ភ្នំពេញ៖ អ្នកសង្កេតការណ៍បោះឆ្នោតបង្ហាញក្ដីព្រួយបារម្ភពីចំនួនប្រជាពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅមានចំនួនច្រើនគួរឲ្យកត់សំគាល់។ កត្ដានេះអ្នកសង្កេតការណ៍អំពាវនាវដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្កើនកិច្ចសហការជាមួយ គណបក្សនយោបាយ ដើម្បីបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅភូមដាច់ស្រយាលឲ្យរួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានឆាប់។
ករណីនេះអ្នកនាំពាក្យ គ.ជ.ប អះអាងថា គ.ជ.ប កាលពីថ្ងៃបុណ្យអុំទូកគឺបានចុះទៅជួបអាជ្ញាធរមូលដ្ឋានទាំងអស់ដើម្បីប្រាប់ឲ្យចុះទៅដល់គេហដ្ឋានពលរដ្ឋដោយផ្ទាល់ដើម្បីជំរុញការចុះឈ្មោះបោះឆ្នោត។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ពលរដ្ឋខ្មែរកាន់អត្តសញ្ញណប័ណ្ណមានជាង៩លាន៨សែននាក់។ អ្នកកាន់អត្តសញ្ញាណប័ណ្ណនេះ គឺជាអ្នកមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោត។

លោក សំ គន្ធាមី៖«ទីមួយបំណងខ្ញុំ ខ្ញុំចង់ធ្វើការប៉ាន់ប្រមានថា សង្កាត់មួយចំនួនហ្នឹងតើមានមនុស្សមកចុះឈ្មោះនៅពេលនេះវាកើនអត់ ប៉ុន្ដែមើលទៅវាអត់កើនដូចពីមុន មិនមែនដូចពីខែដំបូងខែ ៩នោះទេ»។
ប៉ុន្ដែលោកថា ចំនួនទាហ៊ានដែលទៅចុះឈ្មោះបោះឆ្នោតគឺមានចំនួនច្រើន គឺមានចំនួនតិចតែប្រជាពលរដ្ឋប៉ុណ្ណោះ។
លោក សំ គន្ធាមី មានប្រសាសន៍បន្ថែមថា ការដែលប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានចំនួនតិចដូចនេះ គឺ ដោយសារកង្វះព័ត៌មានទៅកាន់ទីដាច់ស្រយាល។ ករណីនេះលោកស្នើឲ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបង្កើនការសហការជាមួយបណ្ដាគណបក្សនយោបាយ ដោយបើកឱកាសឲ្យពួកគេអាចទៅផ្សព្វផ្សាយនៅតាមទីជនបទបានងាយស្រួល។
ចំណុចនេះលោកថា កន្លងមកថ្វីបើ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយអាចផ្សព្វផ្សាយពីការទៅចុះឈ្មោះបោះឆ្នោតមែន ប៉ុន្ដែហាក់ដូចមិនបានទូលាយនោះទេ ព្រោះតែមានការរារាំងពីអាជ្ញាធរ ដែលជាការលំបាកសម្រាប់បក្សនយោបាយ។
លោក សំ គន្ធាមី៖«បាទគឺមានតែសុំឲ្យសហការ គ.ជ.ប ជួយលើកទឹកចិត្ដឲ្យគណបក្សនយោបាយចុះដល់មូលដ្ឋានតាមផ្ទះនៅតាមឃុំសង្កាត់ ហើយលើកទឹកចិត្ដឲ្យគាត់ទៅចុះឈ្មោះទៅ»។
ចំណុចនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ឆ្លើយតបថា កន្លងមក គ.ជ.ប បានអនុញ្ញាតឲ្យគណបក្សនយោបាយផ្សព្វផ្សាយ យ៉ាងទូលាយជុំវិញការចុះឈ្មោះបោះឆ្នោត ប៉ុន្ដែជាការសង្កេតរបស់ គ.ជ.ប ឃើញថា ទាំងគណបក្សនយោបាយ និងអាជ្ញាធរមូលដ្ឋានហាក់មិនបានសហការគ្នា ដែលជាហេតុនាំឲ្យមានបញ្ហា។ លោកបន្ដថា ការផ្សព្វផ្សាយជុំវិញការចុះឈ្មោះបោះឆ្នោតនេះ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា។ តែលោកសំណូមពរថា ដើម្បីឲ្យដំណើការផ្សព្វផ្សាយការចុះឈ្មោះបោះឆ្នោតបានល្អគឺមានតែគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអាជ្ញាធរត្រូវតែបន្ដការសហការគ្នាឲ្យបានល្អ។
លោក ហង្ស ពុទ្ធា៖«យើងអាចនិយាយរឿងគ្នាបានមុនពេលរឿងអ្វីកើតឡើង អញ្ចឹងការសហការគ្នានេះគឺមានភាពចាំបាច់ណាស់គ្រប់ភាគីពាក់ព័ន្ធទាំង NGO និងគណបក្សនយោបាយត្រូវតែរកមធ្យោបាយនិយាយជាមួយគ្នាមុន ចៀសវាងការធ្វើទាំងបង្ខំនាំឲ្យលទ្ធផលមិនល្អពេលក្រោយ»។
បន្ថែមលើនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បាន អំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំឡើងទៅមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមរួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានមុនថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខ។
បើគិតពីថ្ងៃទី ០១ កញ្ញា រហូតដល់ថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ៦ល្ងាច ឲ្យដឹងថា ចំនួនពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតគឺមានចំនួនប្រមាណជាង ៧លាន ២សែននាក់ ខណៈដែលពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅមានចំនួនជាង ៩លាន ៦សែននាក់៕