កាលពីភាគ១ យើងបាននិយាយពីលោក Yahya Jammeh ចាប់ផ្ដើមលេងល្បែងឆា្មចាប់កណ្ដុរ ជាមួយអង្គការសហប្រជាជាតិចំពោះការក្រាញអំណាចរបស់លោក មិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ទោះបីប្រជាជន Gambia ទម្លាក់លោកពីអំណាចក៏ដោយ។
លោក François Hollande ៖«លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី ១ធ្នូ បញ្ជាក់យ៉ាងច្បាស់ថា លោក Yahya Jammehពិតជាចាញ់ឆ្នោតដោយលោក មិនអាចបដិសេធបានឡើយ។ លោកត្រូវចាកចេញពីអំណាច ហើយលោក Adama Barrow ត្រូវតែចូលកាន់តំណែង។ ការចរចា គឺ គ្មានទេ»។
ការព្រមានរបស់ប្រធានាធិបតីបារាំងធ្វើឡើងនៅពេលដែលសមភាគីប្រទេស Senegalese លោក Macky Sall តំណាងឱ្យសហភាពអាហ្វ្រិក មកជួបលោកនៅទីក្រុងប៉ារីស។ ក្នុងជំនួបនេះលោក Macky Sall បានស្នើឱ្យបារាំងជួយធ្វើយ៉ាងណាឱ្យ លោក Yahya Jammeh ចុះចេញពីតំណែង។
លោក Yahya Jammeh ក៏បានថ្កោលទោសមេដឹកនាំមួយចំនួននៅប្រទេសអាហ្វ្រិក ដែលស្វែងរកអន្ដរាគមពីក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដើម្បីបង្ខំឱ្យលោកចុះចេញពីតំណែង។
ជាមួយគ្នានេះ មេដឹកនាំប្រទេសមួយចំនួននៃទី្វបអាហ្វ្រិក ដែលជាសមាជិកនៃសហភាពអាហ្វ្រិក បាន អះអាងថា ពួកគាត់នឹងទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Adma Barrow ដែលជាប់ឆ្នោត។
យ៉ាងណា ក៏ដោយអ្នកគាំទ្រ និងអ្នកបោះឆ្នោត ឱ្យលោក Adma Barrow ក៏បានសន្យាដែរថា ពួកគាត់នឹងទៅចូលរួមការចូលកាន់តំណែងរបស់លោក Barrow ផងដែរ។
មកដល់ពេលនេះ ស្ថានការណ៍សន្តិសុខ នៅ Gambia ហាក់ស្ងប់ស្ងាត់បន្តិច ដោយសារតែ មេទ័ពកំពូលរបស់ប្រទេសតូចមួយនៃទ្វីបអាហ្រិ្វកនេះ បានអំពាវនាវឱ្យមានសន្តិភាព ដោយ រង់ចាំ អ្នកនយោបាយ ដោះស្រាយវិបត្តិនេះ។
តែសូមរម្លឹកថា ករណីដូចគ្នានេះដែរ ចំពោះប្រទេស Côte d'Ivoire ដែលរៀបចំបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ២០១០ លោក Laurent Gbagbo បានកាន់អំណាចជិត៤០ឆ្នាំ ក៏បាន ក្រាញអំណាចដូចគ្នានេះដែរ តែទំបំផុត កងទ័ពអង្គការសហប្រជាជាតិ មកពីប្រទេសបារាំងបាន ឡោមព័ន្ធលោក Laurent Gbagbo ហើយចាប់ខ្លួនមកផ្តន្ទាទោសពីបទបង្កអសន្តិសុខ និង ករណីប្រឆាំងមនុស្សជាតិ អំឡុងពេលលោកកាន់អំណាច។
តាមរយៈនេះ ល្បែងឆ្មាចាប់កណ្ដុរ ដែល ជនផ្ដាច់ការ Jammeh ចាប់លេងមុននោះ កំពុងតែ ក្លាយជា ទស្សនីយភាពមួយកាន់តែ ធ្វើឱ្យអ្នកតាមដានយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន។ ទស្សនីយភាពដែលលោក Jammeh ជាតួអង្គ Jerry នឹងត្រូវសម្ដែងភាពវ័យឆ្លាតរបស់លោក ទប់ទល់នឹង Tomy តំណាងដោយប្រទេសបារាំងថាតើលោកអាចបន្តកាន់អំណាចបានដោយរបៀបណា ដោយសារតែថ្ងៃទី១៨មករាឆ្នាំ២០១៧ជាឱសានវាទ បង្ខំឱ្យលោក ចាកចេញពីវិមានប្រធានាធិបតី៕
ជនផ្ដាច់ការនៅ Gambia ចាប់លេងល្បែងឆ្មាចាប់កណ្ដុរជាមួយ UN