
នៅថ្ងៃ ចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ លោក ហោ ណាំហុង តំណាងពិសេសរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលនៃប្រមុខដឹកនាំស្តីពីការក្សាសន្តិភាពនាទីក្រុងញូវយ៉ក ស្នើឲ្យអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង ប្រទេសផ្សេងៗទៀត ផ្តល់ជំនួយបច្ចេកទេស និងសេវាកម្មប្រឹក្សា ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន ហៅកាត់ថា (ARMAC)នៅកម្ពុជា។
លោកហោ ណាំហុង បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលនៃប្រមុខដឹកនាំពិភពលោក ស្តីពីការរក្សាសន្តិភាព នាទីក្រុងញូវយ៉ក កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះថា មជ្ឈមណ្ឌលប្រតិបត្តិការរក្សាសន្តិភាពជាតិរបស់កម្ពុជា ទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះ នៃការបណ្តុះបណ្តាលតំបន់ និងអន្តរជាតិ រៀបចំរួមគ្នាដោយគ្រូបង្ហាត់ជាតិ និងអន្តរជាតិ ហើយនិងអ្នកជំនាញការរបស់អង្គការសហប្រជាជាតិ នៅក្នុងវិស័យបោសសម្អាតមីន ការកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ មន្ត្រីយោធា និង អ្នកសង្កេតការណ៍។
លោករដ្ឋមន្ត្រីហោ ណាំហុង បញ្ជាក់ថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនតំបន់អាស៊ាន ដែលហៅកាត់ថា (ARMAC) នៅកម្ពុជានឹងចាប់ផ្តើមដំណើរការនៅក្នុងពេលឆាប់ៗ។
ឆ្លើយតបទៅនឹងការស្នើរបស់រដ្ឋមន្ត្រីក្រសួងបរទេសខាងលើ លោក កែម ទ្បី អ្នកស្រាវជ្រាវ ផ្នែកការអភិវឌ្ឍសង្គម មានប្រសាសន៍ថា លោកគាំទ្រទៅលើការស្នើនោះ ដោយលោកលើកទ្បើងថា ដោយសារតែប្រទេសកម្ពុជា ជាប្រទេសក្រីក្រ ដូច្នេះកម្ពុជាត្រូវការជំនួយពីបរទេស។ ប៉ុន្តែលោកបានបន្តទៀថា ប្រសិនបើទទួលបានជំនួយនោះហើយ ត្រូវប្រើជំនួយនោះឲ្យមានតម្លាភាព។
ពាក់ព័ន្ធនឹងការស្នើនោះដែរ វិទ្យុស្ត្រី ព្យាយាមទាក់ទងលោក ហេង រតនា អគ្គនាយក CMAC អំពីការយល់ឃើញរបស់លោក ប៉ុន្តែទូរសព្ទចូលពុំមានអ្នកទទួល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅរាជធានីភ្នំពេញ ឆ្នាំ ២០១២ ថ្នាក់ដឹកនាំអាស៊ាន បានអនុម័តជា ឯកច្ឆន្ទស្តីពីការបង្កើត មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ហៅកាត់ថា (ARMAC) នៅកម្ពុជា ដែលជាមជ្ឈមណ្ឌលមានគោលដៅចម្បង ក្នុងការផ្តល់ឲ្យប្រទេសជាសមាជិកអាស៊ាន នូវការដោះស្រាយបញ្ហាប៉ះពាល់បង្កដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៕