ភ្នំពេញ៖ នៅសប្ដាហ៍នេះស្ត្រីមកពីភ្នំបាតស្រុកឧត្តុង ស្ត្រីមកស្រុកស្រែអំបិលខេត្តកោះកុង បានឡើងមករាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយមួយពីរដ្ឋាភិបាល។ ស្ត្រីទាំងនោះ បាននាំទាំងកូនតូចក្នុងគ្រួសារមកជួយមកផង។ អ្វីដែលពួកគាត់តវ៉ា គឺការចង់បានដីធ្លីឬផ្ទះសំបែងមួយសមរម្យ មានទីកន្លែងស្រួលប្រកបមុខរបរទទួលទាន។
តាមរយៈសកម្មភាពនេះ គេសង្កេតឃើញស្ត្រីបានធ្វើសកម្មភាពកាន់តែខ្លាំងជាងបុរសដើម្បីអនាគតកូននិង គ្រួសារ។ ជាបន្តសូមអញ្ជើញស្ដាប់អត្ថាធិប្បាយរបស់កញ្ញា ឆេង ណាតា ដូចតទៅ៖
ជាទូទៅគ្រួសារមួយ ប្រសិនបើមិនឱ្យតម្លៃស្មើគ្នារវាងបុរសនិងស្ត្រី គេកម្រឃើញគ្រួសារនោះទទួលបានសុភមង្គលណាស់។
ងាកមកទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមវិញ សង្កេតឃើញថា រាល់សកម្មភាពចេញតវ៉ាអ្វីមួយ ជាពិសេសការតវ៉ា ដើម្បីភាពរស់នៅសមរម្យរបស់គ្រួសារឬ ការតវ៉ាដើម្បីទទួលបានជម្រកវិញ គឺស្ត្រីចេញមុខមុន ដើរស្រែកតវ៉ា រហូតទទួលបានដោះស្រាយណាមួយ។
បើទោះបីពេលខ្លះពួកគេប្រឈមមុខ នឹងការប្រើប្រាស់អំពើហឹង្សាពីសំណាក់បុរស ឬប្រឈមមុខនឹងរឿងក្តីក្តាំ រហូតជាប់ពន្ធនាគារក៏ដោយ ប៉ុន្តែពួកគេមិនបានបញ្ឈប់សកម្មភាពរបស់ពួកគេនោះទេ ផ្ទុយទៅវិញពួកគេកាន់តែរុលទៅមុខជានិច្ច តស៊ូដើម្បីគ្រួសារ។
ជាក់ស្តែង ស្ត្រីនៅតំបន់បឹងកក បានចេញតវ៉ារាប់ឆ្នាំ ទម្រាំបានទទួលដីធ្លីរបស់ពួកគេឡើងវិញ។ ទម្រាំទទួលបានចំណែកដីធ្លី ផ្ទះសម្បែងមកវិញនេះ ពួកគេបានឆ្លងកាត់បញ្ហាជាច្រើន ដូចជារងនូវអំពើហឹង្សាពីសមត្ថកិច្ច ជាប់ពន្ធនាគារ។
លោកស្រី ទេព វន្នី តំណាងសមាគមន៍បឹងកក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស ធ្លាប់បានលើកឡើងថាសកម្មភាពចេញតវ៉ារបស់ស្ត្រីគឺភាគច្រើន ជួបនូវការលំបាកយ៉ាងច្រើន។ មួយវិញទៀត ដោយសារតែពួកគាត់សុទ្ធសឹងតែស្ត្រីមេផ្ទះ មានកាតព្វកិច្ចច្រើននៅក្នុងផ្ទះ ដូចជាថែរក្សាកូន ថែរក្សាផ្ទះនិងបំពេញតួនាទីជាភរិយាជាដើម។ តែយ៉ាងណា ពួកគេត្រូវតែ តស៊ូគឺដើម្បីគ្រួសារ និងក្តីឈឺចាប់ដែលពួកគេទទួលបាន។
ចំណែកស្ត្រីនៅសហគមន៍បុរីកីឡា ក៏មានសកម្មភាពតស៊ូ មិនចាញ់ស្ត្រីនៅតំបន់បឹងកក់ដែរ។ ពួកគេតែងចេញតវ៉ា ដើម្បីឱ្យរដ្ឋាភិបាលអន្តរាគមន៍ឱ្យក្រុមហ៊ុនផានអ៊ីមិច ផ្តល់អាគាររស់នៅតាមសន្យាដែលបានព្រមព្រៀង។
កាលពីដើមសប្ដាហ៍នេះប្រជាពលរដ្ឋជាង១០០នាក់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលភាគច្រើនជាស្ត្រី បានចេញដើរតវ៉ា យកញត្តិទៅដាក់គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលបានសម្បទានឱ្យក្រុមហ៊ុន លីយ៉ុងផាត់ និងក្រុម ហេង ហ៊ុយ ដាំអំពៅ។
ចំណែកការតវ៉ា របស់ស្ត្រីនៅសហគមន៏បុរីកីឡា កាលពីដើមនេះដែរ នៅពេលមានការប៉ះទង្គិចជាសមត្ថកិច្ច គេសង្កេតឃើញស្ត្រីឈរនៅជួរមុខ ក្នុងការតស៊ូជាមួយសមត្ថកិច្ចជាបុរស។
ស្ត្រីទាំងនោះមកពីភ្នំបាតបានលើកគ្នាមកកាន់កាប់ផ្ទះសំបែងពួកគេវិញ បើទោះជា ត្រូវបានសមត្ថកិច្ច ដេញឱ្យចុះចេញពីអតីតអាគារដែលពួកគេធ្លាប់ រស់នៅក៏ដោយ។ បរាជ័យ ពិតមែន តែនៅតែបន្តក្រាញននៀល ដើម្បីបានការរស់នៅសម្រាប់កូនៗ។ ពួកគាត់ថា បរាជ័យពិតមែនតែជាសារមួយប្រាប់ថា មនុស្សត្រូវការជីវិតមួយមានសុខភមង្គល ដោយមានមុខរបរទទួលទានត្រឹមត្រូវដើម្បីអនាគតកូន។
ចំណែកស្ត្រីមកពីស្រុកស្រែអំបិលខេត្តកោះកុង វិញ ក៏ជាក្រុមស្រី្តខ្លាំងមួយដែរ គឺមកដល់ពេលនេះ នៅបន្តដេកក្នុងវត្តសាមគ្គីរង្សី ដោយទាមទារឱ្យរដ្ឋាភិបាល រកដំណោះស្រាយឱ្យបានទើបពួកគាត់ត្រឡប់ទៅវិញ។
និយាយជារួមទៅរយៈពេលចុងក្រោយនេះ ស្ត្រីនៅតែមានសកម្មភាពខ្លាំងក្លាជាងបុរសក្នុងការតស៊ូទាមទារ ដើម្បីយ៉ាងណាឱ្យគ្រួសាររបស់ពួកគេមានសុភមង្គល និងជម្រករស់នៅដោយសមរម្យ៕