
នៅមានយុទ្ធសាស្ត្រមួយទៀតគឺការគំរាមកំហែង ផ្លូវចិត្ត ផ្លូវអារម្មភាព និងគំរាមចំៗតែម្ដង។ ទាំងនេះគឺជា យុទ្ធវិធី ចូលលុកលុយដៃគូប្រកួត។ វាយបំបាក់គូប្រកួត ឱ្យក្រាប ហើយចាប់យកមកធ្វើ ជាអ្នកនយោបាយ អាយ៉ងរបស់ខ្លួន។ យុទ្ធសាស្ត្រ ល្បិចកិច្ចកលទាំងនេះ គេសង្កេតឃើញច្រើនតែអនុវត្ត នៅក្នុងប្រទេស ប្រកាន់ប្រជាធិបតេយ្យ មិនច្បាស់លាស់ ពោលគឺពាក់កណ្ដាលប្រជាធិបតេយ្យ ពាក់កណ្ដាលផ្ដាច់ការ។
ជារួមទៅ យុទ្ធសាស្ត្រយុទ្ធវិធីនេះ អនុវត្តមានប្រសិទ្ធទៅបានលុះត្រាតែ ភាគីម្ខាង ភ្លើ ល្ងង់ ខ្លប់ខ្លាចគេ ឬចង់បាន លាបសក្ការៈបុណ្យស័ក្ដិពីគេទេ ទើបធ្វើឱ្យ គូប្រកូត វាយលុកចូលបាន។ ព្រោះថា សម័យនេះ គឺទំនើបណាស់ សូម្បីស្ត្រីមេផ្ទះ ជាអ្នកដាំស្ល ឬគេថាមេចង្គ្រាន ក៏ដឹងពីល្បិចប្ដីមានស្រីក្រៅ ដែរ គឺអោយតែស្ត្រីនោះចាប់ Account Facebook របស់ប្ដីបាន គឺពិតជាឃើញប្ដី បណ្ដើរ ស្រីថ្មី។ យើងចង់និយាយថា សម័យហ្វេសប៊ុក គ្មានអ្វី លាក់បាំង ល្បិចកិច្ចកល អាក្រក់បានយូរទេ។ បើនិយាយពីខួរក្បាលរបស់មនុស្សសម័យនេះវិញកាន់តែឆ្លាតដែរ ហើយឆ្លាតលើកនេះ គឺឆ្លាតជាប្រព័ន្ធទៀតផង។ រឿងនេះហើយ មើលទៅដែលធ្វើឱ្យ រាស្ត្រម្ចាស់ឆ្នោត ចេះវាយតំលៃលើមេដឹកនាំរបស់ខ្លួនណា អាចត្រូវគេអូសទាញបាន និងមេដឹកនាំណា ចេះបោកគេវិញ ដើម្បីផ្ដល់ប្រយោជន៍រួម។ សម្រាប់យើងជាអ្នកនិពន្ធ មិន ចង់លើកឈ្មោះអ្នកនយោបាយណាមួយមកនិយាយ នោះទេ។
តែអ្នកវិភាគ ដែលវិទ្យុស្ត្រីបានសុំធ្វើការវិភាគពួកគាត់ មើលឃើញថាយុទ្ធសាស្ត្រ យុទ្ធវិធីរបស់បក្សនយោបាយណាក៏ដោយគឺត្រូវតែព្យាយាម ឱ្យមានប្រៀបលើគូប្រកួតរបស់ខ្លួន។ បើគូប្រកួត ធ្លាក់ប្រជាប្រិយភាពបាត់បង់ការគាំទ្រ គឺគេចាត់ទុក យុទ្ធសាស្ត្របក្សមួយទៀតបានដល់ចំនុចជោគជ័យ។ ដោយភ្ជាប់រឿងនេះ អ្នកវិភាគ ព្រមានពីការផុយស្រួយការបែកបាក់ក្នុងសម្ព័ន្ធភាព បក្ស ២ចូលគ្នាតែមួយដែលកំពុងមានសំឡេងគាំទ្រពីម្ចាស់ឆ្នោតយ៉ាងខ្លាំង។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រ ចាត់ទុកអ្នកនយោបាយ ដូចកីឡាប្រដាល់ បើមើលចំនុចខ្សោយរបស់គូប្រកួតឃើញហើយគឺត្រូវវាយលុក តែបើ ភាគីម្ខាចទប់ល្បិចបាន មានន័យថា តុល្យភាពនឹងគ្នា។ ពេលនោះ អ្នកទស្សនាកាន់តែមើលជក់ចិត្ត។ តែលោកថាល្បិចនៅលើគោកពេក គឺបរាជ័យរបស់ភាគីវាយលុកគេ។នេះជាឧទាហរណ៍មួយ ដែលលោកនិយាយពី បក្សកាន់អំណាច និងបក្សប្រឆាំងនៅកម្ពុជា។
បក្សកាន់អំណាច មានសិទ្ធិច្រើនជាងបក្សប្រឆាំង ក្នុងការប្រើយន្តការធំៗរបស់រដ្ឋ មានដូច សមត្ថកិច្ច កងប្រដាប់អាវុធនិង ប្រព័ន្ធតុលាការជាដើម។ ត្រង់នេះហើយមើលទៅដែល អ្នកសង្កេតការណ៍ ទទូចឱ្យស្ថាប័នតុលាការ ប្រកាន់ជំហរឯករាជ្យ គឺកុំក្រោមឥទ្ធិពលរបស់ អ្នកនយោបាយ។ យ៉ាងណា ក៏ដោយ អ្នកវិភាគសាទរចំពោះការដោះលែងអ្នកជាប់ឃុំ មនាសិការ ឱ្យមានសេរីភាពវិញគ្រាន់តែមានការបារម្ភពីការរៀបចំឆាក នៅក្រោយវាំងននតែប៉ុណ្ណោះ។
លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ គិតថាជាល្បែងថ្មី រូបភាពថ្មីតែសកម្មភាព ចាស់ នៃការបន្សាប កម្លាំងនយោបាយ របស់ គូប្រកួតរបស់បក្សសង្គ្រោះជាតិ ។
តែយ៉ាងណាក៏ដោយ ក្នុងពិធីមួយ អបអរសាទរខួប ៥ឆ្នាំ នៃជោគជ័យរបស់ក្រុមហ៊ុនជប៉ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ៨ធ្នូ នេះ សម្ដេចនាយករដ្ឋមន្ត្រីហាក់ច្រានចោលនូវអ្វីដែលគេចោទថា បក្សកាន់អំណាច ប្រើល្បិចគាបសង្កត់ដៃគូ របស់ខ្លួន ទើបស្ថាន ការណ៍នយោបាយល្អប្រសើ។ តែសម្រាប់អ្នកវិភាគហាក់ដូចជាទុកចិត្ដយ៉ាងខ្លាំង លើភាពវៃឆ្លាតរបស់ ម្ចាស់ឆ្នោត ដែលអាច ធ្វើឱ្យ ថ្នាក់ដឹកនាំ បក្សប្រឆាំង មិនអាចធ្លាក់ចូល ចំណុចខ្សោយ របស់ដៃគូឡើយ។ ចំណែកតុល្យភាពនៃការប្រើយុទ្ធសាស្ត្រ តាមគោលការណ៍ប្រជាធិបតេយ្យ នឹងបានដឹងបានឃើញ នៅលើសង្វៀនប្រកួត នៃយុទ្ធនាការ រកសំឡេង ក្នុងការបោះឆ្នោត ឆ្នាំ ២០១៧ និងឆ្នាំ២០១៨៕