ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រកាសពីព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនៅខេត្តកោះនៅអំឡុងខែ ធ្នូ ឆ្នាំ ២០១៨ ដោយមានការសម្តែងសិល្បៈ ប្រគុំតន្ត្រី និងការប្រកួតកីឡាជាតិនានា។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី ៣០ តុលា ម្សិលមិញ ថា ពិធីបុណ្យសមុទ្រលើកទី៧ ឆ្នាំនេះ ក្រោមប្រធានបទ«ឆ្នេរស្អាតពលរដ្ឋរមណីយ» នឹងប្រព្រឹត្តទៅថ្ងៃសុក្រ ទី ១៤ ដល់ថ្ងៃ អាទិត្យ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨។
ពិធីបុណ្យសមុទ្រប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាត់ជាងគេលើសកលលោក ហើយក៏ជំរុញលើកតំលៃនិងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងសេចក្តីប្រកាសបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ ត្រូវបានបែងចែកជាបីសកម្មភាពសំខាន់ៗ។ ទី១ ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុនៃការសម្តែងសិល្បៈជាតិនិងអន្តរជាតិ ការប្រគុំតន្ត្រី រួមទាំំងការបាញ់កាំជ្រួចផងដែរ។
ទី២ មហោស្រពអន្តរជាតិម្ហូបអាហារ និងភេសជ្ជៈ និងការតាំងបង្ហាញផលិតផលទេសចរណ៍ ព្រមទាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ការតាំងពិព័រណ៌ផលិតផលកសិ-ទេសចរណ៍និងផលិតផលក្នុងស្រុក និងទី៣ សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ ដោយមានការសម្តែងសិល្បៈផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនៅក្នុងកិច្ចប្រជុំអំពីការរៀបចំពិធីបុណ្យសមុទ្រកាលពីអំឡុងខែ សីហា រំពឹងថា ក្នុងរយៈពេលប្រារព្វពិធីបុណ្យសមុទ្ររយៈពេលថ្ងៃនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣០ ម៉ឺននាក់មកទស្សនាបុណ្យសមុទ្រឆ្នាំនេះ៕