ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី១៥មិថុនានេះ សម្តេច ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រតិភូប្រទេសអាល្លឺម៉ង់ អំពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីកិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ កុំឲ្យទទួលព័ត៌មានតែម្ខាងពីបក្សប្រឆាំង។ តែយ៉ាងនេះក្ដី គណបក្សសង្គ្រោះជាតិបានអះអាងថា ប្រតិភូអាល្លឺម៉ង់បានបញ្ជាក់ថា សិទ្ធិមនុស្ស និងអ្នកតំណាងរាស្ត្របក្សប្រឆាំងត្រូវទទួលបានការការពារ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបលោក Gerd Müller រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ នៅវិមានសន្តិភាពថ្ងៃពុធទី១៥មិថុនានេះ។
នៅក្នុងជំនួបនេះសម្តេច ហ៊ុន សែន បានសុំឱ្យលោក Gerd Müller ជួយធ្វើការកែទម្រង់ស្តីអំពីការទទួលបានព័ត៌មាន ជាពិសេសសហគមន៍អឺរ៉ុប(EU) កុំស្តាប់ និងទទួលតែព័ត៌មានពីខាងបក្សប្រឆាំងតែម្ខាង គឺត្រូវឱ្យស្គាល់ពីអង្គហេតុ និងអង្គច្បាប់អោយបានច្បាស់លាស់ ដើម្បីចៀសវាងការបកស្រាយខុស ជាពិសេសមកលើប្រទេសដែលមានអធិបតេយ្យភាពដូចកម្ពុជា។
លើសពីនេះសម្តេច ហ៊ុន សែន បានថ្លែងប្រាប់លោក Gerd Müller ថា បញ្ហាទាក់ទងនឹងបក្សប្រឆាំងគឺជារឿងបុគ្គល មិនត្រូវយកអង្គការចាត់តាំងនយោបាយ ឬយកអង្គការក្រៅរដ្ឋាភិបាលមកធ្វើជាអាវក្រោះការ ពារខ្លួននោះទេ។
សម្តេច បានបញ្ជាក់បន្ថែមថា លោក Gerd Müller បានកោតសសើរកម្ពុជាថា មានការរីកចម្រើន និងអភិវឌ្ឍខ្លាំងឡើងជាលំដាប់នៃកំណើនសេដ្ឋកិច្ចគួរអោយកត់សម្គាល់។ នេះបើតាមហ្វេសប៊ុក របស់សម្តេច ហ៊ុន សែនដែលបានមើលឃើញនៅថ្ងៃនេះ ។
តាមហ្វេសប៊ុករបស់សម្ដេច គឺលោក Gerd Müller បានធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជា ក្នុងគោលបំណងមួយចំនួន គឺទី១ ដើម្បីពិនិត្យមើលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អាល្លឺម៉ង់ និងទី ២ ដើម្បីជួបជា មួយគណបក្សប្រឆាំង ដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដនាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Gerd Müller ក៏បានជួបពិភាក្សាជាមួយអ្នកតំណាងគណបក្សសង្គ្រោះជាតិ នៅថ្ងៃដដែលនេះដែរ គឺនៅស្នាក់ការគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ ដែលលោក កឹម សុខា កំពុងសម្ងំលាក់ខ្លួននៅទីនោះពីការនាំខ្លួនដោយតុលាការ។
នៅក្នុងជំនួបនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សម្តែងក្តីបារម្ភពីវិបត្តិនយោបាយនៅក្នុងកម្ពុជាក្នុងរយៈពេលចុងក្រោយ ប្រាប់ទៅលោក Gerd Müller ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ។ លោក យឹម សុវណ្ណ បញ្ជាក់បន្ថែមថា លោក Gerd Müller រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ បញ្ជាក់ថា បញ្ហាអភ័ឯកសិទ្ធិអ្នកតំណាងរាស្ត្របក្សប្រឆាំង និងបញ្ហាសិទ្ធិមនុស្សគួរត្រូវបានទទួលបានការការពារ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានបញ្ជាក់ទៀតថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសុំឲ្យលោក Gerd Müller រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ ធ្វើយ៉ាងណាបើកកិច្ចប្រជុំអន្តរជាតិមួយ ដោយមានភាគីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលរួមដើម្បីពិភាក្សាគ្នាអំពីបញ្ហានយោបាយ។ លោក យឹម សុវណ្ណអះអាងថា លោក Gerd Müller បានសន្យាពាំនាំអំពីបញ្ហាស្ថានការណ៍នយោបាយកម្ពុជា ប្រាប់សហគមន៍អឺរ៉ុបមាន ២៨ ប្រទេស។ លោក យឹម សុវណ្ណ ៖«គណបក្សសង្គ្រោះជាតិក៏បានស្នើភាគីអាលឺម៉ង់ផងដែរគួរតែមានការប្រជុំ អន្តរជាតិមួយ ដើម្បីឲ្យភាគី ទាំងអន្តរជាតិ និងភាគីគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ចូលរួមដើម្បីជជែកគ្នាឲ្យមានភាពទូលំទូលាយ ឲ្យដឹងលឺជាលក្ខណៈអន្តរជាតិ»។
វត្តមានលោក Gerd Müller រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ នៅកម្ពុជា ពេលនេះ គឺមិនមែនជារឿងចៃដន្យនោះទេ ព្រោះកើតឡើងបន្ទាប់ពីសភាអឺរ៉ុប ប្រកាសព្រមានផ្ដាច់ជំនួយមកកាន់កម្ពុជា ខណៈបានទទូចឱ្យភាគីនយោបាយកម្ពុជា មករកតុចរចាឡើងវិញដើម្បីឱ្យកម្ពុជាមានបរិយាកាសមួយអព្យាក្រឹត្យ៕