ក្រុងបាងកក ៖ អាជ្ញាធរប្រចាតំបន់និយាយថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារមកលើភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃសៅរ៍ ទី០៧ ដែលបានបណ្តាលឱ្យមនុស្ស ១៨នាក់ស្លាប់ ហើយផ្ទះសម្បែងអ្នកភូមិរាប់ពាន់ខ្នងបានជន់លិច។
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃថៃដដែលនេះបន្តថា មានមនុស្ស ១៨ នាក់បានស្លាប់ និងម្នាក់ត្រូវបានបាត់ខ្លួន។ ទឹកភ្លៀងដែលបន្តធ្លាក់នេះ បានធ្វើឱ្យផ្លូវជាតិមួយចំនួនត្រូវលិចលង់។ ចំណែក ដីស្រែចំការ និងសាលារៀនជាង ១៥០០ អគារក្នុងតំបន់នោះក៏រងការបំផ្លាញផងដែរ។
យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ ដែលបានព្រមានពីគ្រោះទឹកជំនន់ភ្លៀងខ្លាំងនេះ បានឱ្យដឹងថា តាមការព្យាករណ៍ទឹកភ្លៀងត្រូវគេរំពឹងថានឹងបន្តធ្លាក់យ៉ាងហោចណាស់ពីរថ្ងៃខាងមុខទៀត។
រដ្ឋាភិបាលថៃនិយាយកាលពីថ្ងៃសៅរ៍ថា មន្ត្រីយោធាតាមមូលដ្ឋាននៅទូទាំងតំបន់នេះ បានប្រមូលគ្នាដើម្បីជួយជម្លៀសជនរងគ្រោះ និងបានផ្តល់នូវជម្រកបណ្តោះអាសន្ន ព្រមទាំងបានចែកចាយជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋផងដែរ៕ប្រភព៖CNA