ភ្នំពេញ៖ អង្គការការពារសិទ្ធិមនុស្សឈានមុខ(Front Line Defenders)បានទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់មកលើមន្ត្រី ឝ.ជ.ប និងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ក្រោយពីតុលាការចេញដីកាកោះហៅមន្ត្រីអាដហុកមួយរូបមកឆ្លើយដោះបន្ទុកក្នុងសវនាការនៅសប្តាហ៍ ក្រោយនេះ ពាក់ព័ន្ធនឹងសំណុំរឿងកញ្ញា ស្រីមុំ និងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួនបូនរូប និងមន្ត្រីឝ.ជ.ប មួយរូប ដែលជាម្ចាស់ជ័យលាភីពានរង្វាន់សិទ្ធិមនុស្សពិភពលោក Martin Ennals Award for Human Rights Defenders ក្នុងឆ្នាំ ២០១៧ ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពី២៩ ខែ មិថុនា ឆ្នាំ ២០១៧ ក្រោយអ្នកទាំង៥រូបនេះអនុវត្តន៍ទោសជាង ១ ឆ្នាំនៅក្នុងពន្ធនាគារ។
ចាប់តាំងពីដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នអ្នកការពារសិទ្ធិមនុស្សមួយរូបក្នុងចំណោមនេះ ត្រូវបានតុលាការចេញដីកាកោះហៅជាថ្មីពាក់ព័ន្ធនឹងសំណុំរឿងអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា។
តុលាការបានកោះហៅលោក ណៃ វ៉ង់ដា មន្ត្រីអង្គការពារសិទ្ធិមនុស្សអាដហុក និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ដែលបច្ចុប្បន្នជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យចូលសវនការជំនុំជម្រះ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ខាងមុចនេះ។នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការការពារសិទ្ធិមនុស្សឈានមុខ។
ប៉ុន្តែមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកបីនាក់ទៀត ពុំទាន់ឃើញមានដីកាកោះហៅនៅឡើយរហូតមកដល់ថ្ងៃចន្ទនេះ។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការការពារសិទ្ធិមនុស្សឈានមុខ (Front Line Defenders) ចេញផ្សាយនៅថ្ងៃទី ១៦ ខែសីហានេះ ទទូចឱ្យរាជរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់មកលើមន្ត្រីអង្គការពារសិទ្ធិមនុស្សអាដហុកទាំង៤រូប និងអតីតមន្ត្រីអង្គការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយាដែលបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប ដោយគ្មានលក្ខខណ្ឌ។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិនេះក៏ទទូចឱ្យរដ្ឋាភិបាលធានាឱ្យមានការជំនុំជម្រាះអនុលោមតាមស្តង់ដារអន្តរជាតិ ហើយធានាថាគ្រប់កាលៈទេសៈទាំងអស់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាមានលិទ្ធភាពក្នុងការអនុវត្តន៍តួនាទីរបស់ពួកគេដោយគ្មានការភ័យខ្លាចនិងរឹតត្បឹតអ្វីឡើយ។
មន្ត្រីអង្គការពារសិទ្ធិមនុស្សអាដហុកទាំង៤រូបនោះ លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និងលោកស្រី លឹម មុន្នី ត្រូវបានតុលការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក លោក នី ចរិយាអតីតមន្ត្រីអង្គការពារសិទ្ធិមនុស្សអាដហុកដែលបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីតាមមាត្រ២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌក្នុងសំណុំរឿងនាងខុម ចាន់ដារ៉ាទីហៅស្រីមុំ និងលោកកឹមសុខាអតីតប្រធានគណបក្សសង្គ្រោះជាតិ៕