ភ្នំពេញ៖ក្រសួងសុខាភិបាលកំណត់ទិសដៅលុបបំបាត់ជំងឺដង្កូវព្រូនឲ្យបានកម្រិតទាបដើម្បីកាត់បន្ថយអត្រាឈឺនិងអត្រាស្លាប់ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណនិងទិសដៅអភិវឌ្ឍន៍សហសវត្សក្នុងការលើកស្ទួយជីវភាពនិងសុខមាភាពប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាលបានកំណត់ទិសដៅប្រយុទ្ធនឹងជំងឺដង្កូវព្រូនឲ្យធ្លាក់ចុះក្នុងកម្រិតទាបតាមរយៈផ្តល់ថ្នាំទម្លាក់ព្រូនដល់ក្រុមគោលដៅងាយរងគ្រោះដូចជាកុមារ ស្ត្រីក្នុងវ័យបន្តពូជស្ត្រី មានផ្ទៃពោះនិងស្ត្រីក្រោយសម្រាលកូន។
ការផ្តល់ថ្នាំទម្លាក់ដង្កូវព្រូនមីប៉ែនដាហ្សូល (Mebendazole)ដល់ក្រុមគោលដៅជាង៥លាននាក់នៅតំបន់ប្រឈមនឹងជំងឺព្រូននៅក្នុងឆ្នាំ២០១៧កន្លងមក។លើសពីនេះក្រសួងសុខាភិបាលធ្វើយុទ្ធនាការផ្តល់ថ្នាំទម្លាក់ព្រូនដល់កម្មកររោងចក្រនិងប្រជាពលរដ្ឋរស់នៅតំបន់ចំការ កៅស៊ូក្នុងខេត្តកំពងចាម ត្បូងឃ្មុំ មណ្ឌលគីរី រតនគីរី កំពង់ធំ ស្ទឹងត្រែង ក្រចេះនិងព្រះវិហារសរុបជាង៥ម៉ឺននាក់។
ក្រសួងក៏បានចុះអប់រំសុខភាពប្រជាពលរដ្ឋនិងពិនិត្យលាមករកមេរោគព្រូនស៊ីស្តូឬជំងឺព្រូនធំពោះក្នុងភូមិដែលមានជំងឺស៊ីស្តូខ្ពស់ក្នុងខេត្តក្រចេះនិងស្ទឹងត្រែងដោយក្រសួងរកឃើញថាអត្រាប្រេ វ៉ាឡង់ជំងឺព្រូនស៊ីស្តូក្នុងកម្រិត០,២ភាគរយ។
ជាមួយគ្នានេះ ក្រសួងក៏រកឃើញជំងឺព្រូនថ្លើមនៅកម្ពុជាដោយត្រូវបានបញ្ចប់ការគូសផែនទីជាលទ្ធផលបឋមបង្ហាញថាអត្រាប្រេវ៉ាឡង់ព្រូនថ្លើមទូទាំងប្រទេសមាន១០,១ភាគរយ។ក្នុងនោះអត្រាប្រវ៉ាឡង់តាមបណ្តាខេត្តចន្លោះពី០,០ភាគរយក្នុងខេត្តកំពងជិត៤០ភាគរយក្នុងខេត្តស្ទឹងត្រែង។
ទោះបីយ៉ាងណា ក្រសួងបានឱ្យដឹងថា កត្តាប្រឈមចំពោះការខ្វះខាតថវិកាក្នុងលើកទឹកចិត្តដល់មន្ត្រីអនុវត្តសកម្មភាពត្រូវបានកាត់បន្ថយពីមូលនិធិម្ចាស់ជំនួយ។ថវិកាវិនិយោគការងារប្រយុទ្ធនឹង ជំងឺដង្កូវព្រូននៅមានកម្រិតនិងមិនទូលំទូលាយក្នុងការអនុវត្តន៍សកម្មភាពយុទ្ធសាស្ត្រនេះទេ។
ក្រសួងថាការផ្តល់ថ្នាំទម្លាក់ព្រូនជាទៀងទាត់ដល់ប្រជាជនគោលដៅរស់នៅក្នុងតំបន់ដាច់ស្រយាលនៅមានកំរិតនិងជួបការលំបាកនិងថវិកាពុំទាន់មានលទ្ធភាព ដើម្បីស្រាវជ្រាវរកការចម្លងព្រូនពីសត្វទៅមនុស្ស។
