ភ្នំពេញ៖អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងនយោបាយលោក គឹម សុខ បានស្នើសុំតុលាការ ពន្យារពេលចូលឆ្លើយបំភ្លឺជុំវិញបណ្តឹង ដែលប្តឹងដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនករណីប្ដឹងអ្នកវិភាគនេះពីបទបរិហារកេរ្តិ៍។
លោក គឹម សុខ នៅព្រឹកថ្ងៃទី១៦ នេះ បានទៅដល់សាលាដំដូងរាជធានីភ្នំពេញ នៅម៉ោង៩ និង៣០នាទី ដើម្បីស្នើសុំឱ្យតុលាការពន្យាឱ្យចូលឆ្លើយបំភ្លឺ។ ការពន្យារនេះ ដោយមូលហេតុលោកមិនទាន់បានពឹងពាក់មេធាវីនៅឡើយ។
តាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ លោក កឹម សុខ នឹងត្រូវចូលបំភ្លឺនៅថ្ងៃទី ១៧ កុម្ភៈស្អែកនេះ។ បើទោះជាលោក សុំពន្យារពេលចូលឆ្លើយបំភ្លឺក្ដីតែលោកបានបញ្ជាក់ពីជំហររបស់លោកថា នឹងមិនគេចខ្លួនទៅក្រៅប្រទេសទេ ហើយលោកនឹងនៅតតាំងក្តីជាមួយគណបក្សប្រជាជនកម្ពុជាតាមផ្លូវតុលាការ។
ជាមួយគ្នានេះដែរលោកបញ្ជាក់ថា លោកនឹងមិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយរឿងសង្គមនិងនយោបាយ ទោះមានបណ្ដឹង១០០ទៀតត្រូវគេដាក់ទម្លាក់សង្កត់ លើលោកក៏ដោយ។
តែបែបនេះក្ដី លោក កឹម សុខ បានប្រាប់អ្នកសារព័ត៌មានថា តុលាការបានសម្រេច តាមការស្នើសុំរបស់លោកប៉ុន្តែលោកថា តុលាការមិនបានកំណត់ឱ្យលោកឡើងមកបំភ្លឺនៅថ្ងៃណាជាក់លាក់នោះទេ។
លោក គឹម សុខ អ្នកវិភាគនយោបាយមិនសំចៃមាត់ត្រូវបានសម្តេច ហ៊ុន សែន ប្តឹងតុលាការ ឱ្យផ្តន្ទោទោសលោកតាមផ្លូវច្បាប់ និងទាមទារប្រាក់សំណង៥០ម៉ឺនដុល្លារ ដែលសម្តេចចោទថា អ្នកវិភាគរូបនេះបាននិយាយថា គណបក្សប្រជាជននៅពីក្រោយការសម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