ភ្នំពេញ៖ ស្រ្តីបម្រើការងារតាមផ្ទះមួយចំនួន មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តី ប.ស.ស សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នាថា អ្នកបម្រើការងារតាមផ្ទះមួយចំនួនធំលំបាកក្នុងការសុំថៅកែចុះបញ្ជី ប.ស.ស ជូនខ្លួនខ្លាំងណាស់ ដ្បិត ម្ចាស់ផ្ទះខ្លះគេចវេះ និងម្ចាស់ផ្ទះខ្លះចុះឱ្យក៏ពិតមែនតែបែរជាកាត់ប្រាក់ខែស្រ្តីបម្រើការងារទៅវិញសម្រាប់ប័ណ្ណ ប.ស.ស។ អ្នកធ្វើការក្នុងវិស័យនេះសង្កេតឃើញថា ម្ចាស់ផ្ទះជាជនបរទេសនៅកម្ពុជាបានចុះបញ្ជី ប.ស.ស ដោយមិនកាត់ប្រាក់ខែនោះទេ តែម្ចាស់ផ្ទះឬថៅកែជាជនជាតិខ្មែរទៅវិញនោះទេ ដែលតែងគេចវេសមិនចុះបញ្ជី ប.ស.ស ជូនកម្មករនិយោជិត និងខ្លះកាត់ប្រាក់ខែដើម្បីបង់វិភាគទាន ប.ស.ស។ ប្រឈមមុខនឹងបញ្ហានេះ ស្រ្តីធ្វើការតាមផ្ទះស្នើឱ្យមានកិច្ចអន្តរាគមន៍មានជាយន្តការតម្រូវឱ្យម្ចាស់ផ្ទះ ឬ ថៅកែត្រូវចុះបញ្ជី ប.ស.ស ដោយមិនប៉ះពាល់ប្រាក់ខែកូនឈ្នួលនៅឆ្នាំ២០២៥ខាងមុខនេះ។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរ៉ាយការណ៍
អ្នកស្រី លឹម គីមលៀង ជាអ្នកធ្វើការតាមផ្ទះមួយកន្លែងក្នុងរាជធានីភ្នំពេញផ្នែកអ្នកអនាម័យប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះរបស់អ្នកស្រីបានធ្វើប័ណ្ណ ប.ស.ស ឱ្យអ្នកស្រី ក៏ប៉ុន្តែម្ចាស់ផ្ទះកាត់ប្រាក់ខែចំនួនប្រហែល១៨ ០០០រៀល មកបង់ចូលថ្លៃប័ណ្ណ ប.ស.ស ជារៀងរាល់ខែ។ អ្នកស្រីបន្តថា ប្រសិនជាថៅកែមិនកាត់ប្រាក់ខែនោះទើបជាការល្អ ព្រោះអ្នកស្រីមានបន្ទុកចិញ្ចឹមកូនពីរនាក់ក្នុងគ្រួសារតែម្នាក់ឯង។
អ្នកស្រី លឹម គីមលៀង៖«គាត់កាត់៤ដុល្លារចុច៣សែន ល្អយ៉ាងណាទេបើសិនជាកុំកាត់ប្រាក់ខែវិញ ព្រោះអីយើងប្រាក់ខែវាតិច ហើយយើងចំណាយក្នុងគ្រួសារច្រើន ហើយណាមួយបន្ទុកគ្រួសារខ្ញុំម្នាក់ឯងទាំងអស់ អត់មានអ្នកណាជួយ បន្ទុកម្នាក់ឯង ប.ស.ស ផង ខ្លួនឯងផង និងជីវភាពខ្លួនយើងផងវាច្រើនមុខ វាខ្វះខាត»។
ដោយឡែកអ្នកស្រី យ៉ុង ស្រីមុំ អ្នកធ្វើការងារនៅផ្ទះផ្នែកអនាម័យដែលមានថៅកែជាជនបរទេសវិញប្រាប់វិទ្យុស្រ្តីថា អ្នកស្រីមានប័ណ្ណ ប.ស.ស ដោយម្ចាស់ផ្ទះបានចុះបញ្ជីនៅ ប.ស.ស ហើយថៅកែបង់ពេញថ្លៃដោយមិនកាត់ប្រាក់ខែរបស់អ្នកស្រីឡើយ។