សម្រាប់ឆ្នាំ២០១៨នេះក្រសួងសុខាភិបាលបានកំណត់ទិសដៅកម្មវិធីប្រយុទ្ធនឹងជំងឺដង្កូវព្រូនក្នុងពង្រឹងនិងពង្រីកការគ្របដណ្តប់ការផ្តល់ថ្នាំទម្លាក់ព្រូនដល់ក្រុមគោលដៅដើម្បីទប់ស្កាត់ការចម្លងនិងកាត់បន្ថយអត្រាប្រេវ៉ាឡង់ជំងឺព្រូនឆ្លងតាមដីនិងព្រូនស៊ីស្តូហើយបន្តតាមដានការវិឌ្ឍន៍នៃប្រវ៉ាឡង់ជំងឺស៊ីស្តូក្នុងខេត្តក្រចេះនិងស្តឺងត្រែង។
ក្នុងទិសដៅនេះក្រសួងសុខាភិបាលក៏បង្កើតយុទ្ធសាស្ត្រអង្កេតតាមដានករណីសង្ស័យជំងឺព្រូនអំបោះឬព្រូនជើងដំរីជាករណីថ្មីដោយចុះផ្សព្វផ្សាយតាមសហគមន៍និងសាលារៀន។ពង្រីកការស្រាវ ជ្រាវដើម្បីរកប្រភេទជំងឺព្រូនឆ្លងតាមរយៈការបរិភោគចំណីអាហារចំអិនមិនឆ្អិតល្អ។ពិសេសជំងឺព្រូនថ្លើមនិងព្រូនតេញ៉ាឬស៊ីស្ទីសែកកូស៊ីសនៅតំបន់នានានៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសា ស្ត្រនិងបាណកសាស្ត្របានឲ្យដឹងថាជំងឺដង្កូវព្រូនជាប្រភេទជំងឺឆ្លងតាមរស់នៅមិនស្អាតនិងបរិភោគចំណីអាហារមិនឆ្អិនល្អ។លោកវេជ្ជបណ្ឌិតបន្តថាជំងឺដង្កូវព្រូននេះក្រសួងបានកំណត់ផែនការកាត់បន្ថយអត្រាឈឺនិងអត្រាស្លាប់ក្នុងសូចនាករជាតិរបស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល៖«ជំងឺព្រូននឹងជំងឺឆ្លងទាក់ទងនឹងរឿងអនាម័យ។ទាក់ទងអនាម័យនៅក្នុងប្រទេសកម្ពុជាយើងអត់មានទិសដៅកំណត់ជាក់លាកទេថាត្រូវកាត់បន្ថយប៉ុន្មានភាគរយៗប៉ុន្តែវាចូលរួមសូចនាករអភិវឌ្ឍន៍សហសវត្សជាតិរបស់យើងទៅជាចំនួនកុមារស្លាប់កុមាររស់ជាដើម។»
យ៉ាងតិចមនុស្ស៨នាក់ស្លាប់នៅខេត្តកំពងធំបន្តបន្ទាប់គ្នាករណីបរិភោគសាច់ជ្រូកព្រៃនិងសាច់ឈ្លូសឆៅដែលមានពងដង្កូវព្រូនឈ្មោះ«ទ្រីស៊ីណែឡា»កាលពីដើមខែតុលា ឆ្នាំ ២០១៧។
រោគសញ្ញាដំបូងនៃជំងឺនេះរួមមានក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និងគ្រុនក្តៅ។ អ្នកផ្ទុកមេរោគនេះ អាចឈឺពោះនៅក្នុងរយៈពេល១ទៅ២ថ្ងៃ ហើយអាចមានអាការគ្រុនក្តៅ ក្អត ហើមមុខ ឈឺសន្លាក់ ឈឺសាច់ដុំ រមាស់ស្បែក រាកឬទល់លាមក។ រោគសញ្ញាធ្ងន់ធ្ងរ អ្នកជំងឺពិបាកធ្វើចលនានិងបង្កបញ្ហាដល់បេះដូងនិងដង្ហើមហើយនៅពេលដង្កូវនេះរាតត្បាតចូលក្នុងសរីរាង្គសួត បេះដូង ថ្លើមនិងខួរក្បាលក្រោយរយៈពេល២ទៅ៨សប្តាហ៍អ្នកជំងឺអាចស្លាប់បាន។
ដើម្បីទប់ស្កាត់ជំងឺដង្កូវព្រូន«ទ្រីស៊ីណែឡា»ក្រសួងសុខាភិបាលអំពាវនាវដល់ អ្នកទទួលទានគួរចង្អិនសត្វសាច់ឱ្យបានឆ្អិនល្អមុនទទួលទាន។ ចំណែកមន្ត្រីជំនាញគួរត្រួតពិនិត្យសាច់សត្វឱ្យបានប្រសិទ្ធិភាព មុនអនុញ្ញាតឱ្យធ្វើការនាំចូលនិងចរាចរលក់លើទីផ្សារ៕