en     km
en     km

តំណាង​ស្ថានទូត​ជា​ច្រើន​បាន​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ កែម​ ឡី​ ដោយ​ថ្កោលទោស​ ជន​ដៃដល់​

Share

​រហូត​មក​ដល់​ថ្ងៃនេះ​ តំណាង​ស្ថានទូត​ធំៗ​ មិន​តិច​ជាង​៧​ទេ​ ដែល​បាន​មក​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ សព​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​កំពុង​តម្កល់​នៅ​វត្ត​ចាស់​។​ ស្ថានទូត​ទាំងនោះ​រួម​មាន​ ស្ថានទូត​បារាំង​ អង់គ្លេស​ អូស្ត្រាលី​ ជប៉ុន​ ស៊ុ​យ​អ៊ែ​ត​  ស្វី​ស​ និង​សហរដ្ឋអាមេរិក​ ដែល​សុទ្ធ​សឹង​ជា​ស្ថានទូត​ដែល​ជំរុញ​ឱ្យ​កម្ពុជា​ គោរព​សិទ្ធិ​មនុស្ស​ និង​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​។​

Kemley-frence
លោកឯកអគ្គរាជទូតស្ថានទូត​បារាំងបានចូល​គោរព​វិញ្ញាណក្ខន្ធ​សព ​លោក​ កែម​ ឡី

ជាមួយ​គ្នា​ក៏​មាន​តំណាង​ អង្គការ​អន្តរជាតិ​ ជា​ច្រើន​ បាន​មក​គោរព​វិញ្ញាណក្ខន្ធ​ អ្នកវិភាគ​រូប​នេះ​ដែរ​ ក្នុង​នោះ​មាន​តំណាង​ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ផង​ដែរ​។​ ពួក​គេ​បាន​ចាត់​ទុក​លោក​ កែម​ ឡី​ ជា​អ្នក​បញ្ចេញ​ ទស្សនៈ​ដោយ​សេរី​ និង​មិន​មានការ​ភ័យ​ខ្លាច​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​លោក​ សរ​ សុខៈ​ពង្ស​ ដា​នី​ញែ​ល​ នាយករង​អង្គការ​ស្ពាន​សន្តិភាព​ ជា​គណៈកម្មការ​ជួយ​រៀបចំ​បុណ្យសព​លោក​ កែម​ ឡី​ បានឱ្យ​ដឹង​ថា​ក្រៅពី​ស្ថានទូត​ទាំងនោះ​ ក៏​មាន​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត​មក​គោរព​វិញ្ញាណក្ខន្ធ​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាជន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​បាន​គោរព​វិញ្ញាណក្ខន្ធ​ និង​ជួយ​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​។​  

​ការ​ចូលរួម​មក​គោរព​វិញ្ញាណក្ខន្ធ​របស់​ស្ថានទូត​ទាំងនេះ​ ត្រូវ​បាន​អ្នកវិភាគ​បញ្ហា​សង្គម​លោក​ មាស​ នី​ យល់​ថា​នេះ​គឺជា​សញ្ញា​មួយ​ បង្ហាញ​ថា​អន្តរជាតិ​ចាប់ផ្តើម​បង្ហាញ​នូវ​សាមគ្គី​ ភាព​ហើយ​ធ្វើ​ឡើង​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​ព្រួយរ​ម្ភ​ណ៍​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​ពួក​គាត់​។​

​លោក​ មាស​ នី​៖«​ ទោះបី​មក​ម្តង​មួយៗ​ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​មួយ​ក្នុង​នាម​ជា​ គេ​ហៅ​ថា​បេសកកម្ម​របស់​គេ​នៅ​បរទេស​ ដែល​ត្រូវ​តែ​ធ្វើ​ដើម្បី​ឱ្យ​សម​ស្រប​ទៅ​នឹង​ស្អី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ ក្នុង​ប្រទេស​គេ​រៀងៗ​ខ្លួន​ តែ​រឿង​សំខាន់​ បើកាលណា​គេ​មក​ទាំងអស់​គ្នា​គឺ​បាន​ន័យ​ថា​គេ​បាន​ជជែក​ គេ​បាន​បង្ហាញ​នូវ​ជំហ​រួម​គ្នា​»​។​

​លោក​បណ្ឌិត​ មាស​ នី​ ទទូច​ឱ្យ​រដ្ឋាភិបាល​ ទទួលយក​ការ​ព្រួយបារម្ភ​របស់​ សហគមន៍​អន្តរជាតិ​ មក​ពិចារណា​ឡើង​វិញ​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១៤​ កក្កដា​ ឆ្នាំ​២០១៦​នេះ​ថា​ ការ​ទៅ​ចូលរួម​របស់​ស្ថានទូត​ទាំងនោះ​ គឺជា​ការ​ជួយ​ចូលរួម​បុណ្យសព​ និង​ដើម្បី​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​ មិនមែន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដូច​គណបក្ស​នយោបាយ​មួយ​ចំនួន​ កាឡៃ​វត្តមាន​របស់​ពួក​គេ​ ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ​ទេ​។​

