en     km
en     km

ស្វែងយល់ពីអាហារដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក

Share

ជំងឺមហារីកជាមូលហេតុនៃការស្លាប់ទីពីរ បន្ទាប់ពីជំងឺបេះដូង នៅសហរដ្ធអាមេរិកក្នុងឆ្នាំ ២០២០ ដែលមានមនុស្សជាង ៦0០,០០០ នាក់(ហុកសិបម៉ឺននាក់)បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមការលើកឡើងពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ​នៃសហរដ្ធអាមេរិក (CDC)។

 

 

តើការទទួលទានអាហារបែបណាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន?​

ការទទួលទានអាហារមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។  

យោងតាម សមាគមជំងឺមហារីកអាមេរិក បានបង្ហាញថាការលើសទម្ងន់ ឬធាត់គឺជាកត្តាហានិភ័យមួយសម្រាប់ជំងឺមហារីកជាច្រើនមុខរួមមាន៖ មហារីកសុដន់ (ក្នុងចំណោមស្រ្តីដែលអស់រដូវ) មហារីកពោះវៀនធំ មហារីកស្បូន មហារីកតម្រងនោម មហារីកថ្លើម មហារីកលំពែង មហារីកក្រពះ មហារីកក្រពេញទីរ៉ូអ៊ីត មហារីកមាត់ បំពង់ក និងបំពង់អាហារជាដើម។

ដូច្នេះការរក្សាទម្ងន់ឱ្យស្ថិតនៅកម្រិតមួយដែលមានសុខភាពល្អពោលគឺមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ពី ១៨.៥ ទៅ ២៤.៩ គឺអាចជួយអ្នកការពារពីជំងឺមហារីកទាំងនេះ រួមទាំងស្ថានភាពរ៉ាំរ៉ៃផ្សេងៗទៀត។ 

 

តទៅនេះ​យើងនឹងលើកយកនូវ អាហារល្អបំផុតដែលអាចរក្សាទម្ងន់រាងកាយ​និងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ដោយយោងតាមការលើកឡើងពីគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិកដូចតទៅ៖

អាហារូបត្ថម្ភមួយចំនួនដែលអាចការពារជំងឺមហារីក និងធ្វើឱ្យមានសុខភាពល្អ គឺអ្នកអាចស្វែងរកបានពី របបអាហារមេឌីទែរ៉ាណេ ដែលផ្តោតលើអាហារដែលមានមូលដ្ឋានពីរុក្ខជាតិ ដែលមានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងមានសាច់ក្រហមតិចតួច។ 

បន្ថែមពីនេះផងដែរ យើងនឹងលើកយកនូវគន្លឹះទាំងប្រាំមួយ សម្រាប់ការរក្សាទម្ងន់របស់អ្នក និងបន្ថយហានិភ័យជំងឺមហារីកដូចតទៅ៖

 

    

ទី១គឺ ទទួលទានបន្លែផ្លែឈើឲ្យបានច្រើន។ យោងតាម សមាគមមហារីកអាមេរិក (American Cancer Society)បានណែនាំឱ្យទទួលទានបន្លែ ផ្លែឈើ ដែលមានពណ៌ឥន្ទធនូ ព្រោះពណ៌របស់វាមានធាតុផ្សំដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ មួយវិញទៀត អ្នកត្រូវទទួលទានបន្លែ ផ្លែឈើយ៉ាងតិច​បី​ពណ៌​ផ្សេងគ្នា​ក្នុង​មួយថ្ងៃ​។ 

ឧទាហរណ៍: ពណ៌ក្រហមមាន ផ្លែប៉ោម ប៉េងប៉ោះ និងស្ពៃក្តោបក្រហម។ ពណ៌ទឹកក្រូចមាន ផ្លែត្រសក់ស្រូវ ការ៉ុត និងក្រូច។ ពណ៌លឿងមាន ៖ ចេក ក្រូចឆ្មា និង ម្នាស់។​ បៃតងមាន ៖ ផ្កាខាត់ណាខៀវ និងបន្លែស្លឹកបៃតង។ និងពណ៌ខៀវឬស្វាយមាន ផ្លែបឺរ ទំពាំងបាយជូ និងប៊្លូបឺរីជាដើម។

ក្រៅពីទទួលទានបន្លែផ្លែឈើយ៉ាងតិច​បី​ពណ៌​ផ្សេងគ្នា​ក្នុង​មួយថ្ងៃ អ្នកក៏ត្រូវបញ្ជូលនូវ គ្រាប់ធញ្ញជាតិ និងសាច់គ្មានខ្លាញ់ ត្រី ឬប្រូតេអ៊ីនដែលមានក្នុងរុក្ខជាតិផងដែរ។ 

 

 

ចំណែកឯគន្លឹះទី២គឺ ត្រូវពិចារណាអំពីជាតិស្ករ។  បញ្ហានៃមហារីកនេះ មិនមែនជាអាហារដែលមានជាតិស្ករពីធម្មជាតិ ដូចជាផ្លែឈើ និងគ្រាប់ធញ្ញជាតិនោះទេ។  តែបញ្ហានោះ គឺជាស្ករដែលអ្នកបានបន្ថែមដូចជា ភេសជ្ជៈមានជាតិស្ករ ស្ករគ្រាប់ នំបុ័ង នំឃុកឃឺ ទឹកដោះគោយ៉ាអួ និងបង្អែមជាដើម ដែលអាចអាចធ្វើឱ្យធាត់ មានជំងឺបេះដូង និងថែមទាំងអាចបង្កើនហានិភ័យនៃជំងឺមហារីកទៀតផង។​

