ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាវិមានសន្តិភាពនៅថ្ងៃទី ២២ ខែមេសានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការឃាត់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន គឺត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង។ សម្ដេចបន្តថាករណីរបស់ លោក អ៊ុំ សំអាន ស្ថិតនៅក្នុងបន្ទុកនៃការញុះញង់ធ្វើឲ្យមានភាពស្មុគ្រស្មាញនិងជម្លោះជាមួយប្រទេសជិតខាង។
នេះយោងតាមទំព័រហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលដកស្រង់សម្ដីសម្តេចក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ ទាក់ទិនរឿងនេះ មន្ត្រីបក្សប្រឆាំងលើកឡើងថា សកម្មភាព លោក អ៊ុំ សំអាន គឺជាអ្នកស្នេហាជាតិពិតប្រាកដក្នុងចិត្តរបស់ពលរដ្ឋ។តែអ្នកច្បាប់ថារំលោភរដ្ឋធម្មនុញ្ញ។

ជាការអះអាងម្ដងទៀត ករណីចាប់ខ្លួន លោក អ៊ុំ សំអាន ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រាប់អ្នកក្រោមបង្គាប់ថា គ្មានអ្វីខុសច្បាប់ដែលសមត្ថកិច្ចចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងរូបនេះឡើងតុលាការ ព្រោះជាបទល្មើសជាក់ស្ដែង ហើយមានកំណត់ក្នុងក្រមព្រហ្មទណ្ឌ ។ ការថ្លែងរបស់ សម្ដេច ហ៊ុន សែន ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រង់មកចុះផ្សាយលើទំព័រហ្វេសតបស់លោកនៅថ្ងៃនេះ ។
តាមទំព័រហ្វេសប៊ុករបសលោក ផៃ ស៊ីផាន សម្តេច ហ៊ុន សែន ថា ការឃាត់ខ្លួនតំណាងរាស្ត្រដែលបានបើកកកាយរឿងផែនទីកម្ពុជា-វៀតណាមនេះ គឺជាជម្រើសតែមួយគត់ក្នុងកិច្ចថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ដែលជាដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនិងនិត្យានុកូលភាពដើម្បីផលប្រយោជន៍ដាច់ខាតរបស់ជាតិ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងដែលសកម្មបញ្ហាព្រំដែន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២ យប់ថ្ងៃអាទិត្យ ទី ១០ ខែមេសា បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ខេត្តសៀមរាប ។ លោកក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីព្រះរាជអាជ្ញាខេត្តនេះចោទប្រកាន់លោកក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើងនិងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី ១២ ខែមេសា ។
ទាក់ទិនក្នុងរឿងនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លើកឡើងថា លោក អ៊ុំ សំអាន ត្រូវបានប្រជាជនខ្មែរដឹងគ្រប់គ្នាថាជាអ្នកស្នេហាជាតិពិតប្រាកដ ។ លោក យឹម សុវណ្ណ បន្តថា ដើម្បីឱ្យលោក អ៊ុំ សំអាត និង សកម្មជនគណបក្សប្រឆាំងផ្សេងៗទៀតបានរួចផុតទោសទណ្ឌគឺមានតែបក្សកាន់អំណាចប៉ុណ្ណោះ ព្រោះអ្នកចងបញ្ហាគឺបក្សកាន់អំណាច ដែលអាចដោះលែងអ្នកទោសនយោបាយទាំងនោះបាន ។
