en     km
en     km

​បទ​វិ​ភាគ​៖ តើ​ពេល​ណា​ទើប​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ អាច​អស់​កង្វល់​ពី​បញ្ហា ​ចំណី​​អា​ហារ​​មាន​​ជាតិ​​គីមី​បាន?​

Share

សំឡេង៖

​ភ្នំពេញ​៖​ នៅ​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គេ​ប្រទះ​ឃើញ​មាន​សារ​ធាតុ​គី​មី​ជា​ច្រើន​​មាន​នៅ​​ក្នុង​ម្ហូប​អាហារ​ រាប់​ទាំង​បន្លែ​ ផ្លែ​ឈើ​ ត្រី​សាច់​ និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ផ្សេង​ៗ​។ ការ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ដាក់​ក្នុង​ចំណី​អាហា​រ​ គឺ​ដើ​ម្បី​ឱ្យ​ផលិត​ផល​ទាំង​នោះ​ ផលិត​ទាន់​តម្រូ​វ​ការ​របស់​មនុស្ស​ មាន​រស​ជាតិ​ប្លែក​ ព្រម​ទាំង​អាច​រក្សា​ទុក​បាន​យូរ​ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ ចំពោះ​សុខ​ភាព​អ្នក​បរិ​ភោគ​​ក្រៅ​តែ​ពី​ប្រាក់​ចំណេញ​ឡើយ​​។​ ដើម្បី​ប្រាក់ ​មនុស្ស​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​​​ដោយ​មិន​គិត​​ពី​​អាយុ​ជីវិត​អ្នក​ដទៃ​។​ បន្លែ​ ផ្លែ​ឈើ​ ម្ហូប​អា​ហារ​មួយ​ចំនួន​នាំ​ចូល​ពី​បរ​ទេស​ ជាក់​ស្តែង​មាន​ប្រទេស​វៀត​ណាម​ជា​ដើម​ ក៏​មាន​សារ​ធាតុ​គីមី​មិន​តិច​នោះ​ដែរ​ ហើយ​សូម្បី​តែ​កសិ​ករ​កម្ពុជា​មួយ​ចំនួន​ ក៏​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ច្រើន​លើស​លុប​ ដាក់​ក្នុង​ដំ​ណាំ​របស់​ខ្លួន​។​ ម្ហូប​អាហារ​គ្មាន​សុវត្ថិ​ភាព ​មាន​សារ​ធាតុ​គីមី​ជា​ប្រភព​បង្ក​ជំងឺ​ជាង​ ២០០ ​មុខ ​រាប់​ពី​ជំងឺ​ស្រាល​រាក​រូស​បន្តិច​បន្តួច​ រហូត​ដល់​ជំងឺ​មហា​រីក​ធ្ងន់​ធ្ងរ​។ ជាក់​ស្តែង​ ដោយ​សារ​ការ​បរិភោគ​អាហារ​គ្មាន​សុវត្ថិ​ភាព​ បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​កើត​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ ទាំង​នេះ​ជា​កង្វល់​យ៉ាង​ខ្លាំង​របស់​ពល​រដ្ឋ​ ដូច្នេះ​ហើយ ​​តើ​ពេល​ណា​ទើប​ប្រជា​ពល​រដ្ឋ​ខ្មែរ​ អាច​អស់​កង្វល់​ពី​បញ្ហា​ទាំង​អស់​នេះ​បាន​?

Chimis-food_Cover

​យោង​តាម​បណ្ដាញ​ព័ត៌​មាន​អូស្ត្រា​លី​ ណែត​វើក​ ញ៉ូ​ (​Networks​ News​)​ ចុះ​ផ្សាយ​ថា ​ផលិត​ផល​ម្ហូប​អាហារ​ចំនួន​ ៤១​​% ​ទៅ​ ​៨០%​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផ្ទុក​ដោយ​សារ​ធាតុ​គីមី​ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​។ ចំណី​អាហារ​មួយ​ចំនួន​ រួម​មាន​ត្រី​ងៀត​ សាច់​ក្រក​ ប្រហិត​ សាច់​ប៉ា​តេ ​គុយ​ទាវ​ មី​ នំ​កញ្ចប់​ និង​គ្រឿង​ឧប​ភោគ​បរិភោគ​ជា​ច្រើន​ទៀត​ សុទ្ធ​តែ​មាន​បង្កប់​ដោយ​សារ​ធាតុ​គីមី​ដ៏​គ្រោះ​ថ្នាក់​ ដូច​ជា​សារ​ធាតុ​គីមី​ប្រភេទ​ ​បូរ៉ាក់​ ​(​Borax​) ​ហ្វ័រ​ម៉ា​ឡាំង​ ​(​​Formalin​​) ​និង​អាស៊ីត​សាលី​ស៊ី​លីក​ជា​ដើម​។​

