អេហ្ស៊ី៖ យោធាអេហ្ស៊ីបបាននិយាយថា គេបានបាញ់សម្លាប់ប្រធានបណ្ដាញសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅខេត្តស៊ីណៃហើយក្នុងនោះ ក៏មានពួកសកម្មប្រយុទ្ធរាប់សិបនាក់ត្រូវបានសម្លាប់ផងដែរ។

យោធាអេហ្ស៊ីបន្តថា មេដឹកនាំបណ្តាញស៊ីណៃ Abu Duaa al-Ansari ត្រូវបានគេសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់មកនេះ។
ការវាយប្រហារពីលើអាកាសនេះដែរ គឺបានកំណត់គោលដៅចំបន្ទាយពួកជីហាដនៅជិតទីក្រុង El-Arish។
ខេត្តស៊ីណៃ គឺជាសម្បុកក្រុមសកម្មប្រយុទ្ធធំបំផុតនៃប្រទេសអេហ្ស៊ីប ហើយក្រុមនេះក៏ធ្លាប់ចូលរួម វាយប្រហារសម្លាប់រង្គាលនៅខេត្តស៊ីណៃ និងទីក្រុងគែរ។
យោធាអេហ្ស៊ីបបាននិយាយថា៖ «ការវាយឆ្មក់បន្ថែមចុងក្រោយនេះ បានសម្លាប់ភេរវករប្រមាណ ៤៥ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ហើយឃ្លាំងអាវុធជាច្រើនត្រូវបានបំផ្លាញ»។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ក្រុមជីហាដជ្រុលនិយម បានធ្វើសកម្មភាពនៅក្នុងខេត្ត Sinai ចាប់តាំងពីឆ្នាំ ២០១១មក។ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកើនឡើងក្នុងប្រទេសអេហ្ស៊ី ចាប់តាំងពីកងទ័ពបានទម្លាក់លោកប្រធានាធិបតី Mohammed Morsi របស់ក្រុមម៉ូស្លីមនៅក្នុងឆ្នាំ ២០១៣ ៕
ប្រភព៖ BBC