រមុខ​ លន់​ ន​ល់​។​ កាយវិការ​របស់​ពិធី​ការិនី​ វិទ្យុ​ABC​ បាន​នាំ​ក្រសួង​ព័ត៌មាន​ ចេញ​លិខិត​បញ្ជា​ឱ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ឈប់​ជួល​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​នៃ​ដេ​ប៉ា​ដឺ​ម៉​ង់​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គម​នា​គម​ មាន​ប្រសាសន៍​ថា​  សកម្មភាព​របស់​ក្រុម​លោក​អាចារ្យ​អេ​ មិន​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នោះ​ទេ​ ព្រោះ​អ្វី​ ក្រុម​លោក​អាចារ្យ​អេ​ បាន​ធ្វើ​ គឺ​មិនមែន​កំពុង​អនុវត្តន៍​តាម​របៀប​រាយការណ៍​ព័ត៌មាន​នោះ​ទេ​។​

​តែ​យ៉ាងណាមិញ​លោក​ថា​ វា​ក៏​អាច​ប៉ះពាល់​ដោយ​ប្រយោល​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​គេ​គោរព​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​

​បែប​នេះ​នេះ​ក្តី​ លោក​ថា​ អ្នក​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ គឺ​ក្រុម​អ្នក​អត្ថាធិប្បាយ​របស់​វិទ្យុ​ABC​ ទៅ​វិញ​ទេ​។​ លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ ចង់ឱ្យ​សាធារណៈជន​ បង្កើន​នូវ​អក្ខរ​ភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ អាច​បែងចែក​ថា​អ្វី​ទៅ​ជា​វិជ្ជាជីវៈ​សារព័ត៌មាន​ ហើយ​អ្វី​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​បែប​បញ្ចេញមតិ​។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​ចង់ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ពង្រឹង​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​គោរព​តាម​ច្បាប់​អ្នក​សារព័ត៌មាន​ឱ្យ​បាន​រឹង​មាំ​ ដើម្បី​លើកតម្កើង​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​មាន​តម្លៃ​ និង​ទទួល​បានការ​គោរព​ពី​សាធារណៈជន​។​

​កម្មវិធី​ ABC​ ៣​ Springs​ របស់​វិទ្យុ​ABC​  ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ ពិធីករ​ពិធី​ការិនី​នៃ​ការ​កម្មវិធី​នេះ​ បាន​បង្ហាញ​កាយវិការ​ រញ៉េរញ៉ៃ​ លោត​ច្រងេងច្រងាង​ ដែល​អាច​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ ហើយ​លើស​ពី​នេះ​ទៀត​នោះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពិ​ករ​ពិធី​ការិនី​ដ៏​ទៃ​ទៀត​ដែល​បំពេញ​វិជ្ជាជីវៈ​ការងារ​ត្រឹមត្រូវ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ខ្លួន​ដែរ​។​

​លោក​ ទូច​ សុខៈ​ ប្រធាន​សមាគម​ពិធីករ​ពិធី​ការិនី​ លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​សម័យនេះ​គេ​មានការ​បែងចែក​ច្បាស់​អ្នក​ណា​ជា​ពិធីករ​អាជីព​ អ្នក​ណា​មិនមែន​អ្នក​អាជីព​ ក្នុង​ន័យ​នេះ​លោក​យល់​ថា​ សកម្មភាព​របស់​ពិធីករ​វិទ្យុ​ABC​ មិន​បាន​ប៉ះពាល់​ដល់​ពិធីករ​ដែល​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ឡើយ​។​ តែ​លោក​យល់​ថា​សកម្មភាព​របស់​ពួក​គេ​ គឺ​បាន​ប៉ះពាល់​ទៅ​តម្លៃ​ស្ត្រី​ខ្មែរ​ ដែល​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​មាន​ឥរិយា​បទ​ និង​កាយវិការ​ទន់ភ្លន់​ទៅ​តាម​ប្រពៃណី​ខ្មែរ​។​

​សេចក្តីថ្លែងការណ៍​អង្គភាព​មួយ​ចំនួន​ដែល​បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ ចំណាត់ការ​របស់​ ក្រសួង​ព័ត៌មាន​ ក្នុង​នោះ​រួម​មាន​ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​ ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ សមាគម​មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន​កម្ពុជា​ ជាដើម​  បាន​លើក​ឡើង​ថា​  វិធានការ​នេះ​ នឹង​ក្លាយជា​ «​មូលដ្ឋាន​គំរូ​»​ ដើម្បី​ក្រសួង​មាន​វិធានការ​ដូច​គ្នា​ ចំពោះ​អង្គភាព​ ឬ​បុគ្គល​ដទៃ​ទៀត​ ដែល​ប្រព្រឹត្ត​ ប្រាស់ចាក​ក្រមសីលធម៌​វិ​ជ្ចា​ជីវៈ​ និង​ប្រព្រឹត្ត​ខុសច្បាប់​។​

​សកម្មភាព​ទាំងនោះ​គឺជា​ ផល​ប៉ះពាល់​ជា​វិជ្ជមាន​ចំពោះ​ប្រពៃណី​ទំនៀមទម្លាប់​ របស់​ខ្មែរ​ជា​ពិសេស​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ដែល​កន្លង​មក​វិទ្យុ​របស់​លោក​អាចារ្យ​អេ​ តែងតែ​រំលោភ​បំពាន​ នូវ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា​ ទ​ង្វើ​របស់​ក្រុម​លោក​អាចារ្យ​អេ​ នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពិធីករ​ ពិធី​ការិនី​ ដ៏​ទៃ​ទៀត​ដែល​បំពេញ​វិជ្ជាជីវៈ​ការងារ​ត្រឹមត្រូវ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ខ្លួន​។​

​សមាគម​ និង​អង្គភាព​ព័ត៌មាន​ទាំងនោះ​ចង់ឱ្យ​ អ្នក​សារព័ត៌មាន​ ឬ​ពិធីករ​ពិធី​ការិនី​ទាំងអស់​គោរ​នូវ​ក្រមសីលធម៌​ និង​ក្រម​វិជ្ជាជីវៈ​ឱ្យ​បាន​ខ្ជាប់​ខ្ពា​ន់​។​

​យ៉ាងនេះ​ក្ដី​ លោក​អាចារ្យ​អេ​ និង​ក្រុម​ ការងារ​របស់​បាន​ការពារ​ទ​ង្វើ​របស់​ខ្លួន​យ៉ាង​ខ្លាំងក្លា​ ដោយ​ ចាត់​ទុក​ខ្លួន​មិន​ខុស​អ្វី​ គឺ​ទាំង​ក្រមសីលធម៌​និង​ ភាព​ជឿនលឿន​ នៃ​ប្រព័ន្ធ​ព័ត៌មាន​ សម័យ​ ទំនើប​នេះ​៕

Share

Image
Image
Image