ពលរដ្ឋមួយគ្រួសារនៅស្រុកបាភ្នំ ដែលធ្លាប់អាស្រ័យផលលើថ្មភ្នំជាលក្ខណៈគ្រួសារ បន្តរបរវាយថ្មភ្នំ ដើម្បីចិញ្ចឹមជីវិត ទោះបីពួកគេមកធ្វើជាកម្មករស៊ីឈ្នួលឱ្យក្រុមហ៊ុន។ យ៉ាងណារបរនេះ បានជួយដល់គ្រួសារមួយនេះ ចិញ្ចឹមកូន រហូតដល់ចៅពួកគេឱ្យធំដឹងក្ដី។ កញ្ញា ងិន ស៊ាងលីម រាយការណ៍
អ្នកស្រី អ៊ែល វណ្ណា៖ «ពិបាកដែរហ្នឹង មិនថាមិនពិបាកទេ ពិបាកណាស់ ហើយគ្រាន់តែឃើញថ្មហ្នឹងក៏ឆ្អែតដែរ វាហត់វានឿយដែលយើងកាន់តែចាស់ទៅមែនទែនយើងមិនមែនអាយុតិចឯណា»។
នេះជាប្រសាសន៍របស់អ្នកស្រី អ៊ែល វណ្ណា វ័យ៥៦ឆ្នាំជាកម្មករស៊ីឈ្នួលវាយថ្មភ្នំឱ្យអាជីវកម្មគ្រុឌ កូឡា ដែលស្ថិតនៅក្នុងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
អ្នកស្រី វណ្ណា ដែលមានទីលំនៅក្នុងភូមិអណ្ដូង ឃុំជើងភ្នំ រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា បើគិតចាប់ទាំងធ្វើជាលក្ខណៈគ្រួសារ និងទាំងការស៊ីឈ្នួលគេ របរវាយថ្មភ្នំនេះ អ្នកស្រីបានធ្វើអស់រយៈពេលជាង ៣០ឆ្នាំហើយ ដោយសារតែនៅក្នុងតំបន់នេះមិនមានការងារអ្វីធ្វើក្រៅពីរបរវាយថ្មភ្នំនេះឡើយ។ ក្នុងវ័យ ៥៦ឆ្នាំ ស្ដ្រីចំណាស់រូបនេះបន្តទៀតថា របរនេះ កាលពីប្រកបជាលក្ខណៈគ្រួសារ គឺគឺប្រើប្រាស់កម្លាំងកាយទាំងស្រុង ដើម្បីឡើងទៅបំបែកថ្មភ្នំធំៗ ខណៈសកម្មភាពទាំងនេះ ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
អ្នកស្រី អ៊ែល វណ្ណា៖ «ចាស់ពីដើមគាត់វ៉ៃ គាត់មានដែកដាប់ គាត់ដាក់ដែកដាប់បានគាត់វ៉ៃ ដល់អ៊ីចឹងយើងកើតមិនទាន់គាត់ក៏អត់ទាន់ទៅ គ្រាន់តែដឹងថាគាត់វ៉ៃគាត់ដាក់ដែកដាប់អីម៉េចគឺខ្ញុំអត់ដឹងទេ ប៉ុន្តែខ្ញុំកើតទាន់គឺខ្ញុំបានវ៉ៃ បានអី គឺខួងបាញ់»។
អ្នកស្រី អ៊ែល វណ្ណា កំពុងវាយថ្មភ្នំ។ WMC/kimchanchav
នៅលើផ្ទៃមុខពោរពេញដោយញើស អមក្នុងដៃកំពុងកាន់ញញួរទម្ងន់ ៣គីឡូ វាយថ្មភ្នំលឺសូរម៉ាងៗ អ្នកស្រី វណ្ណា ថា ថ្វីត្បិតរបរវាយថ្មជាលក្ខណៈគ្រួសារ ប្រឈមនឹងគ្រោះថ្នាក់ជាងស៊ីឈ្នួលឱ្យក្រុមហ៊ុនបន្តិចមែន ប៉ុន្តែចំណូលទទួលបាន គឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែឥលូវនេះ គឺមានក្រុមហ៊ុនចូលមកធ្វើអាជីវកម្មយកថ្មភ្នំនេះដែរ ដោយប្រើគ្រឿងចក្រ ដូច្នេះបច្ចុប្បន្ន គ្រួសារអ្នកស្រី មិនអាចវាយបំបែកភ្នំយកថ្មបានសម្រាប់យកទៅលក់ផ្ដាច់មុខទៀតដូចកាលពីមុនបានទេ។
