ភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងសរសេរលិខិតទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីជនជាតិវៀតណាមរស់នៅចុងឃ្នៀស ក្រុងសៀមរាបដែលរស់នៅបែបអាណាធិបតេយ្យ។ នេះបើតាមលោក ម៉ែន សុថារិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានប្រាប់វិទ្យុស្ត្រីនៅថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ ២០១៦ នេះ។
លោក ម៉ែន សុថារិន្ទ្រ៖«គាត់ធ្វើអីមកវាខុស និយាយឱ្យចំគឺបទល្មើសហ្មងណា អញ្ចឹងយើងចង់ឱ្យប្រជាពលរដ្ឋខ្មែរយើងមានសិទ្ធិធ្វើអីនៅហ្នឹងដែរដូចគ្នា ព្រោះថាជនជាតិទាំងពីរហ្នឹងមិនអាចនៅជុំគ្នាបានទេ ។យើងឃើញថាឱ្យតែជនជាតិវៀតណាមច្រើនប្រជាពលរដ្ឋខ្មែរយើងនឹងថយហើយ ចេះតែថយៗរហូត ហើយគាត់មិនអាចនៅហ្នឹងនាំឱ្យមានគ្រោះថ្នាក់ ។យើងខ្លាចគាត់កាប់សម្លាប់គ្នា បើគាត់មកនៅស្រុកគេ នៅប្រទេសគេ ហើយរស់នៅជាមួយគេគោរពសិទ្ធិរបស់គេ ប្រទេសគេមានអីរស់បានស្រួល ប៉ុន្តែគាត់មករស់នៅលើដីគេហើយធ្វើអាងយ៉ាង»។
លោកបានឱ្យដឹងបន្តថា បើទោះបីជាជនជាតិវៀតណាម ទាំងនោះកាងរកស៊ីតែម្នាក់ឯង និងមិនគោរពពលរដ្ឋខ្មែរជាម្ចាស់ប្រទេសក៏ដោយ ប៉ុន្តែគ្មានអាជ្ញាធរណាម្នាក់ហ៊ានធ្វើអ្វីនោះទេ ព្រោះដោយសារមានខ្នងអ្នកធំនៅពីក្រោយ។ លោកថា អាជ្ញាធរបានប្រាប់លោក បើពួកគេហ៊ានចាត់ វិធានការទៅលើក្រុមជនជាតិវៀតណាមទាំងនោះ ពួកគេនឹងត្រូវដកហូតតំណែង។
យ៉ាងនេះក្ដី វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនាយកដ្ឋានកន្តោប្រវេសបានទេនៅថ្ងៃនេះ ខណៈអ្នក នាំពាក្យនគរបាលជាតិ លោកនាយឧត្តមសេនីយ គៀត ច័ន្ទរិទ្ធ មានប្រសាសន៍ថាមិនមែនជាសមត្ថកិច្ចរបស់លោកចំពោះរឿងនេះទេ។
ទោះជាមានការលើកឡើងបែបនេះក្ដី ក៏សង្កេតឃើញអាជ្ញាធរ ឬបក្សកាន់អំណាចអះអាងថា គេបានអនុវត្តការគ្រប់គ្រងជនជាតិវៀតណាមមានប្រសិទ្ធភាព ដោយបានចាប់បញ្ចូនជាច្រើនពាន់នាក់ត្រឡប់ទៅប្រទេសពួកគេវិញ។
កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃបាន បញ្ចេញរបាយការណ៍ដោយអះអាងថា ពលរដ្ឋវៀតណាមរស់នៅលើទឹកដីកម្ពុជា មានជាងតែ ១៦ ម៉ឺននាក់ប៉ុណ្ណោះ។ តែក្រុមប្រឆាំងមិនគាំទ្រតួលេខនេះទេ ដោយពួកគេអះ អាងថាអាចមានជាង ១ លាននាក់៕