កន្លងទៅមានការលើកឡើងជាច្រើនពីមន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល អ្នកវិភាគ និងពលរដ្ឋថា ការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំង គឺជាការដាក់សម្ពាធផ្នែកនយោបាយ ។ មជ្ឈដ្ឋានទាំងនេះថា ដើម្បីឱ្យបរិយាកាសនយោបាយមានភាពល្អប្រសើរវិញ គឺបក្សធំៗទាំងពីរត្រូវបន្តវប្បធម៌សន្ទនាឡើងវិញ ទើបអាចបើកផ្លូវឱ្យមានការដោះលែងសកម្មជនគណបក្សប្រឆាំង ។
តែយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ធ្លាប់បញ្ជាក់ថា វប្បធម៌សន្ទនារវាងបក្សទាំងពីរ គឺគណបក្សប្រជាជននិងបក្សសង្គ្រោះជាតិមិនដែលស្លាប់នោះទេ តែវប្បធម៌សន្ទនាកំពុងតែរងចាំភាពស្មោះត្រង់ពីគណបក្សសង្គ្រោះជាតិមកចចារ ។ លោកថា លោក សម រង្ស៊ី បានជាន់ឈ្លីវប្បធម៌សន្ទនាដោយខ្លួនឯង រីឯលោក កឹម សុខា វិញក៏មិនស្មោះត្រង់ និងមានតំលៃអ្វីមកចចារវប្បធម៌សន្ទនាទេ ព្រោះលោក កឹម សុខា កំពុងមានរឿងអាសូវផ្ទាល់ខ្លួន។
ទាក់ទងវប្បធម៌សន្ទនានេះ លោក យឹម សុវណ្ណ ប្រាប់វិទ្យុស្ត្រីថា វប្បធម៌សន្ទនាកើតមានឡើងវិញ លុះណាតែសង្គមសន្តិភាព មានស្ថេរភាព ពោលគឺសង្គមមួយមានភាពយុត្តិធម៌មិនស្ថិតក្រោមការគាប់សង្កត់ ។ លោកបន្តថា គណបក្សសង្គ្រោះជាតិមិនដែលបំភ្លេចវប្បធម៌សន្ទនាឡើយ ព្រោះវប្បធម៌សន្ទនាជាផ្នែកមួយនៃគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ។
កាលពីថ្ងៃទី ២១ ខែមេសាម្សិលមិញមេធាវីការពារក្ដីរបស់លោក អ៊ុំ សំអាន គឺ លោក ជួង ជូងី អះអាងថា លោកបានដាក់បណ្ដឹងទៅតុលាការក្រុងភ្នំពេញរួចហើយ ដើម្បីសុំដោះលែងកូនក្ដីរបស់ខ្លួនបាននៅក្រៅឃុំ។ លោក ជួង ជូងី យល់ឃើញថា ប្រសិនបើសំណុំរឿងនេះ មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ លោក អ៊ុំ សំអាន នឹងអាចត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ។
លោក ជួង ជូងី បញ្ជាក់បន្ថែមថា លោកនៅតែជឿជាក់ថា កូនក្តីរបស់លោកគឺលោក អ៊ុំ សំអាន មិនមានទោសអ្វីដូចការចោទប្រកាន់របស់តុលាការនោះទេ ព្រោះសកម្មភាពរបស់លោក អ៊ុំ សំអាត ដែលឈឺឆ្អាលរឿងព្រំដែន គឺជាសិទ្ធិរបស់តំណាងរាស្ត្រ ។
គួរកត់សម្គាល់ថា ការចាប់ខ្លួនលោក អ៊ុំ សំអាន បន្ថែមទៀតនេះ ធ្វើឲ្យចំនួនមន្ត្រីនិងសកម្មជនគណបក្សប្រឆាំងដែលជាប់ឃុំបានកើនឡើងរហូតដល់ ១៦ នាក់ ។ មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិគឺលោក ជូង ជូងី បញ្ជាក់ថា ការចាប់ខ្លួនទាំងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាពីគណបក្សសម រង្ស៊ី និងចុងក្រោយគឺលោក អ៊ុំ សំអាន នេះគឺសមត្ថកិច្ចនិងតុលាការធ្វើឡើងទាំងបំពានច្បាប់ ព្រោះតំណាងរាស្ត្រទាំងពីរនេះ មានអភ័យឯកសិទ្ធិសភានៅឡើយ ។ តែបែបនេះក្ដី សម្ដេច ហ៊ុន សែន ព្រមានថានឹងចាប់ខ្លួនជនណានៅតែនិយាយថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយចំពោះការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ៕