ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយក្រុមហ៊ុនចិនគ្រោងបង្កើតកម្មវិធីសិក្សាផ្នែកធនធានមនុស្សតាមប្រព័ន្ធអ៊ិនធើណែត(Internate)ឬប្រព័ន្ធ online រហូតដល់កម្រិតថ្នាក់បរិញ្ញាបត្រ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តល់បទសម្ភាសន៍ដល់ អ្នកសារព័ត៌មានក្នុងជំនួបទ្វេភាគីនៃគណៈប្រតិភូចិនកាលពីថ្ងៃទី១៦ ខែមករានេះថាក្រុមហ៊ុនចិនមួយឈ្មោះថា Join Capital Investment& Management Co,Ltd ជំនាញផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជួយជ្រោមជ្រែងក្នុងការបង្កើតកម្មវិធីសិក្សាតាមបណ្តាញអ៊ិនធើណែតនេះ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បញ្ជាក់ថាកម្មវិធីសិក្សាតាមប្រព័ន្ធអនឡានដែលបកប្រែពីភាសាចិនមកភាសាខ្មែរលើវិស័យអាទិភាពដែលជាតម្រូវការចំបាច់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដូចជាវិស័យឧស្សាហកម្ម សេវាកម្មនិងស្ថាបត្យកម្មជាដើម។
«មនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ឲ្យតែមានបំណងចង់រៀនព្រោះOnline វាទៅដល់គ្រប់កន្លែងទាំងអស់ គ្រប់ពេលវេលាទាំងអស់។យើងមិនចំបាច់ថាត្រូវមានពេលវេលាត្រូវទៅសាលាណាយើងបើកតែទូរស័ព្ទរៀនមើលឬបើកកុំព្យូទ័រlatop មើលឲ្យតែមានអ៊ិនធើណែតទៅដល់យើងអាចរៀនបានហើយ។រៀនទៅឲ្យតែយើងពន្យាយាមចាប់ឲ្យជាប់ ហើយអាចអនុវត្តន៍បានប្រឡងបាន ពេលនោះយើងអាចទទួលផលហើយ។»
លោករដ្ឋមន្ត្រីពន្យល់ថាកម្មសិក្សាតាមអនឡានប្រហែលជាតម្រូវបង់ប្រាក់ក្នុងតម្លៃថោកសមរម្យហើយសង្ឃឹមថាគម្រោងបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអនឡាននឹងដំណើរឆាប់ៗនេះ៕