អង្គការសិទ្ធិមនុស្សដែលឃ្លាំមើលការអនុវត្តច្បាប់លើពលរដ្ឋនៅតំបន់អន្ទង់អាំងអះអាងថា តំបន់នេះកាន់តែមានភាពតានតឹង ក្រោយអាជ្ញាធរដាក់កម្លាំងបិទផ្លូវហាមមិនឱ្យធ្វើដំណើរ និងចាប់ផ្ដើមរុះរើផ្ទះពលរដ្ឋជាបណ្ដើរៗ ខណៈដីនៅតំបន់ដែលដោះដូរជូនពលរដ្ឋនៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ឡើយ។ កញ្ញា កែវ សុជាតា រាយការណ៍
តំបន់អន្ទង់អាំង ឫភ្នំ១៥០០ មានភូមិសាស្ត្រស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តំបន់នេះត្រូវរដ្ឋាភិបាលកំណត់ជាកន្លែងអភិរក្សឱ្យក្លាយទៅជាតំបន់បៃតង។ ការអភិរក្សតំបន់នេះ តម្រូវឱ្យជម្លៀសពលរដ្ឋចេញ ហើយមកទល់ពេលនេះ ពលរដ្ឋប្រមាណជិត ២០គ្រួសារ ខ្លះរុះរើទាំងបង្ខំ និងខ្លះទៀតកំពុងតតាំងជាមួយកម្លាំងអាជ្ញាធរ។
ដោយសារតំបន់អន្ទង់អាំង ដាក់ជាតំបន់អភិរក្ស ដូច្នេះនៅពេលពលរដ្ឋមិនព្រមរុះរើ និងចាកចេញពីតំបន់នេះ គឺរដ្ឋបាលខេត្តពោធិ៍សាត់នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដោយត្រូវប្រឈមផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ រៀល ទៅ ៥០០,០០០,០០០រៀល។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៩ ខែមីនានេះថា តាមការអះអាងរបស់ពលរដ្ឋ ស្ថានភាពតាផ្លូវធ្វើដំណើរពីចំណុចបង្គោលលេខ ១៣៦ ក្នុងភូមិដីក្រហមដល់ចំណុចបង្គោលលេខ១៣៧ និង១៣៨ ត្រូវអាជ្ញាធរបិទមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ឡើយ។ ក្រៅពីមិនអនុញ្ញាត សូម្បីតែកាន់ទូរស័ព្ទ និងនិយាយទូរស័ព្ទនៅក្បែរតំបន់នោះ លោកថា ក៏អាជ្ញាធរមិនអនុញ្ញាតដែរ។
លើសពីនេះមន្ត្រីរបស់សមាគមអាដហុក ដែលឃ្លាំមើលករណី ត្រូវបានអាជ្ញាធររារាំងមបំណងចង់ឆែកឆេរកាមេរ៉ា និងហាមឃាត់មិនឱ្យចូលតំបន់អន្ទង់អាំង ខណៈមន្ត្រីរបស់លោកមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ថ្វីត្បិតលោកមិនដឹងមូលហេតុច្បាស់ចំពោះការអនុវត្តរបស់អាជ្ញាធរ ដែលបិទតំបន់នោះក្ដី ប៉ុន្តែតាមការសង្កេត មូលហេតុនៃការបិទនេះអាចអាជ្ញាធរបារម្ភខ្លាចមានអ្នកខាងក្រៅចូលទៅជួយរំដោះពលរដ្ឋចេញពីក្នុងតំបន់ និងបារម្ភខ្លាចពលរដ្ឋចាកចេញដោយមិនព្រមផ្ដិតមេដៃ និងដើម្បីឱ្យពលរដ្ឋឃើញសកម្មភាពរុះរើផ្ទះ ដែលជាសារគំរាមបំបាក់ស្មារតីដល់ពលរដ្ឋផ្សេងទៀតឱ្យយល់ព្រមផ្ដិតមេដៃទៅរស់នៅកន្លែងថ្មី។
