ភ្នំពេញ៖ លោក មាជ សុវណ្ណរ៉ា មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានទទូចឲ្យនាយករដ្ឋមន្ដ្រីពិនិត្យឱកាសទុកដល់កូនៗរបស់លោក ដែលត្រូវធ្វើនយោបាយទៅថ្ងៃអនាគតជាមួយលោក ដោយមិនត្រូវជ្រៀតជ្រែកចូលកិច្ចការតុលាការនោះទេ ។ លោក មាជ សុវណ្ណារ៉ា បានបន្តថា រឿងរបស់លោក និងសកម្មជនប្រឆាំងដដៃទៀតដែលកំពុងជាប់ពន្ធនាគារ គឺជារឿងនយោបាយ ដូច្នេះលោកថា ដើម្បីឱ្យពួកលោកអាចរួចចេញពីគុកបានលុះត្រាតែមានការដោះដូរផ្នែកនយោបាយណាមួយ។
លោក មាឃ សុវណ្ណរ៉ា ស្ថិតក្នុងចំណោមសហការីរបស់លោកជាង ១០រូបទៀត ដោយដៃជាប់ខ្នោះបានស្រែកខ្លាំងៗដូចនេះថា៖«យើងគ្មានទេ ដោយម្សិលមិញលោក ហ៊ុន សែន បានប្រើសារនយោបាយ ហាក់បីដូចជាគំរាមតុលាការរួចទៅហើយកាលពីម្សិលមិញនៅវិមានសន្ដិភាព ។ អញ្ចឹងយើងឃើញថាតុលាការជាឧបករណ៍នយោបាយ ហើយលោក ហ៊ុន សែន ល្មមហើយ ដល់ពេលមានកូន មានចៅធ្វើនយោបាយជាមួយគ្នានៅពេលខាងមុខទៀត»។
ចំណែកឯលោក អ៊ុក ពេជ្រសំណាង ដែលគ្រាន់ចុះពីរថយន្ដពន្ធនាគារភ្លាមបានស្រែកខ្លាំងៗថា៖«អ្នកណាដែលធ្វើយើងដូចនេះ អ្នកណាដែលបង្កើតឧក្រិដ្ឋកម្មដូចនេះ គឺប្រមុខរាជរដ្ឋាភិបាល»។
ប្រព័ន្ធតុលាការនៅកម្ពុជា តែងតែទទួលរងការរិះគន់ថាមិនអព្យាក្រឹត្យ កាត់ក្ដីដោយលំអៀង។
យ៉ាងណាក៏ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយការពារសម្ដេចនាយករដ្ឋមន្ត្រី ដែលរងការចោទថា បំពានអំណាចតុលាការ និងជាបង្កើតបញ្ហានេះឡើង។
លោកបកស្រាយថា ជនណាប្រព្រឹត្តកំហុស គឺជននោះត្រូវប្រឈមមុខនឹងច្បាប់។ លោក សុខ ឥសាន៖«ខ្ញុំយល់ថាតុលាការគេកាត់សេចក្ដីយ៉ាងណា វាទៅតាមអង្គហេតុ និងអង្គសេចក្ដីរបស់គេ ប្រសិនជាគាត់មិនប្រព្រឹត្ដិខុសទេ ខ្ញុំគិតថា គាត់អាចមានលទ្ធភាពរួចផុតពីការចោទប្រកាន់ ប៉ុន្ដែបើគាត់មានទម្ងន់ទោសជាក់ស្ដែងទៅតាមផ្លូវច្បាប់ហើយគាត់មិនអាចគេចរួចទេ»។

ចំណែកអ្នកវិភាគបញ្ហាសង្គម លោក ឡុង គឹមឃន យល់ថា តុលាការកម្ពុជាបច្ចុប្បន្ននេះ គឺហួសនិយាយទៅហើយ គឺពលរដ្ឋធម្មតាក៏ដឹងថាមាននិន្នាការទៅណាដែរ។ លោក ឡុង គឹមឃន៖«អ្នកណាមួយដែលនៅក្នុងប្រទេសកម្ពុជាដែលមិនដឹងថា តុលាការរបស់ប្រទេសកម្ពុជាគាត់កំពុងតែធ្វើអ្វី ដូច្នេះដើម្បីជាផលប្រយោជន៍ជាតិ គួរជជែកគ្នាបញ្ចប់រឿងរ៉ាវកំប៉ិកកំប៉ុកហ្នឹងទៅ ហើយចំណាយពេល ចំណាយគំនិតគិតគូរដោះស្រាយបញ្ហារឿងជាតិធំៗវិញ»។
លោកទទូចឱ្យអ្នកនយោបាយដែលមានឥទ្ធិពល គួរបញ្ឈប់ការគាបសង្កត់លើអ្នកទន់ខ្សោយ ហើយត្រូវគិតគូររឿងជាតិពិតប្រាកដវិញ។
សកម្មជន ១១ គណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនបញ្ចូនទៅតុលាការវិញ បន្ទាប់ពីពួកគេត្រូវបានដោះលែងម្ដង បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយ ថ្ងៃ២២ កក្កដា ឆ្នាំ ២០១៤ ។ ពួកគេត្រូវបានតុលាការរាជធានីភ្នំពេញ ផ្ដន្ទាទោស ដោយអ្នកខ្លះជាប់ពន្ធនាគារចន្លោះ ៧ ឆ្នាំ និង ២០ឆ្នាំ ។ លោក មាជ សុវណ្ណរ៉ា ត្រូវបានផ្ដនា្ទទោស ២០ ឆ្នាំ ក្រោមបទបង្កកុបកម្ម និងប្រឆាំងសមត្ថកិច្ចរដ្ឋនៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ ១៥ កក្កដា ២០១៤៕