ភ្នំពេញ៖ អ្នកជំងឺគ្រុនឈាមដែលភាគច្រើនជាកុមារ មានការកើនឡើងជិតបីដងនៅក្នុងរយៈឆមាសទី១ ដើមឆ្នាំ ២០១៨នេះ។ អ្នកជំងឺយ៉ាងតិច ១៣ នាក់ស្លាប់ ដោយជំងឺគ្រុនឈាម។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

នៅក្នុងរដូវភ្លៀងធ្លាក់កន្លែងដក់ទឹកនៅក្នុងសំបកកំប៉ុង សំបងកងឡានចាស់ៗ ត្រឡោកដូង ទឹកថ្លុកនាំឲ្យមូសខ្លាពងកូនបង្កើតជាមូលខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
ក្នុងឆមាសទី១ ដើមឆ្នាំ ២០១៨នេះ អ្នកជំងឺគ្រុនឈាមមកសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យគន្ធបុប្ផាកើនឡើងខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកកាលពីឆ្នាំមុន។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ចាប់ពីខែ មករា ដល់ ខែកក្កដា មានអ្នកជំងឺគ្រុនឈាមដែលភាគជាច្រើនជាកុមារកើនឡើងរហូតដល់ ៥២៨៤ ករណី បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អ្នកជំងឺគ្រុនឈាមមាន ១៥៨០ករណី។ អ្នកជំងឺគ្រុនឈាមកើនឡើងជាង ៣៧០០នាក់ ឬស្មើនឹង ៧៧ភាគរយ។
របាយការណ៍ក្រសួង បញ្ជាក់ថា កុមារស្លាប់ ១៣ នាក់ ដោយជំងឺគ្រុនឈាមក្នុងចំណោមអ្នកជំងឺប្រហែល ៧ ពាន់នាក់នៅពាក់កណ្តាលឆ្នាំនេះ។
ដើម្បីទប់ស្កាត់បង្ការជំងឺគ្រុនឈាមនៅឆ្នាំ ២០១៨នេះ ក្រសួងសុខាភិបាលបានចែកសេរ៉ូមប្រមាណ ៥ ម៉ឺនប្លោក ថ្នាំអាបែតចំនួន ៣៥០ តោន និង ថ្នាំបាញ់សម្លាប់មូសជាង ៦ ពាន់លីត្រ ត្រូវបានបែងចែកទៅតាមមន្ទីររាជធានី ខេត្ត។
ជំងឺគ្រុនឈាមមានរោគសញ្ញា គ្រុនក្តៅ ឈឺក្បាល ឈឺក្រោមរង្វង់ភ្នែក ឈឺពោះ និងកន្ទួលក្រហមលើស្បែក ឬហូរឈាម។ ប្រសិនបើសង្ស័យថាមានជំងឺគ្រុនឈាមប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាពជាបន្ទាន់ ហើយត្រូវទូរស័ព្ទទៅលេខ ១១៥ រាយការណ៍ទៅមន្ត្រីសុខាភិបាលបើមានការផ្ទុះជំងឺគ្រុនក្តៅខុសធម្មតាក្នុងភូមិ។
បើតាមរបាយការណ៍រយៈពេលមួយខែចាប់ពីថ្ងៃ ២១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យល្បីល្បាញព្យាបាលជំងឺដោយឥតគិតថ្លៃ ឱ្យដឹងថា កុមារចំនួន ២៦២៨ នាក់ កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ កើនឡើងជាង៤ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កុមារកើតជំងឺគ្រុនឈាមមានអត្រាខ្ពស់ជាងមនុស្សពេញវ័យ និងមនុស្សចាស់។ ជំងឺគ្រុនឈាមនឹងកើតមានក្នុងតំបន់អភិវឌ្ឍន៍ថ្មីៗនៅជាយក្រុង កន្លែងមានដក់ទឹក ឬការស្តុកទឹកទុកដោយគ្មានការប្រុងប្រយ័ត្នជាមូលហេតុផ្តល់ទីជម្រកសម្រាប់មូលខ្លាជាភ្នាក់ងារចម្លងជំងឺនេះ។
ទោះបីយ៉ាងណាតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់នាយដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង រកឃើញថា ជំងឺគ្រុនឈាមថយចុះចំនួន ១២០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៦។
ប្រជាពលរដ្ឋត្រូវចូលរួមលុបបំបាត់ជម្រកមូលខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងគេងក្នុងមុងជ្រលក់ថ្នាំ និងស្លៀកពាក់ខោអាវឱ្យកុមារជិត ដើម្បីការពារកុំឱ្យមូលខាំ៕