​ហេតុ​ផល​អស់​នេះ​ហើយ​ បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុ​ជា​នាំគ្នា​ភ័យព្រួយ​ចំពោះ​ចំណី​អាហារ​មាន​ជាតិ​គីមី​យ៉ាង​ខ្លាំង​។​ អា​ស្រ័យ​ដូច្នេះ​ ទើប​មាន​សំណួរ​ចោទ​សួរ​ថា​ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ចំណី​អាហារ​គ្មាន​សុ​វត្ថិ​ភាព​បាន​ នៅ​ក្នុង​សង្គម​កម្ពុជា​? ​

​នា​ពេល​ថ្មីៗ​នេះ​ អាជ្ញា​ធរ​កម្ពុជា​បាន​រក​ឃើញ​ករណី​ទឹក​ស៊ុប​មាន​ជាតិ​គីមី​ នាំ​ចូល​ពី​វៀត​ណាម​​មក​ចែក​ចាយ​តាម​ហាង​នា​នា​នៅ​កម្ពុជា​រាប​សិប​ពី​ដុង​។​ នៅ​តាម​បណ្ដាញ​ព័ត៌​មាន​សង្គម​ និង​សារ​ព័ត៌​មា​ននា​នា​ក្នុង​ស្រុក​ក៏​ចែក​ចាយ​ត​ៗ​គ្នា​ពី​រូប​ភាព​ដែល​​អាជ្ញា​​ធរ​​វៀត​​ណាម​​ចាប់​​បាន​​បង្គារ​ ​យឺ​​ហឺ​​ក្រៀម​​​ធ្វើ​ពី​ជ័រ​ស្វិត​បម្រុងនាំ​ចូល​មក​កម្ពុជា​ កាហ្វេ​លីង​ដោយមាន​ប្រើ​ជាតិគីមី​​លាយ​រាប់​សិប​គីឡូរ​។ កន្លងទៅ អាជ្ញាធរខ្មែរចាប់បានសាច់មាន់ ស្លាបមាន់ ជង្គង់​មាន់​ ព្រម​ទាំង​មាន់​ក្លា​សេ​មាន​ដាក់​សារ​ធាតុ​គី​មី​ការ​ពារ​កុំ​ឱ្យ​ស្អុយ​ ​នាំ​ចូល​គេច​ពន្ធ​មក​កម្ពុជា​ពី​ប្រទេស​ថៃ​រាប់​តោន​ផង​ដែរ​ ​ដែល​ចំណី​អាហារ​ទាំង​នេះ​សុទ្ធ​តែ​បង្កប់​ដោយ​សារ​ធាតុ​គីមី​និង​ជា​ចំណី​អាហារ​គ្មាន​សុវត្ថិ​ភាព​។​ចំពោះ​បន្លែ​វិញ​ តាម​តួលេខ​ក្រៅ​ផ្លូវ​ការ​ដែល​មន្ទីរ​ព័ត៌​មាន​ខេត្ត​បាត់​ដំបង​បាន​ផ្សាយ​ ដោយ​យោង​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចំនួន​បង្ហាញ​ថា ​បន្លែ​មាន​ជាតិ​គីមី​ចំនួន​ប្រមាណ​ ២០០ ​តោន​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​វៀត​ណាម​ក្នុង​មួយ​ថ្ងៃ​ៗ ​ចូល​មក​ប្រទេស​កម្ពុជា​។​