រីឯស្រ្តីបម្រើការងារតាមផ្ទះមួយរូបទៀតគឺអ្នកស្រី មាស សុភា និងមានតួនាទីជាមេដោះដែលមានម្ចាស់ជាជនបរទេសឱ្យដឹងដែរថា អ្នកស្រីមិនទាន់មានប័ណ្ណ ប.ស.ស ទេ ព្រោះតែម្ចាស់ផ្ទះជាជនបរទេសរូបនោះមិនទាន់បានចុះបញ្ជីនៅ ប.ស.ស។ ត្រង់ចំណុចនេះអ្នកស្រីថា ខ្លួនធ្លាប់បានសុំឱ្យម្ចាស់ផ្ទះ ជួយទិញ ប.ស.ស ឱ្យផងដែរ តែថៅកែចេះតែពន្យាពេលជាង ២ ឆ្នាំមកហើយ។ យ៉ាងណាអ្នកស្រីគិតថា កត្តាដែលនាំឱ្យថៅកែមិនសូវអើពើទិញប័ណ្ណ ប.ស.ស ជូនអ្នកធ្វើការតាមផ្ទះគឺដោយសារតែជនបរទេសខ្លះស្នាក់នៅកម្ពុជារយៈពេលខ្លី។
អ្នកស្រី មាស សុភា៖«ដោយសារតែយើងStartជាមួយអឺរ៉ុបជួនកាលគេអត់នៅហ្នឹងស្ថិតស្ថេរទេ អ្នកខ្លះនៅបានមួយឆ្នាំ អ្នកខ្លះបានតែប៉ុន្មានខែ ប្រហែលគេគិតថាគេអត់ខ្វល់អ៊ីចឹង!»។
ដើម្បីទទួលបានការពិនិត្យជំងឺនិងព្យាបាលដោយឥតគិតថ្លៃអ្នកស្រីមាស សុភា ធ្លាប់បានទៅសុំចុះបញ្ជីនៅ ប.ស.ស ដោយខ្លួនឯងដែរ ក៏ប៉ុន្តែ ប.ស.ស មិនព្រមចុះឱ្យទេដោយលើកហេតុផលថា អ្នកស្រីមិនមែនជាបុគ្គលស្វ័យនិយោជន៍។ អ្នកស្រីសុភា ប្រាប់ថាអ្នកស្រីមានបំណងចង់បានប័ណ្ណ ប.ស.ស ប្រើប្រាស់ ព្រោះអ្នកស្រីដឹងថានឹងទទួលបានអត្ថប្រយោជន៍នានា ពេលជួបបញ្ហាគ្រោះថ្នាក់ការងារ និងឈឺស្កាត់ ដ្បិតមិនអស់ប្រាក់បង់ថ្លៃមន្ទីរពេទ្យ។
ក្នុងបទសម្ភាសជាមួយវិទ្យុស្រ្តី លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានឱ្យដឹងថា ស្រ្តីធ្វើការងារតាមផ្ទះមួយចំនួនធំភាគច្រើន បានទៅចុះឈ្មោះជាបុគ្គលស្វ័យនិយោជន៍ធ្វើប័ណ្ណ ប.ស.ស ដោយខ្លួនឯង ដោយប្រការនេះពួកគេទទួលអត្ថប្រយោជន៍ត្រឹមតែរបបថែទាំសុខភាពតែប៉ុណ្ណោះ។ លោកថាបើសិនជាម្ចាស់ផ្ទះមានឆន្ទៈចុះបញ្ជី ប.ស.ស ឱ្យកម្មករនិយោជិតរបស់ខ្លួន នោះពួកគេនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីរបបសន្តិសុខសង្គមមួយនេះ ដូចជា ការថែទាំងសុខភាព គ្រោះថ្នាក់ការងារ និងរបបសោធនជាដើម។
លោក វ៉ន ពៅ៖« ទីមួយយើងចង់ជំរុញឱ្យម្ចាស់ផ្ទះយល់ដឹងពីសារៈប្រយោជន៍នៃប.ស.ស កាលណាគាត់យល់ដឹងគាត់ត្រូវតែទៅចុះបញ្ជី ប.ស.ស សម្រាប់បុគ្គលិកអ្នកធ្វើការតាមផ្ទះឱ្យគាត់ នេះគឺជាចំណុចសំខាន់ណាស់ បើសិនគាត់មិនទៅចុះទេមានន័យថាគាត់ មិនមានទំនួលខុសត្រូវចំពោះបុគ្គលិក ឬអ្នកធ្វើការតាមផ្ទះឱ្យគាត់។សំខាន់មួយទៀតគឺតួអង្គរដ្ឋ ជាពិសេសក្រសួងការងារ និងប.ស.ស ត្រូវតែជំរុញទៅដល់ម្ចាស់ផ្ទះទាំងអស់ត្រូវមានកាតព្វកិច្ច ទៅចុះបញ្ជីបុគ្គលិករបស់ខ្លួននៅក្នុងប.ស.សដើម្បីទទួលបានធានារ៉ាប់រងផ្នែកសុខភាព ធានារ៉ាប់រងផ្នែកហានិភ័យការងារ និងធានារ៉ាប់រងសោធន ជាពិសេសសម្រាប់ស្រ្តីពេលលំហែមាតុភាព ឬស្ត្រីពេលឆ្លងទន្លេជាដើម អ៊ីចឹងត្រូវតែចុះដើម្បីទទួលបានអត្ថប្រយោជន៍សសម្រាប់ស្រ្តី»។
