ភ្នំពេញ ៖ អង្គការខុមហ្វ្រែល បានចេញសេចក្ដីថ្លែងការណ៍មួយឆ្លើយតបទៅកាន់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការណគៈរដ្ឋមន្ដ្រីដោយបដិសេធការយកខ្លួន ទៅចងភ្ជាប់ជាមួយគណបក្សនយោបាយ ដែលមានបំណងបង្កើតបដិវត្ដន៍ពណ៌នៅកម្ពុជា។ ករណីនេះទីស្ដីការណគៈរដ្ឋមន្ដ្រីអះអាងថា ត្រឹមតែជាការប្រៀបធៀបមិនមែនជាការចោទប្រកាន់ ឬក៏ចងភ្ជាប់អ្វីនោះទេ។
អង្គការខុមហ្វ្រែល ដែលជាអង្គការក្រៅរដ្ឋាភិបាល ធ្វើការងារលើកកិច្ចការបោះឆ្នោតបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយសុំឲ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រីបញ្ឈប់ការយក ស្ថាប័នរបស់ខ្លួនទៅចង់ភ្ជាប់ជាមួយគណបក្សនយោបាយ និងចេតនាធ្វើបដិវត្ដន៍ពណ៌នៅកម្ពុជាបន្ដទៀត។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពេលដែលមានខ្សែវីដេអូ មួយមានរយៈពេលប្រមាណជាង ៤៦នាទី ដាក់ចំណងជើងថា «តើកម្ពុជាពិតជាមានបដិវត្ដន៍ពណ៌ តាមគំរូបដិវត្ដន៍ពណ៌នៅតាមបណ្ដាប្រទេសក្នុងពិភពលោកមែនរីទេ?» ដែលបង្ហោះដោយគេហទំព័រហ្វេសប៊ុកផ្លូវការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានរៀបរាប់ជាហូរហែពីដំណើរនៃបដិវត្ដន៍ពណ៌នៅជុំវិញពិភពលោក អ្នកឧត្ថម និងអ្នកអនុវត្ដន៍។ វិដេអូននេះបាននិយាយថា សហរដ្ឋអាមេរិកគឺជាមេក្លោងដែលរៀបចំបង្កើតបដិវត្ដន៍ពណ៌នៅលើពិភពលោក ហើយក៏កំពុងនាំបដិវត្ដន៍ពណ៌នេះមកកម្ពុជាផងដែរ។
យោងតាមការអត្ថាធិប្បាយបាននិយាយសំដៅដល់ អង្គការអន្ដរជាតិមានដូចជា អង្គការ NDI, អង្គការ NED, អង្គការIRI, អង្គការ Canvas ,អង្គការ Freedom House, និងអង្គការ USAID គឺជាអ្នកផ្ដល់ជំនួយដល់អង្គការមួយចំនួននៅកម្ពុជា ដើម្បីធ្វើបដិវត្ដន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនជកម្ពុជា។
វិដេអូនេះ បាននិយាយយ៉ាងច្បាស់ដោយសង្កត់ធ្ងន់ថា អង្គការខុមហ្វ្រែលគឺជាសម្ព័ន្ធមិត្ដរបស់គណបក្សសង្គ្រោះជាតិ ដែលទទួលជំនួយពីអង្គការអន្ដរជាតិទាំងនោះ។ លើសពីនេះវិដេអូនេះ បាននិយាយថា អង្គការខុមហ្វ្រែល បានបំផុសព័ត៌មានមិនពិត ស្ដីពីទឹកថ្នាំពណ៌ខ្មៅជ្រលក់ដៃ អាចលុបជ្រះ បំណងធ្វើឲ្យមានការភ័ន្ដច្រឡំ មតិជាតិ និងអន្ដរជាតិ ហើយបង្កជាភាពចលាចលយ៉ាងខ្លាំង ឈានដល់ផ្ទុះបាតុកម្មក្រោយពេលលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ត្រូវបានប្រកាស។
ព្រោះតែការអត្ថាធិប្បាយនេះ ទើបអង្គការ ខុមហ្វ្រែល ដែលបានធ្វើការងារលើកិច្ចការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ ១៩៩៣ ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅឆ្នាំ១៩៩៨ បង្ហាញការសោកស្ដាយ និងស្នើសុំអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រី បញ្ឈប់សកម្មភាពយក យកខ្លួនទៅចងភ្ជាប់ ការមានចេតនាធ្វើបដិវត្ដន៍ពណ៌នៅកម្ពុជា និងគណបក្សនយោបាយបន្ដទៀត។
