ភ្នំពេញ៖ សាជីវកម្មសោតទស្សន៍អេប៊ីស៊ីអូស្ត្រាលី (ABC) ដែលបានអនុវត្តគម្រោងចំនួន ៤ នៅកម្ពុជា និង ផ្ដល់ថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី ចាប់តាំងពីឆ្នាំ ២០០៥ មកនោះ បានបិទបញ្ចប់គម្រោងរបស់ខ្លួនជាស្ថាពរហើយ ។

លោក រត្ន ញាតា នាយកគម្រោងប្រព័ន្ធផ្សព្វផ្សាយ និងអភិបាលកិច្ចនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋា ភិ បាលអូស្ត្រាលីបានសម្រេចកាត់បន្ថយចំណាយថវិកាជំនួយអន្តរជាតិនៅទូទាំងពិភពលោក សម្រាប់ការអភិវឌ្ឍវិស័យទំនាក់ ទំនង ដែលក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ ។ ដូច្នេះហើយ ទើបរដ្ឋាភិបាលអូស្ត្រាលីបានបញ្ចប់គម្រោងនៅកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ នេះតទៅ ។
អេប៊ីស៊ីអូស្ត្រាលី ដែលបានទទួលមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី បានអនុវត្តគម្រោងចំនួន ៤ ។ គម្រោងទីមួយ អនុវត្តនៅឆ្នាំ ២០០៥ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបុគ្គលិក នៃវិទ្យុជាតិកម្ពុជា និង បង្កើតកម្មវិធីសន្ទនាមតិ ដែលមានឈ្មោះថា «ជិវិតយើងសង្គមយើង» ។ ថ្វីបើគម្រោងនេះបានបិទបញ្ចប់នៅឆ្នាំ ២០១១ ហើយក៏ដោយ ក៏កម្មវិធីវិទ្យុនេះ នៅតែបន្តផ្សាយរហូតមកដល់សព្វថ្ងៃ លើរលកអាកាសវិទ្យុជាតិកម្ពុជា ។
ដោយឡែកគម្រោងបន្តមកទៀត គឺគម្រោង « ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា» បានចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១១ នៅថ្នាក់ក្រោមជាតិ ជាមួយមន្ទីរព័ត៌មានខេត្តចំនួនបួន គឺ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងកំពត ព្រមទាំងវិទ្យុសហគមន៍មួយនៅខេត្តក្រចេះ ។ ក្នុងគម្រោងនេះ អេប៊ីស៊ីអូស្ត្រាលីបានបង្កើត«កម្មវិធីសន្ទនាមតិ» ផ្សាយតាមរលកអាកាសវិទ្យុជាតិខេត្ត ដែលផ្តោតលើការផ្តល់សេវាសាធារណៈរបស់អាជ្ញា ធរថ្នាក់ក្រោមជាតិជូនប្រជាពលដ្ឋ ។ កម្មវិធីវិទ្យុសន្ទនាមតិនេះ ជាវេទិកាសម្រាប់កិច្ចពិភាក្សារវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជរដ្ឋាភិបាល ហើយដែលបានទទួលគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។
លោក រត្ន ញាតា៖ «យើងមានក្រុមប្រឹក្សាគម្រោងដែលមានសមាជិកជាអភិបាលរងខេត្តនីមួយៗ គេប្រចាំការ ហើយជាគម្រោងរដ្ឋាភិបាលទាំងពីរ រដ្ឋាភិបាលខ្មែរគាំទ្រ ក្រសួងព័ត៌មាន ឯកឧត្តមខៀវ កញ្ញារីទ្ធលោកគាំទ្រ តាំងពីដើមទី តាំងពីខ្ញុំចុះមកធ្វើការដំបូង គាត់ស្រលាញ់ពេញចិត្ត ក្រោយមកទាក់ទងក្រសួងមហាផ្ទៃគេគាំទ្រទៀត ។ ព្រោះវាស្ថិតនៅក្នុងរង្វង់អភិបាលកិច្ចរបស់រដ្ឋាភិបាលខ្មែរយើង យើងអត់ធ្វើថ្មីទេ រដ្ឋាភិបាលខ្មែរយើងបញ្ចេញថា អត្តសញ្ញាណកម្មអត់យកលុយ អូឃេអញ្ចឹងយើងប្រាប់ថា អត់យកលុយ អញ្ចឹងអ្នកណាខ្លះបង់លុយប្រាប់មក ។ ប្រជាពលរដ្ឋតេទូរស័ព្ទមករអ៊ូ ខ្ញុំបង់៥០០០រៀល ខ្ញុំបង់១០,០០០រៀល ខ្លះអត់យកលុយ អត់ទៅ មានរឿងអីយើងយកលុយគេ …»។
លោកបន្តថា៖«សំខាន់យើងបានបង្កើតជាវេទិកាមួយនៅវិទ្យុ ពាក់ព័ន្ធនឹងកង្វល់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ឧទាហរណ៍ ការផ្តល់សេវាសាធារណៈដោយផ្តោតលើការចេញអត្តសញ្ញាណប័ណ្ណ ការធ្វើផ្លូវថ្នល់ ការធ្វើបង្គន់អនាម័យតាមសាលា អគ្តីសនីដែលយកថ្លៃ ពាក់ព័ន្ធសេវាសាធារណៈយើងផ្តោតច្រើន ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ»។

ខណៈដែលគម្រោងបានបិទបញ្ចប់នៅកម្ពុជា អេប៊ីស៊ីអូស្ត្រាលី បានឧបត្ថម្ភឧបករណ៍វិទ្យុ និង សម្ភារៈការិយាល័យដល់មន្ទីរព័ត៌មានខេត្តគោលដៅទាំង៤ ព្រមទាំងអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។
លោក រត្ន ញាតា៖ «ដោយសារតែមណ្ឌលព័ត៌មានកម្ពុជាជាអង្គការក្រៅរដ្ឋាភិបាល ហើយស្ថិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែរ សម្ភារៈពាក់ព័ន្ធផ្សព្វផ្សាយអាចយកទៅប្រើបាន ហើយមណ្ឌលព័ត៌មានស្ត្រីបម្រើស្ត្រីពិតប្រាកដ ជាមណ្ឌលមួយផ្សព្វផ្សាយព័ត៌មានឯករាជ្យ គ្មានចូលបក្សសម្ព័ន្ធ គណបក្សណា អញ្ចឹងអេប៊ីស៊ីពេញចិត្តផ្តល់ឲ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ។ យល់ឃើញថា សម្ភារៈទាំងអស់នឹងប្រើដើម្បីមណ្ឌល បម្រើដល់ប្រជាពលរដ្ឋទូទៅ ដែលមានវិទ្យុផ្សព្វផ្សាយ។