
ដោយកត់សម្គាល់ឃើញថា ក្រសួងអប់រំយុវជននិងកីឡា និងដៃគូអភិវឌ្ឍន៍នានា បានខិតខំក្នុងទំនុកបម្រុងដល់ការសិក្សារបស់សសិស្សានុសិស្ស ជាពិសេស សិស្សមកពីគ្រួសារក្រីក្រ ដើម្បីឱ្យពួកគេមានឱកាសដូចគ្នាក្នុងការរៀនសូត្រ អង្គការសង្គមស៊ីវិលចំនួន ៣ បាន បានអំពាវនាវឱ្យលុបចោលការយកភាស៊ីផ្ញើកង់តាមសាលារដ្ឋចាប់ពីឆ្នាំ២០១៦ ខាងមុខនេះតទៅ។
អង្គការសង្គមស៊ីវិលទាំងបីនោះគឺ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា (ANSA-CAMBODIA) វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ហៅកាត់ថា (KIND) និង សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា (IDEA)។
អង្គការទាំងបីខាងលើនេះ បានចេញលិខិតអំពាវនាវមួយ ចុះនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មានខ្លឹមសារថា ដោយមើលឃើញពីការលំបាកក្នុងការចំណាយថវិកា ទៅលើការផ្ញើកង់ និងដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេសនៅជនបទ។ អង្គការទាំងបីអំពាវនាវឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ពិចារណាក្នុងការលុបចោលទាំងស្រុងទៅលើថ្លៃភាស៊ីផ្ញើកង់ នៅតាមសាលារៀនរបស់រដ្ឋចាប់ពីឆ្នាំ២០១៦តទៅ ដើម្បីជាប្រយោជន៍រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់គ្រួសារសិស្សានុសិស្ស។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សនជ័យ មានប្រសាសន៍បញ្ជាក់ក្នុងរឿងនេះថា៖ «ចឹងយើងឃើញថា រដ្ឋាភិបាលសព្វថ្ងៃ មានគោលការណ៍ដូចជា លើកលែងពន្ធលើម៉ូតូប្រចាំឆ្នាំ ហើយនិងការជិះទូកដអីហ្នឹង កូនសិស្សមិនត្រូវឱ្យបង់លុយទេ។ ចឹងខ្ញុំថា ការផ្ញើកង់នៅសាលានេះ គួរតែជាវិធានការមួយ ដែលត្រូវមានការលើកលែងដល់សិស្សណាស់ ពីព្រោះថា តែជិះកង់ទៅរៀន គឺជាយុវជនដែលមកពីគ្រួសារក្រីក្រ ហើយនិងយុវជនក្រោមអាយុដែលមិនអាចធ្វើដំណើរដោយការជិះម៉ូតូបាន»។
លោក សន ជ័យ មានប្រសាសន៍ឱ្យដឹងបន្ដទៀតថា ការអំពាវនាវរបស់អង្គការសង្គមស៊ីវិល នេះ គឺសំខាន់ ព្រោះថា បើក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច ព្រមទទួលយកការស្នើសុំ និង ក្ដីអំពាវនាវនេះ គឺជាការរួមចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រដល់កូនសិស្ស និងជា ពិសេសកូនសិស្សដែលមកពីគ្រួសារក្រីក្រ។ «ទន្ទឹមនឹងនេះ វាអាចធ្វើឱ្យមើលឃើញថា ឆន្ទះរដ្ឋាភិបាល ពិតជា ផ្ដល់ឱកាសក្នុងការទៅ រៀនសូត្រ ហ្នឹងបានស្មើៗគ្នាផងដែរ»។
ទាក់ទងនឹងរឿងនេះដែរវិទ្យុស្ដ្រីមិនអាចសុំការឆ្លើយតប ពីក្រសួងអប់រំ ជុំវិញការស្នើសុំ ឱ្យលុបចោលទាំងស្រុងនូវថ្លៃភាស៊ីផ្ញើកង់តាមសាលារដ្ឋនៅឆ្នាំ២០១៦ បានយ៉ាងណា នៅឡើយទេ នៅរសៀលថ្ងៃទី២២ ធ្នូនេះ។
អង្គការសង្គមស៊ីវិលទាំងបីបានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ក្រសួងអប់រំយុវជននិងកីឡា និងដៃគូអភិវឌ្ឍន៍នានា រួមមានម្ចាស់ជំនួយ និងអង្គការមិនមែនរដ្ឋភិបាលមួយចំនួនធំ បានខិតខំក្នុងទំនុកបម្រុងដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ជាពិសេស សិស្សមកពីគ្រួសារក្រីក្រ ដើម្បីឱ្យពួកគេមានឱកាសដូចគ្នាក្នុងការរៀនសូត្រ។
សង្គមស៊ីវិលទាំងបីក៏កត់សម្គាល់បន្ថែមទៀតដែរថា ថ្មីៗនេះមាតាបិតា អាណាព្យាបាលជាច្រើន ជាពិសេសនៅទីជនបទ បានលើកឡើងអំពីជីវភាពលំបាកប្រចាំថ្ងៃ និងចំណាយប្រាក់សម្រាប់កូនទៅរៀន ហើយក្នុងនោះក៏បានលើកឡើងថា តម្លៃផ្ញើទោចក្រយាន(កង់) នៅសាលារៀន ក៏ជាបញ្ហាមួយដ៍សំខាន់ផងដែរ។
យោងលើការសង្កេតនេះហើយ ទើបអង្គការសង្គមស៊ីវិលទាំងបី អំពាវនាវឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងអប់រំយុវជន និងកីឡា លុបចោលទាំងស្រុងទៅលើថ្លៃភាស៊ី ផ្ញើកង់នៅតាមសាលារៀនរបស់រដ្ឋចាប់ពីឆ្នាំ២០១៦ តទៅនោះ៕