ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហាថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម និងសម្រាប់ខេត្តទាំងអស់ដែលមានព្រំ ប្រទល់ជាមួយវៀតណាម។
គេនៅចាំបានថា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្ដេចបានចេញសារាចរណែនាំមួយដោយតម្រូវឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ខេត្ដទាំងអស់នៅជាប់ព្រំដែន ត្រូវបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនឱ្យប្រទេសជិតខាង មានប្រទេសវៀតណាមជាដើម ព្រោះនឹងបង្កការលំបាកក្នុងការគ្រប់គ្រង។ ផ្ទុយទៅវិញ រយៈពេលចុងក្រោយនេះ មានសេចក្ដីរាយការណ៍ថា សកម្មភាពជួលដីតាមព្រំដែននៅតែបន្តកើតមានទៅប្រជាជនវៀតណាម។
តើប្រជាពលរដ្ឋខ្មែររស់នៅតាមព្រំដែន ពិតជាចង់ជួលដីឱ្យប្រទេសជិតខាងមែនទេ?
តើបម្រាមដូចនេះរបស់សម្ដេចនាយករដ្ឋមន្ត្រីចំពោះប្រជាពលរដ្ឋខ្មែរគ្រាប់គ្រាន់ដែរឬទេ?
សូមស្តាប់ទស្សនៈវិភាគរបស់លោក ម៉ៅ សំណាង អ្នករាយការណ៍ព័ត៌មាននៃវិទ្យុស្ត្រី ដូចតទៅ៖

ក្រោយពីបានថ្លែងណែនាំដូចនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរបញ្ជាក់បន្ថែមទៀត លើ បណ្ដាញសង្គមរបស់សម្ដេច ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម តែនេះមិនមែនសម្រាប់តែខេត្តតាកែវ មួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម » ។
បម្រាមរបស់សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងនាពេលនេះ គឺជាសារមួយញញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋដែលមានដីស្រែនៅជាប់ព្រំដែនទាំងអស់ ឱ្យយកចិត្តទុកដាក់គ្រប់គ្រងថែរក្សាដីរបស់ខ្លួនឱ្យបានគង់វង្ស និងមិនត្រូវអនុញ្ញាតឱ្យពលរដ្ឋជួលដីទៅប្រទេសវៀតណាមបន្តទៀត ព្រោះកន្លងទៅសម្ដេចយល់ថា ការជួលដីឱ្យប្រទេសជិតខាងនឹងនាំឱ្យមានភាពស្មុគ្រស្មាញក្នុងការគ្រប់គ្រង។ ប៉ុន្តែចម្ងល់នៅតែចោទសួរដដែលៗទៅលើរដ្ឋាភិបាលចំពោះបញ្ហានេះ។
តើប្រជាពលរដ្ឋខ្មែររស់នៅតាមព្រំដែនពិតជាចង់ជួលដីឱ្យប្រទេសជិតខាងមែនឬទេ?