​លោក​ អំពាវនាវ​កុំឱ្យ​យក​សព​ លោក​បណ្ឌិត​ កែម​ ឡី​ ដើម្បី​ធ្វើ​ជា​ប្រយោជន៍​អ្វីមួយ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​ឥឡូវ​ហ្នឹង​សព​លោក​ កែម​ ឡី​ ក្លាយទៅជា​ស្អុយរលួយ​ អាហ្នឹង​ហើយ​ជា​ចំណាប់ខ្មាំង​យក​សព​មនុស្ស​ យក​ទៅ​ធ្វើ​នយោបាយ​។​ ហើយ​ជា​ពិសេស​អ្នក​ព័ត៌មាន​ហ្នឹង​សូម​ចូលរួម​មរណៈទុក្ខ​ផង​ កុំ​ហែកហួរ​ពេក​ ទុក​ពេល​ចាំ​ដល់​ផុត​ថ្ងៃ​វិល​ឬ​ក៏​១០០​ថ្ងៃ​ទៅ​ ចាំ​ធ្វើ​អី​ធ្វើ​ទៅ​ អានេះ​ខ្ញុំ​អង្វរ​ក្នុង​នាម​ជា​ខ្មែរ​»​។​

​ដោយឡែក​ក្នុង​រយៈពេល​៤​ថ្ងៃនេះ​ គេ​មិន​ទាន់​ឃើញ​វត្តមាន​មន្ត្រី​រដ្ឋាភិបាល​ មក​ចូលរួម​ក្នុង​ក្នុង​ពិធី​បុណ្យសព​នេះនោះ​ទេ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក​ ផៃ​ ស៊ី​ផា​ន​ បានឱ្យ​ដឹង​ដែរ​ថា​ ដោយសារ​លោក​ កែម​ ឡី​ មិនមែន​ជា​មន្ត្រី​របស់​រដ្ឋ​ គឺ​ពិធីបុណ្យ​នេះ​មិនមែន​ជា​របស់​រដ្ឋ​ ដែល​មិន​មានការ​កំណត់​ថាឱ្យ​អ្នក​ណា​ទៅ​នោះ​ទេ​គឺ​ តាម​ឆន្ទៈ​រៀងៗ​ខ្លួន​។​

​ចំពោះ​ខ្លួន​លោក​ផ្ទាល់​ លោក​ ផៃ​ ស៊ី​ផា​ន​ មាន​ប្រសា​ន៍​ថា​ លោក​ក៏​មាន​បំណង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ដែរ​ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ឃើញ​យក​សព​ទៅ​ជា​ចំណាប់ខ្មាំង​នយោបាយ​ ឃើញ​ការ​ចំអក​ឡក​ឡើយ​ទៅ​កាន់​អ្នក​ដទៃ​ដែល​ទៅ​ចូលរួម​ ធ្វើ​ឱ្យ​បែក​អារម្មណ៍​ ពិបាកទៅ​ចូលរួម​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​ខ្ញុំ​ប្រាប់​គាត់​ថា​ខ្លួន​គាត់​ហ្នឹង​ជា​មរតក​ចំពោះ​ខ្មែរ​ហើយ​ អាហ្នឹង​ខ្ញុំ​និយាយ​នៅ​មុខ​ប្រពន្ធ​។​ ពេល​លឺ​គាត់​ស្លាប់​ ខ្ញុំ​ស្រក់​ទឹកភ្នែក​ មិន​គួរ​មានរឿង​អ​ញ្ចឹ​ង​កើតឡើង​។​ គាត់​គ្មាន​អំណាច​គ្មាន​ចង់បាន​អ្វី​ផង​ គ្រាន់តែ​មាត់​គាត់​រៀង​លឿន​បន្តិច​»​។​

​តែ​យ៉ាងណា​ ក្រៅពី​តំណាង​ស្ថានទូត​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ គឺ​ប្រទេស​ទាំងនោះ​ ក៏​បាន​ចេញ​ សេចក្ដីថ្លែងការណ៍​បន្តបន្ទាប់​ ជុំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ បើក​ស៊ើបអង្កេត​ ដោយ​ឯករាជ្យ​ឥត​លម្អៀង​ ហើយ​ត្រូវ​កាត់ទោស​ អ្នក​នៅ​ពីក្រោយ​។​ ជាមួយ​គ្នា​នេះ​ អគ្គលេខាធិការ​ អង្គការ​សហ​ប្រជា​តិ​ ក៏​បាន​ជំរុញ​ឱ្យ​មានការ​ស៊ើបអង្កេត​ ត្រឹមត្រូវ​ និង​សង្ឃឹមថា​គ្រួសារ​ជន​រង​គ្រោះ​បាន​ទទួល​យុត្តិធម៌​ពិតប្រាកដ​។​

​សូម​ជម្រាប​ថា​ លោក​ កែម​ ឡី​ ត្រូវ​បាន​គេ​បាញ់​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​១០​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​២០១៦​ នៅ​ស្តារ​ម៉ាត​ ក្បែរ​ស្តុ​ប​បូកគោ​ ខណ្ឌចំការមន​ វេលា​ម៉ោង​៩​ព្រឹក​។​​សព​របស់​លោក​ត្រូវ​បាន​ដង្ហែរ​ចេញពី​កន្លែង​កើតហេតុ​ ប្រមាណ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​៕ ​

Share

Image
Image
Image