ទូកបុរាណដែលប្រទះឃើញកាលពីខែមេសានៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប គឺធ្វើក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ១២០៧។ នេះបើយោងតាមប្រកាសលទ្ធផលសិក្សារបស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងទៀតថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។ ចំពោះទីតាំងដែលរកឃើញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា លទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជន និងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិតអំពីទូកបុរាណនេះ។ អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែងដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យភ្ញៀវទាំងអស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង៕