តាមលោក កន សាវាង្ស មន្ដ្រីជាន់ខ្ពស់របស់អង្គការខុមហ្វ្រែលបានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី២៨ ខែតុលា នេះថា អង្គការខុមហ្វ្រែល មានការសោកស្ដាយ និងអាក់អន់ចិត្ដ ការដែលអង្គភាពព័ត៌ និងប្រតិកម្មរហ័ស បានយកខ្លួនទៅចងភ្ជាប់និងគណបក្សនយោបាយ ហើយថា មានចំណងបង្កើតបដិវត្ដន៍ពណ៌នៅកម្ពុជា។ លោកបន្ដថា អង្គការ ខុមហ្វ្រែល បានធ្វើការងារដោយស្របទៅតាមច្បាប់ស្ដីពីអង្គការសង្គមស៊ីវិល ដោយមានជំហរ រឹងមាំ ឯករាជ្យក្នុងការចូលរួមសង្កេតការណ៍ ធ្វើរបាយការណ៍ និងវាយតម្លៃដើម្បីរកចំណុចវិជ្ជមាន ឬអវិជ្ជមាន ដើម្បីផ្ដល់អនុសាសន៍នានា បំណងធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្ដទៅសេរី និងយុត្ដិធម៌ តែប៉ុណ្ណោះ ហើយក៏គ្មាននិន្នាការជាប់ពាក់ព័ន្ធទៅកាន់គណបក្សនយោបាយណាមួយនោះឡើយ។ លោក កន សាវាង្ស បានបញ្ជាក់ថា ៖«យើងចង់បង្ហាញ បំភ្លឺទៅកាន់សាធារណជនជាតិ អន្ដរជាតិ ក៏ដូចជារដ្ឋាភិបាលថា យើងជាអង្គការសង្គមស៊ីវិល មិនមាននិន្នាការនយោបាយជាមួយនិងគណបក្សនយោបាយណាមួយឡើយ យើងធ្វើការស្របទៅតាមបែបវិជ្ជាជីវៈនៃការសង្កេតការណ៍បោះឆ្នោតរបស់អង្គការប៉ុណ្ណឹងទេ»។
អង្គការខុមហ្វ្រែល បានស្នើសុំទៅកាន់អង្គភាពមាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្រ្ដី បញ្ឈប់ការផ្សារភ្ជាប់សកម្មភាពស្របច្បាប់នៅក្នុងការសង្កេតការណ៍បោះឆ្នោតរបស់អង្គការខុមហ្វ្រែលថា ជាសកម្មភាពបដិវត្ដន៍ពណ៌តទៅទៀត។
ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់ខុមហ្វ្រែលនេះដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបញ្ជាក់ថា ខ្សែវីដេអូនោះ គ្រាន់តែជាការបង្ហាញពីចំណុចនៃភាពស្រដៀងគ្នាចលនាបដិវត្ដន៍ពណ៌តែប៉ុណ្ណោះ ដែលមិនមែនចោទប្រកាន់លើអង្គការខុមហ្វ្រែលនោះទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានបញ្ជាក់ថា អង្គភាពព័ត៌មានបានរៀបចំខ្សែវីដេអូនោះ ព្រោះតែកន្លងមកគណបក្សសង្គ្រោះជាតិតែងឈ្លៀតបង្កឲ្យមានចលាចល ស្របពេលដែលអង្គការខុមហ្វ្រែលបានចេញរបាយការណ៍របស់ខ្លួន ដែលចំណុចនេះគឺនាំឲ្យមានមន្ទិលចំពោះអង្គការក្រៅរដ្ឋាភិបាលមួយនេះ។ តែយ៉ាងណាអ្នកនាំពាក្យទីស្ដីការបានអះអាងលោកមិនបានចោទប្រកាន់លើអង្គការខុមហ្វ្រែលនោះទេ គ្រាន់តែលោកមើលឃើញថា សកម្មភាពរបស់អង្គការខុមហ្វ្រែល គឺហាក់ដើរជាន់ពីលើដាននៃសកម្មភាពបដិវត្ដន៍ពណ៌លើពិភពលោក។ លោក ផៃ ស៊ីផាន ៖«ខ្ញុំផ្ទាល់ខ្លួនមិនចោទថា ខុមហ្វ្រែល ដែលចូលរួមនៅក្នុងបដិវត្ដន៍ហ្នឹង គឺខ្ញុំអត់ចោទទេ ក៏ប៉ុន្ដែខ្ញុំមើលវិញ គឺថា អ្វីដែលខុមហ្វ្រែលធ្វើហ្នឹងគឺហាក់បីជាធ្លាក់ក្នុងដាននៃក្រុមដែលរៀបចំឲ្យមានសកម្មភាពញុះញង់បង្កើតឲ្យកើតហិង្សា ឬអហិង្សា នៅក្នុងគន្លងបដិវត្ដន៍នេះឯង»។
តែយ៉ាងណាលោក ផៃ ស៊ីផាន គិតថា ក្រៅពីសេចក្ដីថ្លែងការណ៍ អង្គការខុមហ្វ្រែលអាចសរសេរលិខិតបដិសេធទៅកាន់រាជរដ្ឋាភិបាល ឬអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបង្ហាញពីអំណះអំណាងរបស់ខ្លួនជុំវិញការប្រៀបធៀបសកម្មភាពរបស់ខុមហ្វ្រែល និងសកម្មភាពបដិវត្ដន៍លើពិភពលោក៕