កោះតៃវ៉ាន់៖ ប្រធានាធិបតីជាប់ឆ្នោតកោះតៃវ៉ាន់ បានសម្រេចតែងតាំងអតីតរដ្ឋមន្ដ្រីហិរញ្ញវត្ថុ លោក Lin Chuan ជានាយករដ្ឋមន្ដ្រីដែលត្រូវបានមើលឃើញថា ឥស្សរជនរូបនេះគឺជាទីប្រឹក្សាជំនាញផ្នែកសេដ្ឋកិច្ចរបស់ដែនដីកោះតៃវ៉ាន់នេះយូរមកហើយ។

លោក Lin Chuan បានកាន់តំណែងរដ្ឋមន្ដ្រីហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ២០០២ ដល់ ២០០៦។ លោកមានអាយុ ៦៤ឆ្នាំ ជាអ្នកឯកទេសសម្បូរបទពិសោធខាងកិច្ចការជំនួញ និង សេដ្ឋកិច្ច។
លោកស្រីប្រធានាធិបតីជាប់ឆ្នោត Tsai Lan Wen បានពិពណ៌នាលោក Lin Chuan ថាជាអ្នកនយោបាយដ៏មានថាមពលនិងសមត្ថភាពក្នុងកិច្ចការជំនួញ និង សេដ្ឋកិច្ច ហើយក៏ជាអ្នកគូសវាសផែនការនយោបាយសេដ្ឋកិច្ចសម្រាប់អតីតរដ្ឋាភិបាលនៃប្រធានាធិបតី ជៀន ស៊ូបៀន កន្លងមកដែរ។
បើទោះបីមានការតែងតាំងបែបនេះក្ដី ប៉ុន្តែតំណែងនាយករដ្ឋមន្ដ្រីនៃដែនដីកោះតៃវ៉ាន់គ្រាន់តែជាមេដឹកនាំពិធីការតែប៉ុណ្ណោះព្រោះអំណាចដ៏ខ្ពង់ខ្ពស់ និងធ្វើសេចក្ដីសម្រេចចិត្តធំៗក្នុងកិច្ចការទាំងអស់ គឺជាសិទ្ធិអំណាចរបស់ប្រធានាធិបតី៕
ប្រភព៖ CNA