en     km
en     km

រដ្ឋាភិបាល​និង​សង្គម​ស៊ី​វិល​រំពឹង​ថា​ ក្រម​ បរិស្ថាន​នឹង​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​បរិស្ថាន​

Share

​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ក្រសួងបរិស្ថាន​ និង​ក្រុម​មេធាវី​វិស្ណុ​ បាន​បើក​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ទៅ​លើ​ ក្រម​ បរិស្ថាន​ដែល​ ក្រម​ បរិស្ថាន​នេះ​ធ្វើ​ឡើង​ពង្រឹង​ការ​ការពារ​បរិស្ថាន​ ការ​អភិរក្ស​ជីវចម្រុះ​ និង​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

environment1
លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន

ទាំង​មន្ត្រី​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​ បាន​បង្ហាញ​មោទនៈភាព​ថា​ ក្រម​ បរិស្ថាន​ ដែល​បាន​រៀបចំ​នេះ​នឹង​បញ្ឈប់​ការ​បំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា​បន្ត​ទៀត​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​ថ្លែង​ក្នុង​កម្មវិធី​ សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ទី​២​ ស្តី​ពី​សេចក្តី​ព្រាង​ ក្រម​ បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ កក្កដា​នេះ​ លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​មាន​ប្រសាសន៍​ថា​ ក្រម​ បរិស្ថាន​ ដែល​ក្រសួង​បាន​បើក​ឱ្យ​មានការ​ពិគ្រោះ​យោបល់​នេះ​គឺ​មាន​អត្ថប្រយោជន៍​។​ លោក​បន្ត​ថា​ មិន​ត្រឹមតែ​ជួយ​ការពារ​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ តែ​ក្រម​នេះ​ គឺ​ឈរ​លើ​គោល​ការ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​មនុស្ស​ រក្សា​នូវ​ភាព​សុខដុម​រម្យ​នា​របស់​ប្រជាពលរដ្ឋ​ និង​សុខភាព​ប្រជាជន​ ព្រមទាំង​បង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ ដែល​នឹង​ក្លាយជា​ប្រទេស​ទំនើប​មួយ​។​

​លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​ដែល​ពាក់ព័ន្ធ​នានា​ ចំណាយ​កម្លាំងចិត្ត​ និង​ប្រាជ្ញា​ ក្នុង​ការ​ចូលរួម​ពិគ្រោះ​យោបល់​ និង​បង្ហាញ​ឱ្យ​ចំៗ​ នូវ​ចំណុច​ និង​បញ្ហា​ប្រឈម​នានា​ ធ្វើ​យ៉ាងណា​ឱ្យ​តាក់តែង​ច្បាប់​នេះ​ឱ្យ​បាន​ល្អ​ ទទួលយក​បាន​ពី​គ្រប់​ភាគី​ និង​ដើម្បី​ធ្វើ​ឱ្យ​ក្រម​បរិស្ថាន​នេះ​ ក្លាយ​ជាម​គ្គុ​ទេស​ សម្រាប់​ស្ថាបនា​កម្ពុ​ជាមួយ​ដ៏​ទំនើប​ និង​ស៊ី​វិ​ល័យ​នា​ពេល​អនាគត​។​

​ជាមួយ​គ្នា​នេះ​ លោកស្រី​ Claire​  Vander​ Varen​ អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ និង​ជា​តំណាង​របស់​ UNDP​ ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​ បញ្ហា​ប្រឈម​សំខាន់​មួយ​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​ នា​ពេល​បច្ចុប្បន្ន​គឺ​ការ​បម្រែបម្រួល​អាកាសធាតុ​។​

​លោកស្រី​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​ ទឹកជំនន់​ ការ​រិច​រិល​ធនធាន​ព្រៃឈើ​ ដីធ្លី​ និង​ធនធានទឹក​ ដែល​បាន​គម្រាមកំហែង​ដល់​សត្វព្រៃ​ ជីវៈចម្រុះ​ ក៏​ដូច​ជា​ជីវិត​ប្រជាពលរដ្ឋ​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ កាន់តែ​រង​គ្រោះ​បន្ថែម​ទៀត​។​

​តំណាង​អង្គការសហប្រជាជាតិ​រូប​នេះ​ថ្លែង​បន្ត​ថា​ ក្រម​បរិស្ថាន​ មាន​ប្រយោជន៍​ណាស់​ គឺ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ការពារ​បរិស្ថាន​  និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ ហើយ​ច្បាប់​នេះ​នឹង​ផ្តល់​នូវ​ការ​ពង្រឹង​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ និង​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​បរិស្ថាន​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ការ​អភិរក្ស​ធនធានធម្មជាតិ​ លោក​ ឈិ​ត​ សំអាត​ យល់​ថា​ក្រម​បរិស្ថាន​នេះ​ គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​។​

​លោក​បញ្ជាក់​ថា​ ក្រម​នេះ​អាច​ជួយ​ ធានា​នូវ​ការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព​ និង​និរន្ត​ភាព​ ទាក់ទង​នឹង​វិស័យ​បរិស្ថាន​។​ លោក​ថា​អ្វី​ដែល​សំខាន់​ មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​ បាន​បើក​ឱ្យ​មានការ​ចូលរួម​ពី​ភាគី​ដែល​ពាក់ព័ន្ធ​។​

​លោក​ ឈិ​ត​ សំអាត​ មាន​ប្រសាសន៍​បន្ត​ថា​ កន្លង​មក​លោក​សង្កេត​ឃើញ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ បាន​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​បំពុលបរិស្ថាន​ និង​ការ​ទន្ទ្រាន​យក​ដី​ជាដើម​។​ លោក​ថា​នេះ​ គឺជា​ឱកាសល្អ​មួយ​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​បង្កើត​ក្រម​នេះ​ឡើង​ ដើម្បី​ការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា​ឱ្យ​មាន​និរន្ត​ភាព​។​

​លោក​រំពឹង​ថា​ ក្តី​កង្វល់​របស់​លោក​ទាក់ទង​នឹង​ការពារ​ជីវចម្រុះ​ នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រម​បរិ​ស្ថា​នេះ​។​

​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ក្រសួងបរិស្ថាន​ និង​ក្រុម​មេធាវី​វិស្ណុ​ បាន​បើក​ឱ្យ​មានការ​ពិគ្រោះ​យោបល់​លើ​ សេចក្តី​ព្រាង​ក្រម​បរិស្ថាន​។​ សេចក្តី​ព្រាង​ក្រម​បរិស្ថាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​ការ​ការពារ​បរិស្ថាន​ និង​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នៃ​ធនធានធម្មជាតិ​។​

​បើ​តាម​ លោក​ ឯ​ វុ​ឌ្ឍី​ ទីប្រឹក្សា​អម​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​តាក់តែង​ក្រម​បរិស្ថាន​  ក្រម​បរិស្ថាន​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​តាំងពី​ចុងឆ្នាំ​២០១៣​ ក្រោយ​ពេល​លោក​រដ្ឋមន្ត្រី​ សាយ​ សំ​អាល់​ ឡើង​កាន់​តំណែង​ និង​ចាប់ផ្តើម​តាក់តែង​ នៅ​នៅ​ចុងឆ្នាំ​២០១៤​ ហើយ​ក្រម​បរិស្ថាន​នេះ​ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦​នេះ​។​

​លោក​ថា​ក្រម​នេះ​ នឹង​មានការ​ដាក់ទោស​ទណ្ឌ​ទៅ​លើ​អ្នក​ដែល​បំផ្លាញ​បរិស្ថាន​ផង​ដែរ​ ៕

Share

Image
Image
Image