លោក យិន ម៉េងលី៖ «ស្ថានភាពកាន់តែមានភាពកាន់តែតានតឹងថែមទៀត ហើយប្រជាពលរដ្ឋបិទជិតតែម្ដង អត់ឱ្យចេញចូលទៅកន្លែងណាទាំងអស់ ហើយប្រជាពលរដ្ឋគាត់ធ្វើដំណើរគាត់មានការឆ្ងល់ គាត់ថាប្រសិនជាសកម្មភាពរបស់សមត្ថកិច្ច ឬអាជ្ញាធរហ្នឹងគាត់ស្របច្បាប់ ហេតុអ្វីចាំបាច់ខ្លាចកាំម៉ារ៉ា ខ្លាចទូរស័ព្ទ សូម្បីតែគាត់និយាយទូរស័ព្ទក៏មិនបានដែរ»។
សម្រាប់ទីតាំងដោះដូរដែលអាជ្ញាធររៀបចំជូនពលរដ្ឋវិញ លោកលើកឡើងថា តំបន់នោះមានចម្ងាយឆ្ងាយពីទីរួមស្រុកវាលវែងប្រមាណ ៦គីឡូម៉ែត្រ ខណៈផ្លូវចូលទៅកាន់តំបន់នោះមានចាក់កៅស៊ូ និងមានស្ពានកំពុងសាងសង់ខ្លះផងដែរ។ ប៉ុន្តែលោកថា ក្នុងតំបន់ដែលត្រូវដោះដូរនោះក៏មានដីព្រៃសឹករេចរិល និងមានពលរដ្ឋខ្លះបានដាំដំឡូងលើដីនោះខ្លះផងដែរ។
លោក យិន ម៉េងលី៖ «តំបន់ដែលយកមកនៅនេះ យើងមើលទៅស្ថានភាពដីខ្ពង់រាប បើយើងមើលទៅលើទឹក ភ្លើង យើងមើលទៅលើហេដ្ឋារចនាសម្ព័ន្ធ គឺវាអត់មានទេ មានតែផ្លូវមួយគត់ដែលធ្វើដំណើរចូលទៅហ្នឹង ហើយចូលជិតទៅដល់ចុងបំផុតគឺព្រៃតែម្ដង។ អ៊ីចឹងសួរថាតើការរស់នៅរបស់គាត់របៀបម៉េច ប្រសិនជាបង្កបង្កើនផលអាចជាដីបង្កបង្កើនផល តែមើលទៅអាចមានការលំបាកក្នុងការដាំដុះនេះ ហើយបើលំនៅឋានកាន់តែមានលំបាកខ្លាំងទៅទៀត ត្រូវការចំណាយឈូសឆាយដីហ្នឹងឱ្យមានស្ថានភាពល្អ ហើយយើងអត់ទាន់ឃើញមានការឈូសឆាយឱ្យទេ»។
ប្រសិនជាមិនទាន់រៀបចំដីដោះដូរនោះរៀបរយទេ លោកចោទជាសំណួរថា ហេតុអ្វីអាជ្ញាធរប្រយ៉ាប់រុះរើលំនៅឋានពលរដ្ឋ? ហើយនៅពេលរុះរើរួចរាល់ តើពលរដ្ឋមានកន្លែងណាទៅស្នាក់អាស្រ័យ?។ ដូច្នេះលោកនៅតែទទូច និងសំណូមពរឱ្យអាជ្ញាធរខេត្តផ្អាកបណ្ដេញពលរដ្ឋចេញពីតំបន់អន្ទង់អាំង ដោយងាកទៅជួយរៀបចំដីដែលដោះដូរជូនពលរដ្ឋឱ្យមានរបៀបរៀបរយ។
ពលរដ្ឋម្នាក់ដែលត្រូវឈូសឆាយផ្ទះនាព្រឹកថ្ងៃទី១៩ ខែមីនានេះ អ្នកស្រី ពៅ វណ្ណា បញ្ជាក់ដែរថា អាជ្ញាធរទុកពេលឱ្យគ្រួសារអ្នកស្រី ២ថ្ងៃ ដើម្បីរុះរើលំនៅឋាន ប៉ុន្តែមិនទាន់បានពីរថ្ងៃផង បែរជាមកវ៉ៃកម្ទេចលំនៅឋានអ្នកស្រីគ្មានសល់។
អ្នកស្រី ពៅ វណ្ណា៖ «ខ្ញុំគ្មានពាក្យអីនិយាយតវ៉ាជាមួយអ្នកណាទេ ខ្ញុំមិនមានអីនិយាយទៀតទេ ខ្ញុំសំណូមពរគេឱ្យទុកពេលរុះរើផ្ទះគេមិនព្រមទេ គេវ៉ៃផ្ទះខ្ញុំអស់ហើយ ទោះខ្ញុំនិយាយក៏គ្មានន័យអ្វីទេ ខ្ញុំអស់ហើយខ្ញុំមិននិយាយអ្វីទាំងអស់»។
រូបភាពពីរដ្ឋបាលខេត្តពោធិ៍សាត់។
ជុំវិញរឿងនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បដិសេធក្នុងការធ្វើសេចក្ដីអត្ថាធិប្បាយ ដោយបញ្ហាដីធ្លីនេះ លោកថា រដ្ឋាភិបាលបានប្រគល់ការងារនេះទៅឱ្យលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអ្នករៀបចំដោះស្រាយ ហើយក្រសួងរ៉ែ ក៏បានពន្យល់ពីការអភិវឌ្ឍដីនៅតំបន់នោះដែរ។
លោក ប៉ែន បូណា៖ «គេពន្យល់អស់ហើយកន្លែងហ្នឹងគេយកទៅដើម្បីអភិវឌ្ឍសម្រាប់ធ្វើផ្លូវ ធ្វើតំបន់ទេសចរណ៍សម្រាប់ផលប្រយោជន៍ទាំងអស់គ្នាហ្នឹង មានអាប់មុខមាត់ឯណា សម្រាប់យើងនៅកន្លែងហ្នឹងធ្វើទេសចរណ៍សម្រាប់បងប្អូននៅហ្នឹងគេមិនមែនបោះបង់ចោលពួកគាត់ណា គេឱ្យដីអីជាកម្មសិទ្ធិត្រឹមត្រូវ»។
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងកាលពីថ្ងៃទី១២ ខែមីនានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា អាជ្ញាធរមិនបានបោះបង់ពលរដ្ឋឡើយ ដោយដីដែលដោះដូរជូនពលរដ្ឋមកពីតំបន់អន្ទង់អាំងនេះ គឺស្ថិតនៅជិតទីប្រជុំជន ដែលមានចម្ងាយប្រមាណជា ៦គីឡូម៉ែត្រពីរង្វង់មូលដំរី ទីរួមស្រុកវាលវែង។ ក្រៅពីនេះលោកថា អាជ្ញាធរក៏បានរៀបចំប្លង់កម្មសិទ្ធិជូនពលរដ្ឋទាំងនោះផងដែរ។
លោក កែវ រតនៈ៖ «យកកន្លែងនោះដើម្បីត្រឡប់មកវិញដើម្បីធ្វើជាតំបន់បៃតង ដើម្បីឱ្យទាំងអស់គ្នាប្រើប្រាស់តរៀងទៅជាការអភិរក្សឧទ្យានជាតិឡើងវិញ ហើយចំពោះបងប្អូនដែលមានផលប៉ះពាល់ហ្នឹងគឺមានគោលនយោបាយដោះស្រាយអោយ ដូច្នេះមិនមែនថារើ
ទៅក្រវាត់ចោលនោះទេគ្រវាត់ចោលនោះទេ ទីតំាងខុសពីគ្នា ឆ្ងាយពីគ្នា ប៉ុន្តែជាទីតំាងមានដីល្អ មិននៅលើភ្នំទេជាដីល្អហើយជាដីដែលយើងអាចរៀបចំជាប្លង់រឹងជូនបងប្អូនបាន ។ ដូច្នេះមួយគឺនៅកន្លែងខុសច្បាប់ ទីពីរគឺមកកន្លែងដែលយើងធ្វើប្លង់អោយត្រូវច្បាប់ហើយមានគោលនយោបាយដោះស្រាយអោយ ដូច្នេះនេះជាគោលនយោបាយទន់ភ្លន់មែនទែន គួរតែទទួល ហើយភាគច្រើនបងប្អូនបានទទួលហើយ»។
វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ខូយ វីដា អភិបាលខេត្តពោធិ៍សាត់ ដើម្បីសុំការបំភ្លឺ ប៉ុន្តែមកដល់រសៀលថ្ងៃទី១៩ ខែមីនានេះ មិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។
ដោយឡែកលោក សួង សារ៉ាវុធ ប្រធានរដ្ឋបាលខេត្តពោធិ៍សាត់ បដិសេធក្នុងការអត្ថាធិប្បាយ ដោយលោកមិនច្បាស់ពីដំណើរការការងាររុះរើលំនៅឋានរបស់ពលរដ្ឋនៅតំបន់អន្ទង់អាំងឡើយ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី