លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លើកឡើងថា កម្ពុជាចាំបាច់ត្រូវមានច្បាប់ការពារសាក្សី និងអ្នករាយការណ៍ករណីអំពើពុករលួយជាបន្ទាន់ ដើម្បីការពារកុំឲ្យមានការប្តឹងបកមកកាន់អ្នករាយការណ៍វិញ។ ការថ្លែងរបស់លោក ព្រាប កុល បែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីស្តីពី សារៈសំខាន់នៃច្បាប់ការពារ និងអ្នករាយការណ៍អំពើពុករលួយ នៅថ្ងៃទី០៣ខែកុម្ភៈនេះ នៅក្រសួងមហាផ្ទៃ។

មានមូលហេតុមួយចំនួនដែលនាំឲ្យពលរដ្ឋ នៅតែមិនហ៊ានរាយការណ៍ពីករណីអំពើពុករលួយ ដោយភ័យខ្លាចពីសុវត្ថភាពផ្ទាល់ខ្លួន មិនមានប្រសិទ្ធភាពក្នុងការរាយការណ៍ ការមិនដឹងពីនីតិវិធីនៃការរាយការណ៍ និងដោយគិតថា វាមិនមែនជារឿងរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។
លោក ព្រាប កុល បន្តថា ដើម្បីជំរុញឲ្យពលរដ្ឋ ជាពិសេសយុវជនហ៊ានរាយការណ៍ពីករណីអំពើពុករលួយឲ្យបានផុសផុលនោះ កម្ពុជាត្រូវតែមានច្បាប់ការពារសាក្សី និងអ្នករាយការណ៍ពីអំពើពុករលួយជាចាំបាច់។

អង្គការតម្លាភាពកម្ពុជាក៏បានរកឃើញទៀតថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រង់មាត្រា ៤១ បានចែងរឹតបណ្តឹងចំពោះអ្នករាយករណ៍ ដែលនាំឲ្យពួកគេ មិនហ៊ានលាតត្រដាងពីករណីអំពើពុករលួយបើទោះបីជាបានដឹងក៏ដោយ។ មាត្រា៤១ នៃច្បាប់ស្តីអំពីការប្រឆាំងអំពើពុករលួយ ចែងថា អ្នកប្តឹងត្រូវមានទោសជាប់ពន្ធនាគារពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែន ទៅ១០លានរៀល ប្រសិនបើពាក្យបណ្ដឹងដែលប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយត្រូវបានចាត់ទុកថាជាព័ត៌មានគ្មានប្រយោជន៍ មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រនូវពាក្យបណ្ដឹងនោះ។
អង្គការតម្លាភាពកម្ពុជាក៏បានស្នើឲ្យភាគីពាក់ព័ន្ធធ្វើការកែប្រែ ឫធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រង់មាត្រា៤១ ដែលមានបញ្ញត្តិទោសដាក់ពន្ធធានាគារចំពោះការប្តឹងបរិហារកេរ្តិ៍ដោយភូតកុហក គួរតែត្រូវលុបចោល។
WMC មិនអាចទាក់ទងសុំការពន្យល់បន្លែមពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទេនៅថ្ងៃនេះ។
យោងតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាបានបង្ហាញថា សហរដ្ឋអាមេរិកបានចំនេញថវិកាចំនួន៥៥ពាន់លានដុល្លា ក្រោយពេលច្បាប់បានអនុញ្ញាតឲ្យបុគ្គលឯកជន ប្តឹងជនណាដែលប្រព្រឹត្តបទល្មើសគៃបន្លំពីកម្មវិធីនយោបាយរបស់រដ្ឋាភិបាល។ ចំណែកសាធារណរដ្ឋកូរ៉េវិញ បានប្រមូលថវិកាចូលរដ្ឋវិញ ក្រោយពីបានទទួលពាក្យបណ្តឹងប្រមាណ២ម៉ឺនដុល្លារពីអ្នកបញ្ចេញព័ត៌មាន ដែលរាយការណ៍ពីករណីអំពើពុករលួយក្នុងកំឡុងឆ្នាំ២០០២ដល់ឆ្នាំ២០១២៕