បើ​យោង​តាម​សេចក្តី​ប្រកាស​​ព័ត៌​មាន​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ និង​ក្រសួង​សុខា​ភិ​បាល​កម្ពុជា​ក្នុង​ទិវា​សុខ​ភាព​ពិភព​លោក​កាល​ពី​ដើម​ឆ្នាំ​ ២០១៥​ នេះ​ បាន​ឱ្យ​ដឹង​ថា​ មនុស្ស​ជាង​ ២ ​លាន​នាក់​បាន​ស្លាប់​ដោយ​សារ​កា​រ​បរិ​ភោគ​ចំណី​អាហារ​ដែល​គ្មាន​សុវត្ថិ​ភាព​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។ ​ជាក់​ស្តែង​នៅ​កម្ពុជា ​ដូច​ជា​ករណី​ពុល​នំប៉័ង​ប៉ាតេ​ធ្ងន់​ធ្ងរ​នៅ​ស្រុក​ជី​ក្រែង​ ខេត្ត​សៀម​រាប ​កាល​ពី​ចុង​ខែ​មីនា ​ឆ្នាំ​ ២០១៥ ​កុមារ​និង​ប្រជា​ពល​រដ្ឋ​ជាង​ ​៨០០ ​នាក់​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​ពុល​ចំណី​អាហារ​។ ​បញ្ហា​នេះ​ កើត​ឡើង​ដោយ​ការ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ផលិត​ និង​ទំនង​ជា​កើត​ចេញ​ពី​ភាព​ព្រងើយ​កន្តើយ​​របស់​មន្ត្រី​ត្រួត​ពិនិត្យគុណ​ភាព​​ចំណី​អាហារ​នៅ​​កម្ពុជា​។​

​បើ​ក្រឡេក​មើល​ទៅ​បណ្តា​ប្រទេស​ជឿន​លឿន​ រដ្ឋា​ភិបា​ល​របស់​គេ​បាន​គិត​គួរ​បញ្ហា​សុវត្ថិ​ភាព​ចំណី​អាហារ​ ជា​បញ្ហា​ចម្បង​សម្រាប់​សុខុ​មាល​ភាព​ពល​រដ្ឋ​ ព្រោះ​ថា​ពល​រដ្ឋ​អាច​មាន​សមត្ថ​ភាព​ធ្វើ​ការ​ងារ​ជូន​រដ្ឋ​បាន​ គឺ​ពឹង​អា​ស្រ័យ​លើ​សុវត្ថិ​ភាព​ចំណី​អាហារ​ល្អ​និង​មាន​គុណ​ភាព​ ប៉ុន្តែ​ដោយ​ឡែក​នៅ​កម្ពុជា​ការ​ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​ចំណី​អាហារ​នៅ​មាន​កម្រិត​នៅ​ឡើយ​។​

chimis-food_1

កន្លង​ទៅ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នៅ​កម្ពុជា​ ​បាន​ប្រឹង​ប្រែង​ចុះ​អន្ត​រាគមន៍​ត្រួត​ពិនិត្យ​ជាតិ​គីមី​ក្នុង​ចំណី​អាហារ​ណាស់​ដែរ ​ប៉ុន្តែ​រាល់​ចំណាត់​ការ​ទាំង​ទាំង​ឡាយ​របស់​មន្រ្តី​ត្រួ​ត​ពិនិត្យ​គុណ​ភាព​ទំនិញ​ ​និង​ចំណី​អាហា​រ​នៅ​កម្ពុជា​ ហាក់​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​សោះ​ ព្រោះ​យូរ​ៗ​ម្តង​ទើប​អាជ្ញា​ធរ​ខ្មែរ​ចេញ​ហៅ​ប្រមូល​គ្នី​គ្នា​អន្ត​រាគមន៍​រឿង​ទំនិញ​នាំ​ចូល​ផ្ទុក​ដោយ​ជាតិ​គីមី ​ទំនិញ​ផុត​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ ដើ​ម្បី​ថត​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ម្តង​ម្កាល​។​ ម្យ៉ាង​វិញ​ទៀត​ ទំនិញ​នាំ​ចូល​នៅ​តែ​មាន​ហូរ​ចូល​ជា​បន្ត​បន្ទាប់​ ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​នៅ​តែ​ប្រ​ព្រឹត្ត​បន្ត​ ពល​រដ្ឋ​ជា​អ្នក​រង​គ្រោះ​នៅ​តែ​រង​គ្រោះ​ដ​ដែល​។​