ក្នុងតំបន់ដែលកម្មករស៊ីឈ្នួលរូបនេះធ្វើការមានភាពក្ដៅហួតហែងខ្លាំង ខណៈស្ដ្រីចំណាស់នេះបាននាំចៅៗមកជាមួយ។ ក្មេងៗដែលមកតាមស្ដ្រីរូបនេះ ពួកគេបានរត់ និងហែលលេង ទឹកថ្លុកដែលគ្រឿងចក្របានកាយយកថ្មភ្នំ។ យ៉ាងណាការនាំក្មេងៗមកកន្លែងនេះ អ្នកស្រី វណ្ណា បញ្ជាក់ថា ក៏មានក្ដីបារម្ភខ្លះដែរទាក់ទងនឹងសុវត្ថិភាព ប៉ុន្តែប្រសិនជាទុកនៅក្នុងផ្ទះក្មេងៗទាំងនោះមិនមានមនុស្សចាស់នៅជាមួយឡើយ ដូច្នេះអ្នកស្រីមានក្ដីបារម្ភខ្លាំងជាងយកមកកន្លែងការងារ។
អ្នកស្រី អ៊ែល វណ្ណា៖ «ប្រឈមខទីមួយខ្ញុំវារឹង ខទីពីរពេលវ៉ៃទៅ ខ្ញុំវាចុកទ្រូង វាហត់វាហេវវាខ្លាំងកម្លាំងយើងវាអត់ដល់វាអ៊ីចឹង ដល់អ៊ីចឹងវាហត់ខ្លាំង យើងប្រឈមខ្លាំងណាស់ដែរគ្រូ។ ប៉ុន្តែដូចខ្ញុំប្រាប់ហើយប្រាប់ទៀត បើខ្ញុំមិនធ្វើមិនរកបានអីហូបអ៊ីចឹងណា អ៊ីចឹងយើងមានតែរកមានតែធ្វើទោះបីប្រឈមម៉េចៗទៅយើងមានតែធ្វើហើយ»។
ចំណែកស្វាមីអ្នកស្រី អ៊ែល វណ្ណា លោក វ៉ាន់ ញ៉ក់ អាយុ ៥៥ឆ្នាំ ជាកម្មករស៊ីឈ្នួលវាយថ្មភ្នំដែរ បានឱ្យដឹងថា របរវាយភ្នំយកថ្មនេះ គឺលោកចាប់ផ្ដើមប្រកបឡើងតាំងពីដូនតាមក គ្រាន់តែពីមុនមិនមានក្រុមហ៊ុន ឬសិប្បកម្មណាមក ធ្វើអាជីវកម្មថ្មភ្នំនៅភ្នំថ្មបាញ់នេះឡើយ។ ដោយសារថ្មភ្នំទាំងនោះហើយ បានជួយដល់លោក និងប្រពន្ធ ចិញ្ចឹមកូនៗទាំង៣នាក់ដល់ធំ និងមានគ្រួសារ រហូតដល់អាចចិញ្ចឹមតចៅៗផងដែរ។
ខ្ទមមួយខ្នង ដែលមានប្រក់ដោយធាងដូង និងហ៊ុមព័ទ្ធដោយថង់ប្លាស្ទិក ទីនេះហើយជាម្លប់ជម្រក សម្រាប់លោក ញ៉ក់ និងអ្នកស្រី វណ្ណា ពេលឈប់សម្រាកហត់នឿយពីការងារវាយថ្មភ្នំ។ ក្នុងខោអាវសើមជោកដោយញើស លោក ញ៉ក់ ថា ការមកស៊ីឈ្នួលវាយថ្មភ្នំឱ្យអាជីវកម្ម គ្រុឌ កូឡានេះ គឺគិតជាឡាន ក្នុងមួយឡានបានតម្លៃពី ១២ម៉ឺនរៀល ទៅ ១៣ម៉ឺនរៀល ខណៈដែលលោក និងប្រពន្ធប្រើពេលពីមួយសប្ដាហ៍ឡើងទៅ ទើបវាយថ្មបានពេញមួយឡាន។
