ភ្នំពេញ ៖ មន្ដ្រីនៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ ក្រោយពីចូលឆ្នាំខ្មែររួច ក្រសួងគ្រោងបញ្ចប់ការជុសជុលប្រាសាទបុរាណមួយចំនួន ហើយនឹងបន្ដការជុសជុលស្ពានបុរាណ រួមជាមួយប្រាសាទបុរាណសំខាន់ៗមួយចំនួនទៀតផងដែរ។
លោក លៀ ស៊ីណា រាយការណ៍ ៖

ក្នុងឱកាសប្រគល់ម៉ាស៊ីនព្រីនធ៍រ និងកុំព្យូទ័រ ចំនួន ០២គ្រឿង រួមទាំងថវិកាចំនួន ២លានរៀល ជូនដល់នាយកដ្ឋាននគរបាលបេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែមេសា នេះ លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងវប្បធម៌ នឹងបញ្ចប់ដំណើរជុសជុលប្រាសាទបុរាណមួយចំនួន ហើយនឹងបន្ដជុសជុលស្ពាន និងប្រាសាទបុរាណសំខាន់ៗមួយចំនួនទៀត ដែលកំពុងរងការខូចខាត។
លោក ប្រាក់ សុណ្ណារ៉ា បានប្រាប់បន្ដទៀតថា នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងវប្បធម៌ នឹងបញ្ចប់ដំណើរការជុសជុលទាំងស្រុង ប្រាសាទបាសែត ដែលជាប្រាសាទបុរាណមានវ័យចំណាស់ ស្ថិតក្នុងខេត្ដបាត់ដំបងកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី០១។ ក្រោយពីបញ្ចប់ការជុសជុលប្រាសាទនេះ ក្រសួងវប្បធម៌ នឹងចាប់ផ្ដើមជុសជុលស្ពានទ័ព ដែលជាបុរាណមួយ ស្ថិតក្នុងខេត្ដឧត្ដមានជ័យ ក្រៅពីនេះក្រសួងក៏នឹងបន្ដសកម្មភាពជុសជុសប្រាសាទបន្ទាយឆ្មា ដែលជុសកន្លងមកហើយនោះបន្ថែមទៀត។ លោកបញ្ជាក់ថា ចំពោះប្រាសាទបន្ទាយឆ្មានេះ គឺនឹងត្រូវជុសជុសទៅតាមដំណាក់កាល ព្រោះប្រាសាទនេះ មានកន្លែងជាច្រើនដែលរងការខូចខាត។
លោក ប្រាក់ សុណ្ណារ៉ា ៖«ប្រាសាទបន្ទាយឆ្មានេះ យើងមិនអាចធ្វើមួយឆ្នាំ ឬ២ឆ្នាំចប់ទេ។ យើងចាបផ្ដើមធ្វើជាច្រើនឆ្នាំហើយ ដូច្នេះយើងធ្វើពីមួយឆ្នាំ ទៅមួយឆ្នាំដោយសារទំហំ នៃប្រាសាទបន្ទាយឆ្មាវាធំ ហើយការខូចខាតរបស់យើងក៏វាច្រើនដែរ»។
អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានប្រាប់ឲ្យដឹងបន្ដទៀតថា កាលពីឆ្នាំ២០១៧ មូលនិធិអង្គរ របស់ក្រសួងវប្បធម៌ បានបញ្ចប់ការជុសជុលប្រាសាទបន្ទាយទ័ព ស្ថិតក្នុងខេត្ដបន្ទាយមានជ័យជាស្ថាពរ ហើយនៅក្នុងឆ្នាំ២០១៨នេះ ក្រសួងនឹងបន្ដជុសជុលប្រាសាទព្រះសម្ដី ស្ថិតក្នុងខេត្ដត្បូងឃ្មុំ ក៏ដូចជាប្រាសាទ និងព្រះវិហារបុរាណមួយចំនួនទៀតផងដែរ។
លោក ប្រាក់ សុណ្ណារ៉ា ៖«ប្រាសាទព្រះសម្ដីនេះ នឹងត្រូវធ្វើការជុសជុលនៅក្រោយចូលឆ្នាំ ហើយក្រៅពីនេះទៀតយើងបានធ្វើការជុសជុលព្រះវិហារបុរាណរបស់យើង គឺនៅវត្ដរង្សី ហៅថា វត្ដចិនដំដែកខាងជើង ជិតបញ្ចប់ហើយដែរ ហើយមួយទៀតគឺថវិកាមូលនិធិដែរ គឺកំពូលសារពើសូត្រ នៃសារៈមន្ទីរជាតិភ្នំពេញ ហើយគឺប្រាសាទមួយទៀតនៅខេត្ដព្រះវិហារ គឺប្រាសាទបាកាន»។
សូមជម្រាបថា ចំពោះថវិកាដែលយកមកបម្រើឲ្យការជុសជុលប្រាសាទបុរាណឡើងវិញនេះ គឺជាការផ្ដល់ដោយរាជរដ្ឋាភិបាលក្នុងបំណងថែរក្សាសម្បត្ដិបេតិកភណ្ឌជាតិឲ្យបានគង់វង្ស។ អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បញ្ជាក់ថា ថវិកាដែលរដ្ឋាភិបាលបានផ្ដល់ជូនក្រសួងវប្បធម៌ ក្នុងកិច្ចជុសជុលប្រាសាទបុរាណក្នុងឆ្នាំ២០១៨នេះ មានការកើនឡើងជាងកាលពីឆ្នាំ២០១៧៕