បច្ចុប្បន្ន​ក្រសួង​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ ហាក់​ពុំ​ទាន់​រក​ឃើញ​ពី​ប្រភព​នាំ​ចូល​ ប្រភព​ចែក​ចាយ​ និង​ប្រភព​លក់​ចំណី​អាហារ​ពុំមាន​សុវ​ត្ថិ​ភាព​ទាំង​នោះ​​នៅ​ឡើយ​ទេ​ ព្រោះ​ថា ​​​បើទោះ​បី​​ជា​រក​​ឃើញ​​ពេល​​នេះ ​ក៏​ពុំ​ទាន់​មាន​វិធាន​ការ​ឬ​ចំណាត់​ការ​ពិត​ប្រាកដ​ណា​មួយ​ អន្ត​រាគមន៍​លើ​រឿង​ទាំង​នោះ​ដែរ​ ពោល​គឺ​ចំណី​អាហារ​ឬ​ផលិត​ផល​ដែល​មាន​សារ​ធាតុ​គីមី​នៅ​តែ​មាន​យ៉ាង​ច្រើន​ក្នុង​ទីផ្សា​រ​កម្ពុជា​។​ឮ

ងាក​មក​មើល​ពី​មូល​ហេតុ​ ដែល​ធ្វើ​ឱ្យ​ចំណី​អាហារ​​មាន​ជាតិ​គីមី​និង​គ្មាន​សុវត្ថិ​ភាព​វិញ​ គេ​សង្កេត​ឃើញ​ថា​មាន​មូល​ហេតុ​ចម្បង​ធំ​ៗ​​ចំនួន ​៤ ​គឺ ​៖​

​មូល​ហេតុ​ទី ​១ ​អាច​មក​ពី​តម្លៃ​អាហារ​ ឬ​ផលិត​ផល​ទាំង​នោះ​មាន​តម្លៃ​ថោក​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទិញ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ចំណាយ​តិច ​ប៉ុន្តែ​ទទួល​​បាន​បរិមាណ​ច្រើន​។ ​មូល​ហេតុ​ទី ​២ ​គឺ​ការ​ផ្គត់​ផ្គង់​ផលិត​ផល​ចំណី​អាហារ​មាន​គុណ​ភាព​ មាន​សុវត្ថិ​ភាព​នៅ​កម្ពុជា​ នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​ ទាំង​ការ​ផលិត​​ជា​លក្ខណៈ​គ្រួសារ ​ទាំង​នៅ​តាម​កសិ​ដ្ឋាន​ ព្រម​ទាំង​ការ​ដាក់​លក់​​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​។​

​មូល​ហេតុ​ទី ​៣ ​ការ​ផលិត​ចំណី​អាហារ​នៅ​កម្ពុជា​បច្ចុប្បន្ន​ ផលិត​ឡើង​ពុំ​មាន​លក្ខណៈ​ស្តង់​ដារ​ត្រឹម​ត្រូវ​ អា​ហារ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ពី​អ្នក​ជំនាញ​ផ្នែក​គីមី​ចំណី​អាហារ​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ ពល​រដ្ឋ​កម្ពុជា​ពុំ​មាន​ជម្រើស​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ផលិត​ផល​ដែល​មាន​សុវត្ថិ​ភាព​ ទោះ​ព្យា​យាម​ចៀស​ក៏​ពុំ​អាច​ចៀស​រួច​ ទី​បំផុត​មាន​តែ​បង្ខំ​ចិត្ត​ទទួល​យក​ចំណី​អាហារ​មាន​ជាតិ​គីមី​។​

​មូល​ហេតុ​ទី ​៤ ​បច្ចុប្បន្ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​មួយ​ចំនួន​ធំ​មិន​អើ​ពើ​ចំពោះ​ចំណី​អាហារ​ដាក់​លក់​ គ្មាន​សណ្តាប់​ធ្នាប់​ តាម​ចិញ្ចើម​ថ្នល់​រោម​ផ្តុំ​ដោយ​ផ្សែង​ និ​ង​ល្អង​ធូលី​ហុយ​ប៉ះ​ឡើយ​។ ម្យ៉ាង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ខ្វះ​សមត្ថ​ភាព​បច្ចេក​ទេស​ត្រួត​ពិនិត្យ​គុណ​ភាព​ចំណី​អាហារ​ ព្រម​ទាំង​ការ​ផ្សព្វ​ផ្សាយ​សារ​អប់​រំ​ពី​សុវត្ថិ​ភាព​ចំណី​អាហារ​ដល់​ពល​រដ្ឋ​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទូលំ​ទូលាយ​ពី​រាជ​រដ្ឋា​ភិ​បាល​។ ​សំណួរ​ដដែល​នៅ​តែ​បន្ត​សួរ​ថា ​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ក៏​ចាក់​ស្រេះ​រាប​ខែ​ រាប់​ឆ្នាំ​ នៅ​ក្នុង​សង្គម​កម្ពុជា​មួយ​នេះ​បាន​?

