ភ្នំពេញ៖អង្គការខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូបានបង្កើតគម្រោងរៃអង្គាសប្រាក់ដើម្បីតាមដាននិងគាំទ្រសិទ្ធិនិងសុខមាលភាពកុមារនិងស្ត្រីមានផ្ទៃពោះជាប់ឃុំនៅក្នុងពន្ធនាគារ។
ករណីនេះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់អង្គការសង្គមស៊ីវិលមួយនេះ។

អង្គការខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ(Licadho)បានប្រកាសនៅលើបណ្តាញសង្គមអំពីគម្រោងរៃអង្គាសប្រាក់ឈ្មោះថា«Early Years Behind Bars»។ គម្រោងនេះមានបំណងដើម្បីតាមដានឃ្លាំមើលនិងគាំទ្រសិទ្ធិនិងសុខុមាលភាពកុមារនិងស្ត្រីមានផ្ទៃពោះកំពុងជាប់ពន្ធនាគារចំនួន១៨ក្នុងចំណោម២៨ពន្ធនាគារនៅកម្ពុជា។
គម្រោងរៃអង្គាសប្រាក់ដើម្បីមនុស្សធម៌នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ដោយមានកាប្រគុំតន្ត្រីសម័យនៅភោជនីដ្ឋានទន្លេបាសាក់រាជធានីភ្នំពេញ។សំបុត្រចូលទស្សនាការប្រគុំតន្ត្រីមានថ្លៃ៣០ដុល្លារក្នុងម្នាក់និងសាធារណៈជនអាចបរិច្ចាកថវិកានៅតាមប្រព័ន្ធអ៊ិនធឺណែតក្នុងគេហទំព័ររបស់អង្គកាលីកាដូ។
ថវិកាទទួលបានពីការរៃអង្គាសរបស់គម្រោងនេះ អង្គការលីកាដូនិងអង្គការដៃគូនឹងផ្តល់អាហារហូបចុកបន្ថែមនិងជំនួយផ្នែកសម្ភារៈផ្សេងទៀតសម្រាប់ទារកនិងស្ត្រីមានផ្ទៃពោះនៅក្នុងពន្ធនាគារកំពុងមានការកើនឡើង។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសាទរចំពោះគម្រោងរៃអង្គាសថវិកាមនុស្សធម៌ដើម្បីជួយកុមារនិងស្ត្រីមានផ្ទៃពោះនៅក្នុងពន្ធនាគារនេះ។
អង្គការលីកាដូសង្កេតឃើញថាទារកនិងស្ត្រីមានផ្ទៃពោះជាប់ពន្ធនាគារត្រូវបានបាត់បង់សិទ្ធិនិងការថែទាំសុខភាពជាមូលដ្ឋាន អាហាររូបត្ថមនិងការអប់រំ។បើទោះបីជាអាជ្ញាធរក្នុងពន្ធនាគារបានផ្តល់ប្រាក់ថ្លៃអាហារចំនួន១៤០០រៀលឬ០,៣៥ដុល្លារក្នុងមួយថ្ងៃសម្រាប់កូនម្នាក់និងតម្រូវការផ្សេងទៀតក៏ដោយ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃច្រានចោលការលើកឡើងចំពោះអង្គការសង្គមស៊ីវិលនេះ។លោកអះអាងកុមារនិងស្ត្រីជាប់ឃុំត្រូវបានយក ចិត្តទុកដាក់ខ្លាំងបំផុត។
«អ្នកមានផ្ទៃពោះយើងយកចិត្តទុកដាក់ខ្លាំងណាស់តាំងពីចាប់ខ្លួននាំខ្លួនចូលទៅគាត់មានផ្ទៃពោះយើងតែងតែយកចិត្តទុកដាក់ពិនិត្យតាមការកំណត់របស់ពេទ្យបញ្ជូនសម្ភពផ្ទាល់ៗ។ខ្ញុំមិនដឹងការអះអាងវាយ៉ាងមិចព្រោះកន្លងមកយើងមិនហានទុកចោលទេសូម្បីដល់ពេលគាត់ត្រូវជិតកើតក៏យើងយកទៅមន្ទីរពេទ្យដែរមិនឲ្យកើតនៅក្នុងពន្ធនាគារទេ។»
តែយ៉ាងណាលោកណែនាំឲ្យអង្គការសង្គមស៊ីវិលត្រូវគោរពច្បាប់ក្នុងការផ្តល់ជំនួយមនុស្សធម៌ណាមួយដល់ជាប់ឃុំ។
នៅក្រោមច្បាប់ពន្ធនាគាររបស់កម្ពុជាទារកអាចរស់នៅក្នុងពន្ធនាគារជាមួយម្តាយរហូតដល់អយុបីឆ្នាំ។ប៉ុន្តែកុមារអាចរស់នៅជាម្តាយមានរយៈពេលយូជាងនេះប្រសិនបើគ្មានសាច់ញាត្តិមិនអាចមើលថែទាំកូនៗបាន។នេះបើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
បើតាមអង្គការលីកាដូ បច្ចុប្បន្នកុមារជាង១០០នាក់និងស្ត្រីមានផ្ទៃពោះប្រហែល៥០នាក់ដែលពួកគេភាគច្រើនត្រូវបានចោទប្រកាន់ពីបទល្មើសគ្រឿងញៀន៕