ជុំវិញរឿងនេះ ប្រសិនបើយើងក្រឡេកមើលទៅលើជីវភាពប្រជាពលរដ្ឋខ្មែររស់នៅតាមព្រំដែន ភាគតិចណាស់ដែលមានជីវភាពធូរធារ ព្រោះភាគច្រើនពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនជាកសិករ ធ្វើស្រែចម្ការ លើកលែងនៅតំបន់មានរោងចក្រ និង កាស៊ីណូមួយចំនួនតូចតែប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ គម្លាតរវាងទីជនបទជាប់ព្រំដែន និងទីប្រជុំជនក៏ជាមូលហេតុចម្បងមួយធ្វើឱ្យពលរដ្ឋបង្ខំចិត្តជួលដីឱ្យប្រទេសជិតខាងដែរ ព្រោះដីស្រែនៅជាប់ព្រំដែនបានក្លាយជាកន្លែងស្ងប់ស្ងាត់ ហើយភាគច្រើនពលរដ្ឋគ្មានលទ្ធភាពបង្កបង្កើនផលកសិកម្ម និងមិនមានប្រជាពលរដ្ឋខ្មែរចូលចិត្តទៅរស់នៅទីនោះច្រើនទេ។
ជាងនេះទៀតសោត ប្រព័ន្ធទឹកស្រោចស្រពដំណាំកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារសិក្សា ឬមន្ទីរបម្រើសេវាសាធារណៈផ្សេងៗដែលជាតម្រូវការពលរដ្ឋក៏ប្រទេសកម្ពុជានៅពុំទាន់មាននៅតាមព្រំដែនឱ្យបានគ្រប់គ្រាន់ដែរ។
បើនិយាយពីកសិផលដែលប្រជាពលរដ្ឋកម្ពុជាធ្វើបាន គឺភាគច្រើនគ្មានទីផ្សារសម្រាប់លក់ឡើយ។ ដើម្បីបានទិន្នផលពីដីរបស់ខ្លួន កសិករខ្មែរត្រូវចំណាយទុនច្រើន រីឯផលចំណេញបានតិចបំផុត និងពេលខ្លះខាតទាំងដើមទាំងចុងផងក៏មាន។
ក្នុងស្ថានភាពបែបនេះ គឺជម្រើសល្អបំផុតរបស់ពលរដ្ឋនៅតាមបណ្តោយព្រំដែន មានតែជួលដីឱ្យពលរដ្ឋប្រទេសជិតខាងធ្វើកសិកម្ម ដោយរង់ចាំទទួលកម្រៃបន្តិចបន្តួចក៏សមគួរជាងទុកដីទំនេរចោលដែរ។
តែយ៉ាងណា ការជួលដីតាមបណ្តោយព្រំដែនឱ្យប្រទេសជិតខាង ក្រៅពីបានប្រាក់បន្តិចបន្តួច វាក៏បានផ្តល់ការងារដល់ពលរដ្ឋខ្មែរទៅធ្វើជាកម្មករលើដីស្រែរបស់ខ្លួនផងដែរ។
តើប្រជាពលរដ្ឋខ្មែរពិតជាចង់បានបែបនេះឬយ៉ាងណា ឬមួយជាជម្រើសទាល់ច្រក?
ផ្អែកលើហេតុផលខាងលើនេះ គេអាចសន្និដ្ឋានបានថា ពលរដ្ឋខ្មែរសម្រេចយកដីរបស់ខ្លួនជួលឱ្យប្រទេសជិតខាងពិតជាមានមូលហេតុ។ មូលហេតុ អាចមកពីប្រជាពលរដ្ឋខ្មែររស់នៅតាមព្រំដែនមិនមានលទ្ធភាព ធ្វើស្រែចម្ការរបស់ខ្លួន គឺដោយសារតែបញ្ហាក្រីក្រ បញ្ហាសន្តិសុខព្រំដែន បញ្ហាកង្វះប្រព័ន្ធធារាសាស្ត្រ។
ដើម្បីបញ្ឈប់បញ្ហានេះ រដ្ឋាភិបាលគួរតែគិតដល់តំបន់ព្រំដែន និងចោលក្រសែភ្នែកសម្លឹងទៅកាន់អ្នករស់នៅតាមបណ្តោយព្រំដែនតាមរយៈការលើកទឹកចិត្តផ្សេងៗដល់ប្រជាពលរដ្ឋដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ព្រមទាំងផ្សារទិញលក់ផលិតផល កសិករនិងធានាថាជីវភាពរបស់ពួកគេធូរធារ។ប្រសិនបើធ្វើដូចនេះបាន គឺប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនមិនចង់ជួលដីឱ្យប្រទេសជិតខាងឡើយ។
ក្នុងន័យនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងវិស័យឯកជន ត្រូវយកចិត្តទុកដាក់លើកកម្ពស់ និងជួយកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនឱ្យបានល្អប្រសើរ គឺតាមរយៈការផ្តល់តម្រូវការជាក់ស្តែង ដូចការផ្តល់ប្រភពទុន ប្រភពទឹក ទីផ្សារលក់សម្រាប់ផលិតផលកសិកម្ម និងសន្តិសុខតាមព្រំដែនជាដើម។
ចូរកុំភ្លេចថា ពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនទាំងអស់គឺជារបងដ៏រឹងមាំបំផុតនៃប្រទេសជាតិ៕