ក្រុមយុជនមួយចំនួនបានលើកទ្បើងពីក្តីកង្វល់របស់ខ្លួន ទាក់ទងនឹងបញ្ហាការងារ ខណៈដែលសមាហរណកម្មអាស៊ានកាន់តែខិតជិតមកដល់។ ពួកគេលើកឡើងថា ដោយសារតែប្រទេសកម្ពុជានឹងបើកទូលំទូលាយទីផ្សារសេរី ដូច្នេះហើយរាល់បណ្តាប្រទេសជាសមាជិកអាស៊ាន អាចនឹងដណ្តើមទីផ្សារការងារពីយុវជនកម្ពុជា។
ខណៈដែលសមាហរណកម្មអាស៊ាន នឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ យុវជនមួយចំនួនបានបង្ហាញពីក្តីបារម្មណ៍ថា ខ្លួននឹងអាចបាត់បង់ការងារធ្វើនៅកម្ពុជា។
យុវជន យ៉ង់ សុផានិត និស្សិតឆ្នាំទី០២ ជំនាញ ធានាគារនិងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្តែងការព្រួយបារម្ភ ពីឱកាសការងាររបស់និស្សិតគ្រប់ជំនាញទាំងអស់ខណៈដែលសមាហរណកម្មអាស៊ានខិតជិតមកដល់។ ការព្រួយបារម្មណ៍នេះដោយសារតែការអប់រំរបស់និស្សិតកម្ពុជានៅមានកម្រិតនៅទ្បើយ បើធៀបទៅនឹងការអប់រំរបស់និស្សិតដែលនៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ។
សុផានិត បន្តថា ដើម្បីកុំឱ្យបណ្តាប្រទេសដែលជាសមាជិកអាស៊ានដណ្តើមទីផ្សារកម្ពុជានោះ គឺនិស្សិតខ្លួនឯងត្រូវបង្កើនការសិក្សារបស់ខ្លួនឱ្យបានខ្លាំង ជាពិសេសរដ្ឋាភិបាលត្រូវតែចូលរួមជំរុញបន្ថែម និងពង្រឹងជំនាញភាសាអង់គ្លេសជាដើម។ «ចំពោះខ្ញុំផ្ទាល់ ខ្ញុំព្យាយាមសិក្សាណាមួយឱកាសការងារយើងត្រូវមានបទពិសោធច្រើន អញ្ចឹងទន្ទឹមនឹងការសិក្សាយើងត្រូវមានធ្វើការខ្លះៗដើម្បីទទួលមានបទពិសោធ ហើយណាមួយទៀតអាស៊ានគេប្រើភាសារអង់គ្លេសជាគោលអញ្ចឹងនិស្សិតនៅសាកលវិទ្យាល័យត្រូវពង្រឹងភាសារអង់គ្លេស…»។
ចំណែក យុវតី ស៊ាម ស៊ីថា រៀនជំនាញបច្ចេកទេសមន្ទីរពិសោធន៍ នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ បាននិយាយថា ចំពោះកម្ពុជាដែលចូលក្នុងសមាហរណកម្មអាស៊ាននេះអាចនឹងធ្វើឱ្យនិស្សិតមួយចំនួន
ពិបាករកការងារធ្វើដោយសារតែទីផ្សារនៅកម្ពុជាចង្អៀត។ យុវតីរូបនេះបន្តថា ទន្ទឹមនឹងទីផ្សារកម្ពុជាចង្អៀតនេះ និស្សិតគ្រប់រូបទាំងអស់ត្រូវតែខិតខំប្រឹងប្រែងសិក្សាទៅលើជំនាញដែលពួកគេកំពុងរៀនដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសអាស៊ានដទៃទៀត។ «និស្សិតឥឡូវភាគច្រើនអត់មានការងារធ្វើច្រើន ដោយសារតែទីផ្សារការងារចង្អៀតដូចខាងទ្បាបូខ្ញុំអី រើសមួយៗអីហ្នឹង ម្នាក់ៗ មួយកន្លែងជួនកាលអត់មាន….»។
ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ក្រុមយុវជន អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍នៅថ្ងៃទី១៣ ខែធ្នូ ថា កម្ពុជាចូលសមាហរណកម្មអាស៊ានមិនធ្វើឱ្យយុវជនជួបបញ្ហាប្រឈមនោះទេ។
លោក ហេង សួរ បន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា រួមទាំងប្រទេស៣ ផ្សេងទៀត តម្រូវឱ្យទុករយៈពេលរហូតដល់ឆ្នាំ២០១៨ ដើម្បីបម្លាស់ប្តូរ ក៏ដូចជាកាត់បន្ថយទាំងស្រុងនៅអ្វីដែលជារនាំងពន្ធគយ។ «ការបម្លាស់ប្តូរកម្មករជំនាញដែលបងគិតថាប្រហែលជាចំណុចប្អូនៗក៏ដូចជាព្រះតេជគណគ្រប់ព្រះអង្គបារម្មណ៍ច្រើននៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានទៅឆ្លងសភាដើម្បីផ្តល់សច្ចាប័ននៅកិច្ចព្រមព្រៀងស្តីពីកិច្ចរូបវ័ន្តបុគ្គលមានន័យថា មុននឹងសមាជិកអាស៊ានអនុញ្ញាតិឱ្យមានការផ្លាស់ប្តូរនូវកម្លាំងពលកម្មដោយសេរីនេះ គឺត្រូវឆ្លងកិច្ចព្រមព្រៀងនេះជាមួយរដ្ឋសភា ហើយនៅពេលដែលយើងអត់ដឹងយើងថា អូ គេមកពេញទឹកពេញដី ប៉ុន្តែធាតុពិតមានតែ ៨ ជំនាញទេដែលគេអាចឆ្លងកាត់គ្នាទៅវិញទៅមកបាន»។
លោក ហេង សួរបានបញ្ជាក់ទៀតថា នៅក្នុងសមាហរណកម្មអាស៊ាននេះ កម្ពុជានឹងមានការបម្លាស់ប្តូរកម្លាំងពលកម្មតែ ៨ ជំនាញប៉ុណ្ណោះរួមមាន៖ សេវាកម្មពេទ្យ គិលានុបដ្ឋាយិកា ទន្តសាស្ត្រ វិស្វករ ស្ថាបត្យកម្ម ទេសចរណ៍ គណនេយ្យ នឹងជំនាញខាងភូគោល។
លោក ហេង សួរ ក៏បានអំពាវនាវទៅដល់អ្នកដែលកំពុងរៀនជំនាញខាងលើនេះត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀត។
គួរបញ្ជាក់ទៀតថានៅក្នុងកិច្ចព្រមព្រៀងអាស៊ាន មានមាត្រាមួយបានសរសេរថា សមាជិកអាស៊ានទាំងអស់មានសិទ្ធិបិទទីផ្សារការងាររបស់ខ្លួនពេលណាក៏បាន ប្រសិនបើប្រទេសសាមីយល់ថាទីផ្សារការងារនោះមានផលប៉ះពាល់ដល់ប្រទេសខ្លួន៕