​ជា​ការ​ពិត​ណាស់​បញ្ហា​មួយ​នេះ​ ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ដោះ​ស្រាយ​នោះ​ទេ​ សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​​ ប្រជា​ពល​រដ្ឋ​ពុំ​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ស្វែង​រក​ចំណី​អាហារ​មាន​សុវត្ថិ​ភាព​ ការ​យល់​ដឹង​ ការ​ត្រួត​ពិនិត្យ​ និង​ការ​ផលិត​នៅ​ក​ម្រិត​ ស្រប​ពេល​ដែល​ច្បាប់​គ្រប​គ្រង់​ត្រួត​ពិនិត្យ​ចំណី​អាហារ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ជា​ធរ​មាន​នៅ​ឡើយ​។ ប៉ុន្តែ​បញ្ហា​ទាំង​អស់​នេះ​អាច​ដោះ​ស្រាយ​បាន​ ប្រសិន​បើ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ និង​ប្រជា​ពល​រដ្ឋ​រួម​គ្នា​ដោះ​ស្រាយ​។ ​

Food-at-market2

ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​ដំបូង​បំផុត​ អ្នក​ផលិត​ និង​អ្នក​លក់​ចំណី​អាហារ​ត្រូវ​ភ្ញាក់​រឮក​ពី​ទង្វើ​រ​បស់​ខ្លួន​ ឈប់​កេង​ចំណេញ​ប្រាក់​លើ​ប្រជា​ពល​រដ្ឋ​គ្នា​ឯង​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​បន្ត​ទៅ​ទៀត​ ជា​ពិសេស​ត្រូវ​ចាប់​ផ្តើម​ចូល​រួម​លុប​បំបាត់​សារ​ធាតុ​គីមី​នៅ​ក្នុង​ចំណី​អាហារ​​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ធានា​ថា​ចំណី​អាហារ​ដែល​ខ្លួន​ផលិត​ឡើង​ មាន​គុណ​ភាព​ល្អ​ពិត​ប្រាកដ​ចំពោះ​អ្នក​ប្រើ​ប្រាស់​។ ​បន្ទាប់​ពី​នេះ​ ក្រសួង​មាន​សមត្ថ​កិច្ចធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ ត្រូវតែ​ត្រួត​ពិនិត្យចំណី​អាហារ​ដែល​ដាក់​លក់​​នៅ​​លើ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​ឱ្យ​បាន​ត្រឹម​ត្រូវ​ កុំ​សម្លឹង​ឃើញ​ប្រាក់​ធំ​ជាង​សុខុ​មាល​ភាព​ពល​រដ្ឋ​ជា​មនុស្ស​ជាតិ​របស់​ខ្លួន​។ ​ចំនែក​ឯ សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ត្រូវ​ធានា​ថា ​រាល់​គ្រឿង​ឧប​ភោគ​បរិភោគ​ដែល​ដាក់​លក់​លើ​ទីផ្សារ​ត្រូវ​តែ​មាន​សុវត្ថិ​ភាព​ត្រឹម​ត្រូវ​។

