ភ្នំពេញ៖ប៉ូលិសប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបបានបញ្ជូនជនសង្ស័យសញ្ជាតិអង់គ្លេសពីរនាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារក្រោមបទចោទអំពើអាសលើក្មេងប្រុសច្រើននាក់។

ជនសង្ស័យមានសញ្ជាតិអង់គ្លេងឈ្មោះ Leslie Peter HENMAN មានអាយុ៦៤ឆ្នាំនិងម្នាក់ទៀតឈ្មោះ David Malcom BROCK អាយុ៦៩ឆ្នាំត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨។
លោក ជា ហេង ប្រធានការិយាល័យនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអនិតិជននៅខេត្តសៀមរាបបានឲ្យដឹងថាបុរសជនជាតិអង់គ្លេងទាំងពីរនេះបានព្រឹត្តអំពើអាសលើក្មេងប្រុសចំនួន១២នាក់ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០១៨នេះ។
លោក ជាហេង៖«គាត់ប្រព្រឹទ្ធយូរគាត់ធ្វើមករហូតក្នុងអំឡុងឆ្នាំ២០១៧។ជនរងគ្រោះ១២នាក់ប្រុសចោទពីបទអំពើអាសប្រឆាំងអនិតិជនអាយុក្រោម១៥ឆ្នាំ[ប្រឈមមុខ]ជាប់ពន្ធនាគារ១ឆ្នាំទៅ៣ឆ្នាំ។»
លោក ជា ហេង បន្ថែមថា ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅតុលាការក្រោមបទចោទ«អំពើអាសប្រឆាំងអនិតិជនអាយុក្រោម១៥ឆ្នាំ»ដែលអាចនឹងប្រឈមមុខជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ។
អង្គការការពារកុមារ(Children Protection Unit) បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថាសមាជិកក្រុមការងាររបស់អង្គការនេះនឹងបន្តសម្ភាសជនរងគ្រោះចំនួន១២នាក់ត្រូវបានកំណត់អត្តសញ្ញាណ។
អង្គការ Children Protection Unit បានឱ្យដឹងថាប៉ូលិសខេត្តសៀមរាបបានស៊ើបអង្កេតលើជនសង្ស័យជាជនជាតិអង់គ្លេសពាក់ព័ន្ធនឹងអំពើអាសបន្ទាប់ពីជនសង្ស័យទាំងពីរនេះបានហៅក្មេងប្រុសជាច្រើននាក់ទៅហែលទឹកនៅអាងហែលទឹករបស់គាត់ដែលនៅពេលនោះជនងបរទេសនេះប្រព្រឹត្តិអំពើអាសលើក្មេងប្រុសទាំងនោះ៕