បន្ថែមពីនេះ ដើម្បីរក្សាទម្ងន់ឱ្យស្ថិតក្នុងកម្រិតមានសុខភាពល្អ សមាគមន៍បេះដូងអាមេរិក (American Heart Association) បានណែនាំ ដល់ស្រ្តីមិនឱ្យទទួលទានជាតិស្ករលើសពី ២៤ ក្រាមក្នុងមួយថ្ងៃ។ ហើយសម្រាប់បុរសច្រើនបំផុត ៣៦ក្រាមក្នុងមួយថ្ងៃ។

 

 

ក្រៅអំពីជាតិស្ករ អ្នកក៏ត្រូវពិចារណាលើថ្នាំគ្រាប់វីតាមីន D ផងដែរ។ ប្រសិនវីតាមីន D មានកម្រិតទាប នោះ នឹងអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ពោះវៀនធំ និងក្រពេញប្រូស្តាត។ 

ហើយការដែលអ្នកត្រូវពិចារណាលើថ្នាំគ្រាប់វីតាមីន D នេះ ដោយសារតែមានអាហារតិចតួចណាស់ដែលមានវីតាមីន D ខ្ពស់ពីធម្មជាតិ ទោះបីជាអ្នកអាចរកឃើញមានក្នុងផលិតផលមួយចំនួនក្តី។ មួយវិញទៀត អ្នកក៏អាចបង្កើនវីតាមីន D តាមរយៈការប៉ះពាល់នឹងពន្លឺព្រះអាទិត្យបានដែរ។

យ៉ាងណាមិញអ្នកក៏ត្រូវពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតអំពីថ្នាំគ្រាប់វីតាមីន D នេះសមស្របនឹងអ្នកឬទេ។  

 

 

ចំណែកឯគន្លឹះទី ៤ គឺទទួលទានអាហារដែលមានជាតិសរសៃខ្ពស់។  តាមការស្រាវជ្រាវបង្ហាញថាអាហារសម្បូរជាតិសរសៃនឹងបញ្ចេញម៉ូលេគុលប្រឆាំងចំណង់អាហារ ដែលឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូ។ លើសពីនេះ របបអាហារដែលមានជាតិសរសៃខ្ពស់ បានផ្សារភ្ជាប់នឹងការថយចុះហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ហើយចំពោះអាហារដែលមានជាតិសរសៃខ្ពស់រួមមាន គ្រាប់ធញ្ញជាតិ សណ្តែក ប៊្លូបឺរី និងផ្លែប៉ោមជាដើម។

 

 

បន្ថែមពីនេះ ការកាត់បន្ថយគ្រឿងស្រវឹងក៏ជាគន្លឹះមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។ ការប្រើប្រាស់គ្រឿងស្រវឹងបានផ្សារភ្ជាប់នឹងការបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ បំពង់ក និងសុដន់។ ហើយអ្នកដែលទទួល​ទាន​ស្រាបៀ​ក្នុង​កម្រិត​ខ្ពស់ ​ក៏​មានហានិភ័យ​នៃ​ជំងឺ​មហារីក​រន្ធ​គូថ​ដែរ។ ជាពិសេសអត្រា​កើត​មហារីក​ថ្លើម​ក៏កើនឡើងផងដែរ។

 

 

និងគន្លឹះចុងក្រោយគឺ កាត់បន្ថយការទទួលទានជាតិខ្លាញ់។ ជាការល្អ អ្នកគួរទទួលជាតិខ្លាញ់ពី ២៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃ ដើម្បីរក្សាទម្ងន់របស់អ្នក។ ជាពិសេស អ្នកគួរជ្រើសរើសប្រភេទខ្លាញ់មិនឆ្អែតដូចជា គ្រាប់អាល់ម៉ុន ប៊ឺសណ្តែក និងផ្លែបឺរជាដើម។  

យ៉ាងណាមិញ តើ​មហារីក​អាច​ព្យាបាល​​ដោយ​​អាហារបានដែរឬ​ទេ

បើតាមគេហទំព័រគ្លីនិក Cleveland បានបញ្ជាក់ថា​ មិនមានភ័ស្តុតាងវិទ្យាសាស្ត្រ ដែលបង្ហាញថាអាហារណាមួយអាចព្យាបាលជំងឺមហារីកបានទេ។  

ដោយឡែកប្រសិនអ្នកមានជំងឺមហារីក ការទទួលទានអាហារដែលមានសុខភាពល្អ នឹងជួយដល់រាងកាយក្នុងជួសជុល និងឆាប់ជាសះស្បើយពីការព្យាបាល។  បន្ថែមពីនេះ ការទទួលទានអាហារក៏អាចពង្រឹងប្រព័ន្ធភាពស៊ាំ ការពារកោសិកាដែលមានសុខភាពល្អ និងប្រឆាំងកោសិកាមហារីកថែមទៀតផង៕

Share

ព័ត៌មានទាក់ទង