​ទន្ទឹម​នឹង​នេះ​ដែរ ​រដ្ឋាភិបាល ​ចាំបាច់​ត្រូវ​តែ​ពន្លឿន​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ចំណី​​អាហារ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​បំផុត​ ដែល​បច្ចុប្បន្ន​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ កំពុង​គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ​ក្នុង​នោះ​ទៀត​សោត​ ក្រសួង​សុខា​ភិបាល​ ​ក្រសួ​ងពាណិ​ជ្ជ​កម្ម ​សមត្ថ​កិច្ច​តាម​កុង​ស៊ុល​នី​មួយ​ៗ ​ដាច់​ខាត​មិន​ត្រូ​វ​រ​ង់​ចាំ​ ឬ ​មើល​រំលង​ពី​បញ្ហា​អស​កម្ម​ខាង​លើ​ទាំង​អស់​នេះ​ឡើយ​។​ ក្រសួងពាក់​ព័ន្ធ​នានា​ ចាំ​បាច់​ត្រូវ​គាំ​ទ្រ ​សហ​ការ​យ៉ាង​ជិត​ស្នឹទ្ធ​ជា​មួយ​អង្គ​ការ​ដៃ​គូ ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​ចំណី​អាហារ​ លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​របស់​ខ្លួន​ ឱ្យ​ទទួល​ប្រាក់​បៀវ​ត្ស​ន៍​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ​ ដែល​ជា​មធ្យម​មិន​លើស​ពី ​៦០ ​ម៉ឺន​រៀល​ផង​ក្នុង​មួយ​ខែ​។ ​ការ​យក​ចិត្ត​ទុក​ដាក់​ដឹង​ទុក្ខ​ធុរៈ​ដល់​មន្ត្រី​នេះ​ ក៏​ជា​ជំហាន​មួយ​ជំរុញ​ឱ្យ​ចំណី​អាហារ​នៅ​កម្ពុជា​មាន​សុវត្ថិ​ភាព​ផង​ដែរ​។​

​បន្ថែម​ពី​លើ​នេះ ​រដ្ឋា​ភិបាល​ត្រូវ​លើក​ទឹក​​ចិត្ត​ និង​ផ្តល់​ឱកាស​ដល់​អ្នក​សិក្សា​ផ្នែក​គីមី​ចំណី​អាហារ​ឱ្យ​បាន​ទូលំ​ទូលាយ​ ជា​ពិសេស​លើក​ទឹក​ចិត្ត​ដល់​កសិ​ករ​ឱ្យ​ដាំ​ដុះ​ដំណាំ​តាម​បែប​ធម្ម​ជាតិ​ឱ្យ​ច្រើន​នៅ​កម្ពុជា​។ ​រដ្ឋា​ភិបាល​ត្រូវ​ដឹង​ថា​ ប្រទេស​ជាតិ​ដែល​រីក​ចម្រើន​ អាច​អភិ​វឌ្ឍ​ទៅ​មុខ​បាន​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ពល​រដ្ឋ​រ​បស់​ខ្លួន​ខ្លាំង​។ ​ពល​រដ្ឋ​ខ្លាំង​បាន​ ក៏​អាស្រ័យ​លើ​ប​ញ្ហា​សុខ​ភាព​ជា​ចម្បង ​ដែល​កើត​ចេញ​ពី​ការ​ជ្រើស​រើស​អាហារ​មាន​សុវត្ថិ​ភាព​ត្រឹម​ត្រួវ​ផង​ដែរ​។​

ជា​រួម​មក​ ​ទាំងប្រជា​ពល​រដ្ឋ​ជា​អ្នក​​ទទួល​ទាន ​ទាំង​អ្នក​ផលិត​ អ្នក​ចែក​ចាយ​ មន្តី្រ​ពាក់​ព័ន្ធ និង​រាជ​រដ្ឋា​ភិបាល​ត្រួវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ ចំពោះ​បញ្ហា​នេះ​ឱ្យ​ខាន​តែ​បាន​។​ ​ប្រសិន​បើ​ភាគី​ទាំង​អស់​នៅ​តែ​ព្រងើយ​កន្តើយ​មិន​គិត​ខ្វល់​ខ្វាយ​ ទុក​បញ្ហា​ឱ្យ​កើត​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​ៗ​ រាល់​ថ្ងៃ​នោះ​ ពុំនោះ​ទេ​កម្ពុជា​ច្បាស់​ណាស់​នឹង​ក្លាយ​ជា​ទីផ្សារ​លក់​ផលិត​ ប្រើ​ប្រាស់​ចំណី​អាហារ​ផ្ទុក​គីមី​ជាក់​ជា​ពុំ​ខាន​ ហើយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ នៅ​តែ​បន្ត​រង​គ្រោះ​​ចំពោះ​បញ្ហា​សុខ​ភាព​​​ក៏ដូច​ជា​អាយុ​ជីវិត​​តាម​រយៈ​ការ​បរិ​ភោគ​អាហារ​​ដែល​​ជា​​តម្រូវ​ការ​​ចាំ​​បាច់​​​ប្រចាំ​ថ្ងៃ​៕​

Share

ព័ត៌មានទាក់ទង