ទាក់ទងរឿងនេះលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមប្រាប់ថា ការចុះបញ្ជី ប.ស.ស រវាងម្ចាស់ផ្ទះ និងកម្មករនិយោជិតបម្រើក្នុងតាមផ្ទះនៅមានចំនួនតិចតួចនៅឡើយ ដោយសារស្ថានភាពការងារក្នុងវិស័យនេះមានបញ្ហាប្រឈមជាច្រើន។ បញ្ហានៅត្រង់ថា ពិបាកកំណត់អត្តសញ្ញាណនិយោជិត ពិសេសថៅកែខ្លះព្យាយាមគេចវេះមិនផ្តល់ព័ត៌មាន និងមិនគោរពកាតព្វកិច្ចជាម្ចាស់ផ្ទះចូលទៅចុះបញ្ជីជាមួយ ប.ស.ស។
សម្រាប់យន្តការដោះស្រាយបញ្ហាផ្តល់ប័ណ្ណ ប.ស.ស ជូនអ្នកបម្រើការងារតាមផ្ទះនេះលោកបណ្ឌិត ហេង សុផានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គមបាននឹងកំពុងពង្រឹងការងារអធិការកិច្ចរបស់ខ្លួន ដែលប្រើយន្តការនានាដែលមានស្រាប់ ពិសេសសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញម្ចាស់ផ្ទះ ឬសហគ្រាសខា្នតតូច ដែលមានកម្មករចាប់ពីម្នាក់ឡើងទៅត្រូវមកចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គមជាកាតព្វកិច្ច។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ៖«ទន្ទឹមនឹងនោះបេឡាជាតិសន្តិសុខសង្គម ប.ស.ស សូមអំពាវនាវដល់ម្ចាស់ផ្ទះដែលមានប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់សូមបំពេញកាតព្វកិច្ចចុះបញ្ជី និងបង់វិភាគទាន ប.ស.ស ដើម្បីនិយោជិតខ្លួនទទួលបានអត្ថប្រយោជន៍នានាពី ប.ស.ស ដូចជាកម្មករនិយោជិតក្នុងប្រព័ន្ធផ្សេងទៀតផងដែរ»។
អគ្គនាយករង ប.ស.ស បញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារមានសមាជិកសរុបប្រមាណ ២លាន ៧សែននាក់ ក្នុងនោះស្រ្តីមានចំនួនជាង ១លាន ៥សែននាក់។ ដោយឡែកម្ចាស់ផ្ទះដែលមានប្រើប្រាស់កម្មករនិយោជិតមានចំនួន ៣៨៦ បានមកចុះបញ្ជីជាមួយ ប.ស.ស និងមានអ្នកបម្រើការងារក្នុងផ្ទះចំនួន ៧៧២នាក់ ក្នុងនោះស្រ្តីជាង៥៦៧នាក់ ដែលមានប័ណ្ណ ប.ស.ស កំពុងទទួលបានអត្ថប្រយោជន៍របបសន្តិសង្គម។
ដោយឡែកតួលេខដែលផ្តល់ជូនពីលោក វ៉ន ពៅ វិញគឺសមាគម IDEA រកឃើញថា អ្នកធ្វើការតាមមានចំនួនដល់ ២១៩៩នាក់ ដោយក្នុងនោះមាន ៣០ភាគរយ បានចុះ ប.ស.ស ក្នុងនោះមាន ១០ភាគរយ ចុះដោយម្ចាស់ផ្ទះ និង២០ ភាគរយទៀតចុះដោយខ្លួនឯង៕