លោក វ៉ាន់ ញ៉ក ប្ដីអ្នកស្រី អ៊ែល វណ្ណា អង្គុយសម្រាកក្នុងខ្ទម។ WMC/kimchanchav
លោក វ៉ាន់ ញ៉ក៖ «បើកាលខ្ញុំវ៉ៃពីមុន វាអត់ទាន់មានក្រុមហ៊ុនណាចូលមកទំនើបអ៊ីចឹងទេ មានតែដុត អាណាធំៗយើងវ៉ៃមិនបែក គឺយើងរកអុសមកដុតពីក្រោមវា ដល់ពេលយើងដុតអ៊ីចឹងទៅវាប្រេះ នោះអាប៉ុនៗនោះ យើងវ៉ៃអត់បែកទេ។ ដូច្នេះយើងដាក់រូងដីពីក្រោមដាក់ដុតវាទៅ វាប្រេះ ទើបយើងវ៉ៃបំបែក បើឥលូវនេះក្រុមហ៊ុនគេទំនើប មានប្រដាប់បុកប្រដាប់អីឱ្យ យើងអត់មានមុខរបរអីធ្វើស្រូវធ្វើអីហើយទំនេរចេះតែមកវ៉ៃគ្រាន់បានដោះទាល់»។
របរវាយថ្មភ្នំនេះ គឺប្រើកម្លាំងកាយទាំងស្រុង និងងាយប្រឈមគ្រោះថ្នាក់ដល់រាងកាយ ប៉ុន្តែលោក ញ៉ក់ នៅតែបន្តតស៊ូប្រកបរបរនេះជាមួយគ្រួសារ ទោះបីបច្ចុប្បន្ននេះ ធ្វើជាកម្មករស៊ីឈ្នួលឱ្យក្រុមហ៊ុនក្ដី។ លើសពីនេះលោកថា ជីវភាពគ្រួសារលោកសព្វថ្ងៃនេះរំពឹងលើរបរវាយថ្មភ្នំនេះហើយ ពីព្រោះបានផ្ដល់ចំណូលជាប្រចាំសម្រាប់អាហារហូបចុក ប៉ុន្តែនៅពេលលោកចាស់ទៅ មានកម្លាំងចុះខ្សោយ មិនដឹងថាអាចធ្វើរបរនេះបានប៉ុន្មានឆ្នាំទៅមុខទៀតឡើយ។
លោក វ៉ាន់ ញ៉ក៖ «រឿងពិបាកហ្នឹង ហួសនិយាយពីរឿងពិបាកហើយ រឿងយើងវ៉ៃថ្មនោះ ថ្មវាមិនមែនថ្មតួនឯណាវារឹង ទីមួយ ដៃ ដៃដាច់សោះអស់ មើលជើងវិញសុទ្ធតែស្នាមដេរ ស្នាមដេរសងខាងខ្ញុំថាសោះអស់ហើយ ប៉ាំងមុតៗសោះអស់ហើយ មើលអានេះមិនដឹងប៉ុន្មានថ្នេរ។ បើនិយាយរឿងពិបាក គឺពិបាកណាស់ គ្រាន់តែថាយើងអត់មានមុខរបរអ្វី ចេះតែធ្វើទៅ»។
នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងនេះ មានតែសិប្បកម្ម គ្រុឌ កូឡា ដែលជួលពលរដ្ឋនៅទីតាំងនោះឱ្យមកវាយថ្មភ្នំ ដើម្បីទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។ ចំណែកក្រុមហ៊ុនផ្សេងទៀតដែលធ្វើអាជីវកម្មថ្មភ្នំមាន៖ក្រុមហ៊ុនកិនថ្មស៊ីអេនើជី ក្រុមហ៊ុនផុនផលិតដានីម៉ិចម៉ាញនីង ក្រុមហ៊ុន អិលជី ថេកណូឡូជី ខូអិលធីឌី ក្រុមហ៊ុន លឹម ហុង ក្រាស៊ីង ស្ដូន និងក្រុមហ៊ុន សំណង់ ឡុង ណាំ អិចស៊ីម ឯ.ក ជាដើម គឺប្រើប្រាស់តែកម្លាំងគ្រឿងចក្រប៉ុណ្ណោះ មិនមានជួលកម្មករមកវាយថ្មភ្នំឡើយ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី